សេចក្តីប្រកាសព័ត៌មាន

បរិយាកាសផ្នែកធុរកិច្ចនៅកម្ពុជា មានភាពប្រសើរ ហើយទំនុកចិត្តលើថាមពលអគ្គិសនី និងភាពងាយស្រួលក្នុងការចាប់ផ្តើមធុរកិច្ច ត្រូវបានគេចាត់ទុកថាជាកំណែទម្រង់គន្លឹះ

28 តុលា 2015


តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក រៀបចំទទួលប្រទេសមួយចំនួនដែលមានធុរកិច្ចល្អជាងគេបំផុតនៅលើពិភពលោក

ភ្នំពេញ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ - របាយការណ៍ថ្មីមួយរបស់ក្រុមធនាគារពិភពលោក បានរកឃើញថា ប្រទេសកម្ពុជា បានបន្តធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងដល់បរិយាកាសផ្នែកធុរកិច្ចរបស់ខ្លួនក្នុងរយៈពេលកន្លងមក។ ក្នុងចំណោមប្រទេសចំនួន ១៨៩ កម្ពុជា បច្ចុប្បន្ន ត្រូវបានគេចាត់ចំណាត់ថ្នាក់លេខរៀងទី១២៧។

សម្រាប់រយៈពេល ១០ឆ្នាំជាប់ៗគ្នា ប្រទេសសឹង្ហបូរី ស្ថិតនៅលេខរៀងលំដាប់ទី១ នៅលើពិភពលោក នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមធនាគារពិភពលោកស្តីពីភាពងាយស្រួលនៃការធ្វើធុរកិច្ច។ ក្នុងចំណោមប្រទេសចំនួន២០ដែលស្ថិតនៅលំដាប់ថ្នាក់លើគេនោះមាន ប្រទេសញូហ្ស៊ីលែន (ស្ថិតនៅលំដាប់លេខរៀងទី២) សាធារណៈរដ្ឋកូរ៉េ (លេខរៀងទី៤) ចិនហុងកុង (លេខរៀងទី៥) ចិនតៃវ៉ាន់ (លេខរៀងទី១១) អូស្ត្រាលី (លេខរៀងទី១៣) និងម៉ាឡេស៊ី (លេខរៀងទី ១៨)។

របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃនេះ ដែលមានចំណងជើងថា ការធ្វើធុរកិច្ច ឆ្នាំ២០១៦ ៖ ការវាស់វែងអំពីគុណភាពនិងប្រសិទ្ធិភាព បានរកឃើញថា តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជាតំបន់តំណាងទីពីរ បន្ទាប់ពីតំបន់អឺរ៉ុប នៅក្នុងចំណោមប្រទេសចំនួន២០ ដែលស្ថិតនៅលំដាប់លេខរៀងលើគេនៅលើពិភពលោក។ លើសពីនេះទៀត ភាគច្រើននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កំពុងតែចាប់ផ្តើមធ្វើកំណែទម្រង់ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងថែមទៀតលើលក្ខខណ្ឌនៃបទបញ្ជាសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម។ ក្នុងឆ្នាំកន្លងទៅ ៥២ភាគរយនៃប្រទេស1ចំនួន ២៥នៅក្នុងតំបន់នេះ បានធ្វើកំណែទម្រង់បានចំនួន ២៧ ដើម្បីបង្កលក្ខណៈឲ្យកាន់តែងាយស្រួលដល់ការធ្វើធុរកិច្ច។

ដោយប្រើប្រាស់វិធិសាស្រ្តគណនាប្រៀបធៀប កម្ពុជាមានចំណាត់ថ្នាក់ទី១២៧ ក្នុងចំណោម១៨៩ប្រទេសក្នុងឆ្នាំ២០១៥ ពីចំណាត់ថ្នាក់ទី១៣៣ក្នុងឆ្នាំ២០១៤។  កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរប៉ុណ្ណោះនៅលើពិភពលោកដែលបានធ្វើកំណែទម្រង់ចំនួនមួយដោយបានកែលម្អផ្នែកទំនុកចិត្តនៃការផ្គត់ផ្គង់អគ្គិសនី។ កម្ពុជាក៏បានកែលម្អផងដែរលើរយៈពេលដែលត្រូវចំណាយដើម្បីចាប់ផ្តើមធុរកិច្ចមួយ និងបានកាត់បន្ថយចំនួននៃនីតិវិធីដែលចាំបាច់។ នាពេលអនាគត កម្ពុជានឹងមានឱកាសធ្វើឲ្យប្រសើរលើបរិយាកាសធុរកិច្ចបន្ថែមទៀត ជាពិសេសការលុបចោលលក្ខខណ្ឌតម្រូវឲ្យមានដើមទុនអប្បបរមាដើម្បីចាប់ផ្តើមដំណើរការធុរកិច្ចថ្មីមួយ។

