publication

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែតុលា ឆ្នាំ២០១៤



Image
រូបថត: Linna Ky/ធនាគារពិភលោក

ផ្នែកសំខាន់ៗនៃរបាយការណ៍
  • កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានកម្រិតខ្ពស់ដដែល ទោះបីជាបណ្តាប្រទេសជិតខាងកំពុងមានភាពមិនប្រាកដប្រជា និងអស្ថេរភាពក៏ដោយ ហើយកំណើននេះ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់ ៧,២ភាគរយ នៅចុងឆ្នាំ ២០១៤។
  • ភាពក្រីក្របន្តធ្លាក់ចុះដល់ ១៨,៦ភាគរយ នៅក្នុងឆ្នាំ ២០១២ ដោយសារតែមានកំណើនរឹងមាំ ក៏ប៉ុន្តែ វាមានល្បឿនយឺតជាងកំណើននៅចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១ ពេលដែលកំណើននេះ ត្រូវបានពង្រឹងតាមរយៈការបង្កើនតម្លៃអង្ករអន្តរជាតិ។
  • កម្ពុជាបានជាប់លំដាប់ថ្នាក់លើគេផែ្នកកំណើនសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៧,៧ភាគរយ ក្នុងរយៈពេលពីរទសវត្ស ដែលបច្ចុប្បន្ននេះបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលរីកលូតលាស់លឿនជាងគេទី ៦ នៅក្នុងពិភពលោកក្នុងកំឡុងពេលនោះ។

