- add-style
- font-medium
- lp-body-content
សេដ្ឋកិច្ចក្នុងតំបន់មានកំណើនអាស្រ័យដោយតម្រូវការក្នុងស្រុករើបឡើងវិញ
ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ — របាយការណ៍របស់ធនាគារពិភពលោកបាននិយាយនៅថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនបានស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២២ ពីការប៉ះទង្គិចដោយសារជំងឺកូវីដ-១៩ ខណៈដែលប្រទេសចិនបានបាត់បង់សន្ទុះរបស់ខ្លួនដោយសារតែការបន្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគនេះ។
ទៅថ្ងៃមុខទៀត សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចចុះខ្សោយវិញដោយសារការធ្លាក់ចុះនៃតម្រូវការសកល, ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update) កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥,៣% ក្នុងឆ្នាំ២០២២ ពី ២,៦% ក្នុងឆ្នាំ២០២១។ ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២,៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨,១% ក្នុងឆ្នាំ២០២១។ របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូល កំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,២% ក្នុងឆ្នាំនេះ ពី ៧,២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦% វិញនៅឆ្នាំក្រោយ។
លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “សេដ្ឋកិច្ចកំពុងតែស្តារស្ថានភាពឡើងវិញហើយនៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ទន្ទឹមគ្នានឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរនូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។”
កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនសម្រេចបានអាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។ ប្រទេសចិន ដែលសេដ្ឋកិច្ចមានទំហំប្រហែល ៨៦% នៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ដែល ជាលទ្ធផល បង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ។
ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមធ្វើឱ្យធ្លាក់ដែរនូវតម្រូវការសម្រាប់ការនាំចេញរបស់តំបន់នូវទំនិញវត្ថុធាតុដើម និងទំនិញរោងចក្រ។ ការកើនឡើងអតិផរណានៅបរទេសបានរុញអត្រាការប្រាក់ឡើងដែរ ដែលជាហេតុធ្វើឱ្យមានការហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្នុងប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមួយចំនួន។ ការវិវត្តទាំងនេះបានបង្កើនបន្ទុករបស់សេវាទូទាត់បំណុល និងបង្រួញលំហសារពើពន្ធ បង្កើនការលំបាកដល់បណ្តាប្រទេសដែលមានបន្ទុកបំណុលខ្ពស់ស្រាប់ នៅពេលជំងឺរាតត្បាតមកដល់។
នៅពេលដែលប្រទេសក្នុងតំបន់ស្វែងខិតខំរកវិធីការពារគ្រួសារទូទៅ និងក្រុមហ៊ុនពីការឡើងថ្លៃខ្ពស់របស់ម្ហូបអាហារ និងថាមពល វិធានការគោលនយោបាយបច្ចុប្បន្នបាននាំមកនូវភាពធូរស្រាលចាំបាច់ច្រើនមែន ប៉ុន្តែជាមួយគ្នានោះ វាក៏ធ្វើឱ្យគោលនយោបាយដែលខូចទ្រង់ទ្រាយស្រាប់កាន់តែខូចថែមទៀតដែរ។ ការគ្រប់គ្រងលើតម្លៃម្ហូបអាហារ និងការឧបត្ថម្ភធនដល់ផ្នែកថាមពលផ្តល់ផលចំណេញដល់អ្នកមាន ហើយបង្វែរការចំណាយរបស់រដ្ឋាភិបាលចេញពីវិស័យផ្សេងៗវិញ មានផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និ អប់រំ ជាដើម។ ការអូសបន្លាយភាពអនុគ្រោះមិនចាត់ការតាមបទប្បញ្ញត្តិធនាគារ ដែលមានគោលបំណងសម្រួលការផ្តល់ប្រាក់កម្ចីក្នុងអំឡុងពេលមានជំងឺរាតត្បាត អាចធ្វើឱ្យគាំងធនធានសម្រាប់ក្រុមហ៊ុនដែលរកស៊ីខាត ហើយបង្វែរដើមទុនចេញពីវិស័យឬអាជីវកម្មដែលមានសក្តានុពលខ្លាំង ទៅវិញ។
លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកនៃធនាគារពិភពលោក មានប្រសាសន៍ថា៖ “អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងថ្នូរដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយបញ្ហាអតិផរណា និងការត្រូវជួយ(អន្តរាគមន៍)ឱ្យសេដ្ឋកិច្ចងើបឡើងវិញ។ វិធានការគ្រប់គ្រងនិងការឧបត្ថម្ភធន ធ្វើឱ្យព័ត៌មានតម្លៃមានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះ គោលនយោបាយកាន់តែល្អសម្រាប់ស្បៀងអាហារ ឥន្ធនៈ និងហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង។
Kym Smithies
Kym Smithies
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style