លោក អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាមានការរីកចម្រើនច្រើនក្នុងការជំរុញធ្វើឲ្យបរិយាកាសផ្នែកធុរកិច្ចមានលក្ខណៈកាន់តែល្អប្រសើរជាងមុន។ ភាពរីកចម្រើនទាំងនេះ នឹងជួយកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការលើកកម្ពស់ការវិនិយោគលើផ្នែកធរុកិច្ច និងការបង្កើតការងារធ្វើ។”

ប្រទេសជាច្រើនដែលស្ថិតក្នុងក្រុមដែលទទួលបានប្រាក់ចំណូល បានធ្វើកំណែទម្រង់ ដែលរួមមាន ប្រទេសវៀតណាម (បានធ្វើកំណែទម្រង់ចំនួន ៥) ចិនហុងកុង (បានធ្វើកំណែទម្រង់ចំនួន ៤) និងឥណ្ឌូណេស៊ី (បានធ្វើកំណែទម្រង់ចំនួន ៣)។ ឧទាហរណ៍ នៅប្រទេសឥណ្ឌូណេស៊ី ប្រព័ន្ធតាមអ៊ីនធើណេតមួយ ត្រូវបានដាក់ឲ្យដំណើរការសម្រាប់ការបង់វិភាគទានសន្តិសុខសង្គម បង្កលក្ខណៈងាយស្រួលដល់ការបង់ពន្ធ។ កំណែទម្រង់នៅក្នុងប្រទេសវៀតណាម រួមមាន ការធានាដល់អ្នកខ្ចីប្រាក់ឲ្យមានសិទ្ធិក្នុងការត្រួតពិនិត្យទិន្នន័យឥណទានរបស់ខ្លួន និងការិយាល័យឥណទានដែលទើបបង្កើតថ្មី បានបង្កើនចំនួនអ្នកខ្ចី។ ដោយសារតែការពង្រីកវិសាលភាពនេះហើយ (ដែលស្ថិតនៅក្នុងកម្រិតដូចគ្នាជាមួយនឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន) ទើបអាជីវកម្មខ្នាតតូចនៅវៀតណាមដែលមានសាវតារហិរញ្ញវត្ថុល្អ បច្ចុប្បន្ន ទំនងជាទទួលបានទំនុកចិត្តឲ្យក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុ ដែលអាចវាយតម្លៃបានយ៉ាងត្រឹមត្រូវលើភាពមានទំនុកចិត្តរបស់ខ្លួន។

ចំនួនកំណែទម្រង់ដែលខ្ពស់ជាងគេបំផុត ដែលបានកត់ត្រានៅក្នុងឆ្នាំកន្លងទៅ គឺទាក់ទងទៅនឹងផ្នែក ចាប់ផ្តើមធ្វើធុរកិច្ច។ ប្រទេសមីយ៉ាន់ម៉ា មានការកែលម្អច្រើនជាងគេបំផុតនៅលើពិភពលោក ដោយបានលុបបំបាត់ចោល​នូវលក្ខខណ្ឌតម្រូវឲ្យមានដើមទុនអប្បបរមាសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងដោយបានធ្វើឲ្យកាន់តែល្អប្រសើរឡើងលើនីតិវិធីរួម ដើម្បីជួយដល់សហគ្រាសខ្នាតតូចសន្សំពេលវេលានិងធនធានដ៏មានតម្លៃ។ នៅប្រទេសប្រ៊ុយណេ ដារូសាឡាម ដែលបានធ្វើកំណែទម្រង់លើនីតិវិធីរួមផងដែរនោះ រយៈពេលជាមធ្យមសម្រាប់ការចាប់ផ្តើមធ្វើធុរកិច្ចមួយ បានកាត់បន្ថយពី១០៤ថ្ងៃ មកនៅ១៤ថ្ងៃ នៅក្នុងឆ្នាំចុងក្រោយនេះ ដែលនេះជាលទ្ធផលនៃការកែលម្អនីតិវិធីតាមប្រព័ន្ធអ៊ីនធើណេត និងការធ្វើឲ្យមានភាពងាយស្រួលដល់លក្ខខណ្ឌក្នុងការចុះបញ្ជី និងក្រោយការចុះបញ្ជី។

ក៏ប៉ុន្តែ ទោះបីជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កំពុងតែឆ្លើយតបបន្តិចម្តងៗទៅនឹងការអនុវត្តល្អបំផុតតាមបទបញ្ជាក្តី ក៏បញ្ហាប្រឈមជាច្រើននៅតែមាន ជាពិសេសទាក់ទងទៅនឹងការដោះស្រាយភាពក្ស័យធន់ ការពង្រឹងការអនុវត្តកិច្ចសន្យា និងការចុះបញ្ជីទ្រព្យសម្បត្តិ។ ទាក់ទងទៅនឹងការចុះបញ្ជីទ្រព្យសម្បត្តិ សហគ្រិនម្នាក់នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកត្រូវការពេលវេលាជាមធ្យមចំនួន៧៤ថ្ងៃដើម្បីបំពេញសំណុំបែបបទផ្ទេរទ្រព្យសម្បត្តិ បើធៀបទៅនឹងរយៈពេលជាមធ្យមថ្នាក់សកល គឺមាន៤៨ថ្ងៃ។

របាយការណ៍ស្តីពី ការចាប់ផ្តើមធុរកិច្ច  សម្រាប់ឆ្នាំនេះ បានសម្រេចកិច្ចខិតខំប្រឹងប្រែងរយៈពេលពីឆ្នាំក្នុងការពង្រីកបទដ្ឋាននានាដែលអាចធ្វើការវាស់វែងដល់គុណភាពនៃការចុះបញ្ជី ក៏ដូចជាសក្តិសិទ្ធិភាពនៃក្របខ័ណ្ឌបទបញ្ជាផ្នែកធុរកិច្ច ដើម្បីធានាដល់ភាពប្រាកដនិយមជាក់ស្តែង។ ទាក់ទងនឹងសូចនាករចំនួន៥ ​ដែលបានឃើញមានការផ្លាស់ប្តូរនៅក្នុងរបាយការណ៍នេះ (ដូជា ការផ្តល់លិខិតអនុញ្ញាតសាងសង់ ការទទួលបានអគ្គិសនីការពង្រឹងការអនុវត្តច្បាប់ ការចុះបញ្ជីទ្រព្យសម្បតិ្ត និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន) បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅមានចំណុចខ្វះខាតដែលត្រូវកែលម្អបន្ថែម។

របាយការណ៍ទាំងស្រុងនិងសំណុំទិន្នន័យភ្ជាប់ជាមួយ អាចរកមើលបានតាមវេបសាយត៍ ៖ https://www.doingbusiness.org/

1 ចំនួនសរុបនៃកំណែទម្រង់ និងមធ្យមភាគនៅក្នុងតំបន់ ដោយមិនរាប់បញ្ចូលប្រទេសអូស្ត្រាលី ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងញូហ្ស៊ីលែន ដែលត្រូវបានគេចាត់ចូលក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ OECD ។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅភ្នំពេញ៖
លោក ប៊ូ
ទូរស័ព្ទ: (855-23) 861 300 (ext. 1315)
sbou@worldbank.org
នៅ​​ក្នុង នៅវ៉ាស៊ីនតោន៖
អិនឌីរ៉ា ឆានដ៏
ទូរស័ព្ទ: +1 (202) 458-0434, +1 (703) 376-7491
ichand@worldbank.org
នៅ​​ក្នុង សម្រាប់ទូរទស្សន៍/ការផ្សព្វផ្សាយតាមរលកធាតុអាកាស៖
មេរ៉ែន អាសេ្សដ៏ ស្សែខ
ទូរស័ព្ទ: +1 (202) 458-7336
msheikh1@worldbankgroup.org



Api
Api

Welcome