ផ្នែក​សំខាន់៖

  • ទោះបីជា​កត្តា​ដែល​នាំ​ឲ្យ​រីកលូតលាស់​នៅបន្ត​មាន​ជាធម្មតា​ក្តី ក៏ទំហំ​នៃ​កំណើន​នេះ​មាន​ការ​ប្រែ​ប្រួល​ដែរ។ វិស័យ​កាត់ដេរ នៅតែជា​ក្បាលម៉ាស៊ីន​នៃកំណើន​ដ៏សំខាន់មួយ​របស់កម្ពុជា ចំណែក​ឯ​​វិស័យ​សំណង់​បាន​នាំមុខ​វិស័យ​ទេសចរណ៍ដែលកំពុងធ្លាក់ចុះ និង​វិស័យ​​ដំណាំ គឺជា​ចលករ​កំណើន​ដ៏​សំខាន់បំផុត​ទីពីរ។
  • កំណើន​សេដ្ឋកិច្ច​ដ៏ល្អ​​ដែល​បន្ត​កើនឡើង​សម្រាប់​ឆ្នាំនេះ សម្រេចបានដោយ​សារតែ​ការអនុវត្តវិស័យ​ខាងក្រៅ​បាន​ល្អតាមរយៈលំហូរ​ចូល​នៃ​វិនិយោគទុនផ្ទាល់ពីបរទេសកើនឡើង​ ដែល​ជួយ​ទ្រទ្រង់​យ៉ាង​ច្រើនដល់ឱនភាពគណនីចរន្ត ចូល​រួម​ចំណែក​ក្នុងការបង្កើន​ធនធាន​បម្រុងអន្តរជាតិ។
  • ទោះបីជាអតិផរណា​មាន​ការកើនឡើង​បន្តិច​បន្តួចក្តី ក៏​ស្ថេរភាព​ថ្លៃ​នៅ​ស្ថិត​ក្នុង​កម្រិត​មួយដែល​អាច​ទទួលយក​បាន​ ដែល​គាំទ្រ​ដល់​ការ​ពង្រីក​វិសាលភាព​នៃ​សេដ្ឋកិច្ច និងគាំទ្រដល់​ការកាត់​បន្ថយ​ភាពក្រីក្រ។
  • កំណើន​នៃ​ប្រាក់​បញ្ញើរបស់វិស័យ​​ឯកជន បាន​កើន​ឡើង​យ៉ាង​លឿន​ដោយសារតែមានភាព​ជឿជាក់​ឡើវិញលើ​សេដ្ឋកិច្ច ដែល​រួមចំណែក​ធ្វើ​ឲ្យ​​មាន​ស្ថេរភាព​កាន់តែច្រើនឡើង​នៅក្នុង​វិស័យ​ធនាគារ​។
  • ផ្នែក​សារពើពន្ធ​ ត្រូវបាន​ពង្រឹង​បន្ថែម​ ដោយសារ​ការគ្រប់គ្រង​ប្រាក់ចំណូល​មាន​ការកែលម្អ ផ្តល់​នូវ​ហិរញ្ញប្បទានបន្ថែម​សម្រាប់គាំទ្រ​ដល់​ការចំណាយ​សាធារណៈ​ចាំបាច់ដែល​កំពង់​កើន​ឡើង ដោយ​មិនធ្វើ​ឲ្យ​ប៉ះពាល់ដល់​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​។
  • កម្ពុជា​បាន​ជាប់លំដាប់ថ្នាក់លើគេ​ផែ្នកកំណើន​សេដ្ឋកិច្ច។​ កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា​ បាន​កើន​ឡើង​ក្នុង​អត្រាជាមធ្យមប្រចាំឆ្នាំ ៧,៧ភាគរយ ក្នុង​រយៈពេល​ពីរ​ទសវត្ស ដែល​បច្ចុប្បន្ន​នេះបាន​ធ្វើ​ឲ្យ​កម្ពុជា​ ក្លាជា​ប្រទេស​ដែល​​រី​ក​លូត​លាស់​លឿន​ជាងគេទី ៦ នៅក្នុ​ងពិភពលោក​ក្នុង​កំឡុង​ពេល​នោះ។​ កំណើន​ដ៏ខ្ពស់​នៃសេដ្ឋកិច្ច​របស់កម្ពុជា មាន​លក្ខណៈគួរឲ្យ​ចាប់​អារម្មណ៍កាន់តែ​ខ្លាំងឡើង ដោយសារតែកម្ពុជា​មាន​ភាពធន់​ ដោយថែរក្សា​បាននូវ​កំណើនមួយ​ថេរបង្គួរក្នុង​កំឡុងពេល​នេះ។ កំណើន​នេះ បាន​ដាក់កម្ពុជា​នៅដោយ​ឡែក​ពី​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ហ្គីនី​អេក្វាទ័រ លីបេរី អង់​ហ្គោឡា និងខេបវើដ ដែល​ស្ថិតក្នុង​ចំណោមប្រទេស​ចំនួន ៥ លើគេ​ដែល​មានការរីកលូត​លាស់​លឿនជាងគេបំផុត នៅក្នុងរយៈពេល​ ២០ឆ្នាំ កន្លងទៅ ក៏ប៉ុន្តែ មិនធ្លាប់ជួបប្រទះ​កំណើនថេរបែបនេះទេ។ កំណើន​នេះ​ បាន​ដាក់កម្ពុជានៅក្នុង​ចំណោម​ក្រុ​មមួយ​ដែលមាន​ប្រទេសចំនួន ៨ គឺ​ «ក្រុម​ប្រទេសដែលមានកំណើន​លឿន»។ ប្រទេសក្នុង​តំបន់​ដទៃទៀត នៅក្នុង​ក្រុម​ដែល​បាន​ជ្រើសរើសនេះ មាន ប្រទេសចិន ឡាវ និងវៀតណាម។

ទស្សនៈវិស័យ

  • ទស្សនៈវិស័យ​សម្រាប់កំណើន ទំនង​ជាអាច​សម្រេចបាន​ដោយ​សារស្ថេរភាព​នយោបាយ​ក្នុង​ស្រុក​មាន​ឡើង​វិញ មាន​ភាព​ល្អប្រសើរ​ឡើង​វិញ​នៅ​សហរដ្ឋអាមេរិក និងការមានស្ថេរភាព​ឡើង​វិញ​នៅក្នុង​ប្រទេសថៃ ទាំងអស់នេះ បានគាំទ្រ​ធ្វើឲ្យ​ ផសស កើនឡើងដល់ ៧,៥ភាគរយ​ នៅក្នុង​ឆ្នាំ ២០១៥ ប្រហាក់ប្រហាក់​នឹង​កំណើន​នៅក្នុង​ឆ្នាំ ២០១៣​ដែរ។
  • ក៏ប៉ុន្តែ មាន​ហានិភ័យ​ច្រើន​ទាក់ទងទៅនឹង​កំណើន​ដែលបាន​ព្យា​ករណ៍ទុក៖ ភាព​វឹកវរ​ក្នុង​ចំណោម​ពលករ​ដែល​កើតមានឡើង​វិញ​ពាក់ព័ន្ធនឹង​រឿង​នយោបាយ ទឹកជំនន់ដែលបណ្តាល​មក​ពី​ទឹកភ្លៀង​ប្រចាំឆ្នាំ ការធ្លាក់ចុះបន្ថែម​ទៀតនៃ​តម្លៃ​អង្ករ និង​ភាព​មិនប្រាកដ​ប្រជា​ខាងនយោបាយ​នៅក្នុង​តំបន់​ដែ​លអាចនឹងកើតមាន។

