សេចក្តីប្រកាសព័ត៌មាន

របាយការណ៍ថ្មីបង្ហាញថា៖ ភាពក្រីក្របានធ្លាក់ចុះ ប៉ុន្តែប្រជាជនកម្ពុជានៅតែមានហានិភ័យខ្ពស់ក្នុងការធ្លាក់ចុះមក
ជីវភាពក្រីក្រវិញ

20 កុម្ភៈ 2014


ភ្នំពេញ ថ្ងៃទី ២០​ ខែ កុម្ភៈ ២០១៤ —  កម្ពុជាបានសម្រេចលើសគោលដៅនៃភាពក្រីក្របាន​កំណត់ក្នុង​គោល​​​ដៅអភិវឌ្ឍន៍សហសវត្ស​រ៍។​​ នេះបើយោងតាមរបាយការណ៍វាយតម្លែភាព​ក្រីក្រ​​ថ្មី​របស់​ធនាគារ​​ពិភពលោក។ អត្រាភាពក្រីក្របានធ្លាក់ចុះជាងពាក់កណ្តាលគឺពី៥៣​% (២០០៤)​ មកនៅត្រឹម ២០.៥% (២០១១)។ បច្ចុប្បន្នប្រជាជនប្រមាណ២នាក់ក្នុងចំណោម ១០ នាក់​​ មានជីវភាពក្រីក្រ បើធៀបទៅ​នឹង​ឆ្នាំ២០០៤ គឺមានរហូតដល់ទៅ ៥ នាក់។

របាយការណ៍ថ្មីនេះបានបង្ហាញថា ការឡើងថ្លៃតម្លៃស្រូវ និងការកើនឡើងទិន្នផលស្រូវបាន​ចូល​​រួម​ចំណែក​យ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រនេះ រួមទាំងការមានផ្លូវថ្នល់កាន់តែច្រើន​ដែល​អាចឲ្យ​កសិក​រនាំផលិតផលទៅផ្សារ ក៏ដូចជាការទទួលបានព័ត៌មាន​អំពីតម្លៃផលិតផល​តាម​រយៈ​ទូរស័ព្ទដៃ មាន​ប្រព័ន្ធធារាសាស្រ្តប្រសើរជាងមុន និងមានទីផ្សាកសិកម្មសេរីសម​ស្របផងដែរ។

លោក អាឡាសាន​ សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក មានប្រសាសន៍ថា “នេះជាដំណឹង​ល្អ​សម្រាប់​កម្ពុជា។ សន្ទុះនៃការកាត់បន្ថយភាពក្រីក្រគឺកើនលើសពីការរំពឹងទុក។ នៅពេល​ដែលយើងធ្វើ​ការវាយតម្លៃភាពក្រីក្រស្រដៀងនេះនៅឆ្នាំ២០០៦ យើងបានកំណត់គោល​ដៅ​ថានឹងកាត់បន្ថយភាព​ក្រីក្រ​ឲ្យបានពាក់កណ្តាលនៅឆ្នាំ២០១៥។ ប៉ុន្តែ កម្ពុជាបាន​សម្រេចវាហើយនៅឆ្នាំ២០១១នេះ”។

អត្រានៃភាពក្រីក្រសម្រាប់មនុស្សម្នាក់ៗនៅកម្ពុជាឆ្នាំ​២០០៤ ដល់​២០១១ Image
ប្រភពៈ តើអ្នកក្រីក្រទៅណាហើយ?​ របាយការណ៍វាយតម្លៃភាពក្រីក្រឆ្នាំ២០១៣ របស់ធនាគារពិភពលោក

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា “ប្រជាជនដែលនៅជិតបន្ទាត់ភាពក្រីក្រ” មាន​ន័យ​​ថា អ្នកដែលរស់នៅមានចំណូលតិចជាង ២,៣០ដុល្លារក្នុងមួយថ្ងៃ នៅមានភាពងាយធ្លាក់ចូល​ទៅក្នុងភាពក្រីក្រវិញណាស់ ប្រសិនបើមានផលប៉ះពាល់សេដ្ឋកិច្ចបន្តិចបន្តួចលើចំណូលពួកគាត់។

លោក នាក់ សមសែន សហនិពន្ធនៃរបាយការណ៍នេះបានមានប្រសាសន៍ថា “បើទោះបីជាមានការ​កាត់​បន្ថយភាពក្រីក្រដ៏គួឲ្យចាប់អារម្មណ៍ក៏ដោយ ការសម្រេចបាននេះនៅមាន ភាពផុយស្រួយ​”។ លោកបន្តថា “ឧបមាថា ប្រសិនបើមានការបាត់បង់ចំណូលតែ១២០០​រៀល​​ក្នុងមួយថ្ងៃ (ប្រហែល​០,៣០ដុល្លារអាមេរិក)​ នឹងធ្វើឲ្យប្រ​ជាពលរដ្ឋកម្ពុជាប្រមាណ៣លាននាក់​ធ្លាក់​ចូលក្នុងភាពក្រីក្រវិញ។ បញ្ហានេះនឹង​ធ្វើ​ឲ្យអត្រានៃភាពក្រីក្រកើនឡើងទ្វេដងដល់៤០​ភាគ​រយ”។


ភាពក្រីក្រនិងភាពងាយរងគ្រោះ ក្នុងឆ្នាំ ២០០៤ និង ២០១១
Image Image
Source: World Bank staff calculations using CSES data.