បញ្ហាប្រឈមដែលកំពុងកើតមាន និង​អនុសាសន៍៖

  • តើកម្ពុជាអាច​ថែរក្សា​និងជំរុញ​កំណើន​សេដ្ឋកិច្ច​ ព្រមទាំង​កាត់បន្ថយ​ភាព​ក្រីក្រ​បន្ថែមទៀ​ត​បាន​ដោយ​របៀបណា? បញ្ហាប្រឈម​សំខាន់​ នឹង​ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​និង​វិស័យ​ទេសចរណ៍​សាជាថ្មី៖
    • កំណើន​ផលិតកម្មអង្ករ បាន​ធ្លាក់ចុះ​ចាប់តំាងពី​ឆ្នាំ ២០១២ មក និង​ដោយសារ​តែ​មាន​កត្តា​រារាំងផ្នែក​ផ្ទៃដី​ដាំដុះ ការវិល​មក​រកភាព​ល្អ​ប្រសើរឡើង​វិញនឹង​ពឹង​ផ្អែកចាប់ពី​ពេល​នេះតទៅលើកំណើន​នៃ​ផលិតភាពនិងគុណភាពអង្ករ ច្រើនជាងពឹងផ្អែក​ការ​ពង្រីកផ្ទៃដី​ដាំដុះ។ ក្រៅពីនេះ ​ការកែល​ម្អ​ការកិន​ស្រូវ​និង​ថ្លៃចំណាយ​ផ្នែក​ភស្តុភារ នឹង​ជួយ​កម្ពុជាជិត​សម្រេច​បាន​គោល​ដៅ​របស់​ខ្លួនដែល​កំណត់​នាំចេញអង្ករឲ្យ​បាន​មួយលាន​តោន​។
    • ការកែលម្អការដឹក​ជញ្ជូន​តាមផ្លូវថ្នល់ ព្រមជាមួយនឹងការសម្របសម្រួលកាន់តែច្រើន​ឡើង​ថែម​ទៀត​លើ​កិច្ច​ខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាល​ថ្នាក់​មជ្ឈឹម​និង​ថ្នាក់មូលដ្ឋាន វិស័យឯកជននិង​សហគមន៍មូលដ្ឋាន នឹង​ជួយ​បង្កើន​ភាព​ផ្សេងៗគ្នា​នៃ​គោលដៅ​​របស់អ្នកទេសចរ ក្រៅពី​ទៅទស្សនាសួន​ស្ថាបត្យកម្មអង្គរ ឲ្យមក​ទស្សនា​តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​វិញ។
  • ការ​ជួយ​គាំទ្រដល់​កំណើន​នៃ​វិស័យ​កម្មន្តសាល ក៏នឹង​មាន​ឥទ្ធិពល​ផងដែរ​ក្នុង​ការ​ថែរក្សានិង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ របាយការណ៍​វាយ​តម្លៃ​លើ​បរិយាកាសវិនិយោគដែលនឹង​ជិតចេញផ្សាយ​ក្នុង​ពេល​ឆាប់ៗខាងមុខ​ បាន​បង្ហាញ​ថា កត្តា​រារាំង​សំខាន់​ៗ​ចំពោះក្រុមហ៊ុន​នានា គឺបញ្ហា​តម្លៃអគ្គិសនី និង​ការទទួល​បាន​អគ្គិសនីប្រើប្រាស់ ការចំណាយ​ក្រៅផ្លូវការ និងប្រព័ន្ធ​ដែល​គ្មាន​លក្ខណៈ​ប្រកួត​ប្រជែង។ តំបន់សេដ្ឋកិច្ចពិសេស ដែល​មានគោលបំណង​ផ្តល់​នូវ​​បរិយាកាស​ពាណិជ្ជកម្ម​មួយ​ដែល​ល្អ​ប្រសើរនោះ មិន​ទាន់បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ដែល​អ្នក​វិនិយោគទុន​បរទេស​​រំពឹង​ចង់​បាន​នោះទេ។  កំណើន​នាពេល​បច្ចុប្បន្ន​ បង្ហាញ​ឲ្យ​ឃើញ​អំពី​កាលានុវត្តភាពមួយ​ដើម្បី​​ធ្វើឲ្យ​ប្រសើរឡើងដល់​បរិយាកាស​ពាណិជ្ជកម្ម តាមរយៈដោះស្រាយ​បញ្ហា​តម្លៃ​អគ្គិសនី​ដែល​មាន​កម្រិត​ខ្ពស់ប្រកបដោយ​តម្លាភាព ការបន្ត​ភាព​ស្វ័យ​ប្រវត្តិនៃដំណើរការ​ពាណិជ្ជកម្ម ការកែលម្អ​ការសម្រប​សម្រួល​ផ្នែក​ពាណិជ្ជកម្ម ការបង្កើន​ភាព​ទាក់ទាញ​នៃ​តំបន់សេដ្ឋកិច្ច​ពិសេស ការបញ្ចប់​ច្បាប់​ស្តីពី​ការ​ប្រកួតប្រជែង និងច្បាប់ស្តីពី​វិនិយោគទុន ដែលលើកកម្ពស់​ដល់​បរិយា​កាស​វិនិយោគ និងការធ្វើ​ឲ្យងាយស្រួល​ដល់​ការចុះបញ្ជី​ពាណិជ្ជកម្ម។ ដើម្បី​ទាក់ទាញ​វិនិយោគទុនបរទេស​បន្ថែម ឲ្យ​​ផ្លាស់ប្តូរ​ទីតាំង​​ចេញពី​ប្រទេស​ជឿន​លឿន​នៅក្នុង​តំបន់​ វាក៏​ជាបញ្ហា​សំខាន់​ផង​ដែរក្នុងការ​ថែរក្សាស្ថេរភាព​នយោបាយ និង​មានសារៈសំខាន់​ដើម្បី​ឈាន​ដំណើរកា​រមួយ​ដែល​មាន​ភាព​ច្បាស់​លាស់និងមាន​តម្លាភាព​ ទាក់ទង​ទៅនឹង​ការចរចារត្រី​ភាគីអំពី​ប្រាក់បៀវត្សរ៍អប្បបរមា​​ សម្រាប់​វិស័យ​កាត់ដេរ។
  • ការថែរក្សា​ស្ថេរភាព​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ តាមរយៈការ​បង្កើនការ​ត្រួ​តពិនិត្យ​លើ​វិស័យ​ធនាគារ នឹងជួយ​ទប់ស្កាត់​ការកើនឡើង​មិនសូវ​ល្អ​នៃវិស័យ​សំណង់​និង​អចលនទ្រព្យ។
  • ពិសេសជាងនេះទៀត ការបង្កើន​ទុនវិនិយោគ ការធ្វើកំណែ​ទម្រង់​រចនាសម្ព័ន្ធ​ស៊ីជម្រៅ និង​ការ​កែលម្អការអប់រំ​ក្នុង​ប្រព័ន្ធ​និងវិជ្ជាជីវៈ នឹង​ជួយ​កម្ពុជាឲ្យ​វិល​ត្រឡប់​ទៅរក​កំណើន​មួយ​ដែល​ខ្ពស់​ជាង​នេះ។
  • ការបង្កើត​របៀបវារៈកំណែទម្រង់​ជាក់លាក់​ ដែល​មាន​គោលដៅ​ផ្សាភ្ជាប់​ទៅនឹងកំណែទម្រង់​អាទិភាព​ និងក្រមខ័ណ្ឌ​ត្រួតពិនិត្យ​មួយដែល​រឹងមាំ នឹង​ជួយ​​លើកកម្ពស់​ប្រសិទ្ធិភាពនៃ​ការអនុវត្ត​របស់​រដ្ឋាភិបាល។

 







ពហុសារព័ត៌មាន