ដើម្បីកាត់បន្ថយភាពក្រីក្របន្ថែម និងបញ្ជៀសភាពងាយរងគ្រោះ របាយការណ៍បានលើកជា​អនុសាសន៍​ជាគោលនយោបាយ និងកម្មវិធីមួយចំនួនដែលអាចជួយប្រជាជនដែលនៅជិតបន្ទាត់​ភាពក្រីក្រ និងប្រជាជនក្រីក្រ ភាគច្រើនគាត់កំពុងរស់នៅជនបទ៖

  •  ធ្វើឲ្យប្រសើរ និងកែលម្អលើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅជនបទ ដូចជា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងទឹកនិងអនាម័យ។

  • គាំទ្រកុមារនៅជនបទឲ្យចូលរៀនពេលពួកគេគ្រប់អាយុចូលរៀន និងពង្រីកឱកាសទទួលបាន​ការ​អប់រំសម្រាប់កុមារក្នុងសហគមន៍ជាជនជាតិដែលវាជាមូលដ្ឋានគ្រឹះនៃការកាត់បន្ថយភាពក្រីក្រ។

  • ពង្រីកការផ្តល់អាហារូប​ករណ៍ ការផ្តល់អាហារនៅតាមសាលា ការផ្ទេរប្រាក់(ជួយ​ឧបត្ថម្ភ​ថវិកា​សម្រាប់ការរៀនសូត្ររបស់សិស្សក្រីក្រ)​តាមគោលដៅកំណត់ និង​កម្មវិធី​ស្រដៀង​​គ្នានេះ បាន​បង្ហាញអំពី​ការ​ចូលរួមកាត់បន្ថយអត្រាបោះបង់​ចោល​ការសិក្សា។​

  • បង្កើនកម្មវិធីចម្រុះមួយដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ជាមួយនឹង​ប្រព័ន្ធត្រួត​ពិនិត្យការលូតលាស់របស់កុមារ​ កម្មវិធីនៅតាមសហ​គមន៍ដែលអាចកាត់បន្ថយការបន្ទោបង់តាមទី​វាល និងលើកកម្ពស់ទម្លាប់នៃការហូបចុក។

  • បង្កើនការគ្របដណ្តប់នៃ​មូលនិធិសមធម៌សម្រាប់សុខភាព (ដែលជាគម្រោងមួយផ្តល់ជូនដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ខ្វះ​នូវ​លទ្ធភាពទទួល​បានសេវាសុខភាពដោយឥតគិតថ្លៃ) និងការពង្រីក​ការ​ផ្សព្វផ្សាយដើម្បី​បង្កើនការ​យល់​ដឹង​​អំពីអត្ថប្រយោជន៍នៃសេវាសុខភាពក្រោមមូលនិធិនេះ ក៏អាចរួមចំណែកក្នុង​ការកាត់​បន្ថយ​បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ​បាន​ផងដែ។​

  • បង្កើនការត្រួតពិនិត្យកាន់តែតឹងរឹងលើអ្នកផ្តល់និងផ្គត់ផ្គង់ថ្នាំពេទ្យពីផែ្នកឯកជនក្រៅ​ប្រព័ន្ធ​សុខភាព​សាធារណៈដើម្បីទប់ស្កាត់ឱសថក្លែងក្លាយ អាចនឹងជួយលើក​កម្ពស់គុណភាព​នៃការថែទាំ​សុខភាព

  • លើកកម្ពស់កម្មវិធីជាច្រើនទៀតដើម្បីបង្កើនភាពជោគជ័យនៃផលិតកម្មស្រូវតាមរយៈការផ្គត់ផ្គង់​គ្រាប់ពូជ​ដែល​មាន​គុណភាពល្អ និងសេវាកម្មនៃការផ្សព្វផ្សាយកសិកម្មប្រកបដោយប្រសិទ្ធិភាព​ដែលអាច​ជួយ​​កសិករ​ផ្លាស់​ប្តូរពីការធ្វើកសិកម្មសម្រាប់តែផ្គត់​ផ្គង់គ្រួសារទៅជាការធ្វើកសិកម្មជា​លក្ខណៈ​ជំនួញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ ប្រធានគណៈកម្មាធិការគោលនយោបាយនិងហិរញ្ញវត្ថុ មាន​ប្រសាសន៍ថា “យើងទាំងអស់គ្នាអាចមានទស្សនៈផ្សេងគ្នា ស្តីអំពីទិសដៅមួយចំនួននៃការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុន្តែខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នាឯកភាពជាមូលដ្ឋានថា ជោគជ័យនៃដំណាក់កាលបន្ទាប់របស់កម្ពុជា ចំពោះការកាត់បន្ថយភាពក្រីក្រនឹងត្រូវកំណត់ដោយ​ការបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ផ្អែកលើពិពិធកម្មសេដ្ឋកិច្ច និងផលិតផលកសិកម្មដែល​ប្រសើរជាងមុន”។​

លោក អ៊ូលរិក ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំកម្ពុជា និងអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា​”ការកាត់បន្ថយភាពក្រីក្របន្ថែមទៀត និងការជួយនាក់ដែលទើបតែងើបចេញពីភាពក្រីក្រ​ឲ្យចេញ​ពីភាពក្រីក្រ គឺអាចធ្វើទៅបាន”។​ លោកបន្តថា “ធនាគារពិភពលោក គឺជាដៃគូរជាមួយប្រទេសកម្ពុជា ក្នុងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើន និងការអភិវឌ្ឍប្រកបដោយ សមធម៌ដែលវានឹងអាចជួយជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់”។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ភ្នំពេញ
សារឿន ប៊ូ
ទូរស័ព្ទ: (855 23) 861 300
sbou@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
ខាល ហាន់លន់
ទូរស័ព្ទ: (202) 4608526
chanlon@worldbank.orgApi
Api

Welcome