រឿងពិសេស

នៅប្រទេសកម្ពុជា កសិករដែលមានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន អាចមានលទ្ធភាពរក្សាបាននូវអនាគតមួយដែលកាន់តែមានស្ថេរភាព

5 វិច្ឆិកា 2015



ចំណុចសំខាន់នៃសាច់រឿង
  • ៩០ភារយនៃប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា រស់នៅក្នុងតំបន់ជនបទ។ ៦៦ភាគរយនៃប្រជាពលរដ្ឋទាំងនេះ ពឹងផ្អែកលើមុខរបរកសិកម្មដើម្បីចិញ្ចឹមជីវិត ក៏ប៉ុន្តែ ប្រជាពលរដ្ឋច្រើនជាង ១០ភាគរយគ្មានដី។
  • ចាប់តាំងពីខែឧសភា ឆ្នាំ២០០៨ មក គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច (ឡាសេដ) បានកំពុងជួយផ្តល់ដីដល់ប្រជាពលរដ្ឋកម្ពុជាដែលគ្មានដីនិងខ្វះដីដើម្បីប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋានឬប្រកបរបរកសិកម្ម។
  • ក្នុងកំឡុងពេលបែងចែកដីលើកទីមួយ ប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី។

នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិដី អ្នកស្រី កុយ ធឿន បាននិយាយក្នុងនាមជាតំណាងដល់គ្រួសារដទៃទៀតដែលបានទទួលប័ណ្ណកម្មសិទ្ធិដីដែរ ថា “ថ្ងៃនេះ ពួកយើងមានក្តីសប្បាយរីករាយណាស់ ពីព្រោះក្តីសុបិនរបស់ពួកយើងបានក្លាយជាការពិតហើយ។”

អ្នកស្រី ធឿន និងអ្នកភូមិដទៃទៀតនៅក្នុងភូមិ ស្រីលើសែនជ័យ នៅក្នុងឃុំ ចាំក្រវៀន នៃខេត្ត ត្បូងឃ្មុំ មានក្តីសុបិនថា ថ្ងៃណាមួយ ពួកគាត់នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់។ ជាគ្រួសារក្រីក្រមួយនិងគ្មានដីធ្លីសម្រាប់សង់ផ្ទះនៅ ឬធ្វើស្រែចំការ អ្នកស្រី ធឿន គឺជាគ្រួសារមួយក្នុងចំណោម ២៥០គ្រួសារដំបូងដែលបានទទួលប័ណ្ណកម្មសិទ្ធិដីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច​ (ឡាសេដ)ដែលគាំទ្រដោយធនាគារពិភពលោក។

ក្រៅពីទទួលបានដីសម្រាប់សាងសង់លំនៅដ្ឋាន គ្រួសារនីមួយៗក៏ទទួលបានដីសម្រាប់ធ្វើកសិកម្មទំហំចន្លោះពី ២ ទៅ ២ហិកតាកន្លះ ផងដែរ។ ការបែងចែកដីកសិកម្មនេះ អាស្រ័យទៅលើចំនួនសមាជិកនៅក្នុងគ្រួសារនីមួយៗ។ គ្រួសារទាំងអស់ ក៏ទទួលបានការគាំទ្រលើកកម្ពស់ជីវភាពរស់នៅពីគម្រោងនេះផងដែរ ដូចជា ស្បៀងអាហារ គ្រាប់ពូជដំណាំ និងសម្ភារៈមួយចំនួនសម្រាប់សាងសង់ផ្ទះរបស់ពួកគាត់។

អ្នកស្រី ធឿន និងអ្នកភូមិដទៃទៀត បានមកតាំងទីលំនៅនៅលើទីតាំងនៃគម្រោងនេះអស់រយៈពេលជាង ៥ឆ្នាំ កន្លងមកហើយ។ ស្ទើរគ្រប់គ្រួសារទាំងអស់ បានដាំដំឡូងមី ពោត ល្ង ស្វាយចាន់ទី និងដំណាំផ្សេងៗ

ទៀត។ បច្ចុប្បន្ននេះ អ្នកស្រី ធឿន អាចរកប្រាក់ចំណូលបានចន្លោះពី ៩ ទៅ ១០លានរៀល (២.២៥០ - ២.៥០០ដុល្លារ) ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលទាំងនេះ បានកំពុងធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារគាត់មានភាពកាន់តែល្អប្រសើរឡើង។


Image

អ្នកស្រី​ កុយ ធឿនក្នុងចំណោមអ្នកភូមិ ស្រីលើសែនជ័យ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីដីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច​ ដែលគាំទ្រដោយធនាគារពិភពលោក។

រូបថត: ប៊ូ សារឿន

" សព្វថ្ងៃនេះ ពួកយើងមានអាហារគ្រប់គ្រាន់សម្រាប់ហូប និងមានសល់លុយកាក់ខ្លះសម្រាប់ទិញរបស់របរផ្សេងទៀតបាន។ នេះមិនមែនបញ្ជាក់ថា ពួកយើងមានប្រាក់កាសច្រើននោះទេ ក៏ប៉ុន្តែ ពួកយើងមានជីវភាពរស់នៅល្អប្រសើរជាងមុនច្រើនណាស់។ ពួកយើងមានដី ផ្ទះ និងឥឡូវនេះ ពួកយើងមានប័ណ្ណកម្មសិទ្ធិដីទៀតផង។ ប័ណ្ណនេះគឺជាអាយុជីវិតរបស់ខ្ញុំ។ "

អ្នកស្រី បាននិយាយថា


ដូចអ្នកស្រី ធឿន ដែរ លោក ឈុន សារឿន អាយុ ៥៤ឆ្នាំ និងប្រពន្ធរបស់គាត់ ក៏មានក្តីសប្បាយរីករាយដែរ ពីព្រោះពួកគាត់មានទំនុកចិត្តថា គ្មាននរណានឹងមកយកដីរបស់ពួកគាត់បានទេ បន្ទាប់ពីពួកគាត់បានទទួលប័ណ្ណកម្មសិទ្ធិដីហើយនោះ។ ពួកគាត់ក៏បានមើលឃើញផងដែរថា ដីនេះគឺជាទ្រព្យសម្បតិ្តមួយដែលពួកគាត់អាចផ្ទេរទៅឲ្យកូនៗរបស់ពួកគាត់បាន។ លោក សារឿន បាននិយាយថា “ពួកយើង ជារឿយៗ បានឮថា ដីរបស់ពួកយើង អាចនឹងត្រូវគេដកហូតយកទៅវិញនៅថ្ងៃណាមួយ។ ក៏ប៉ុន្តែ ឥឡូវនេះ ពួកយើងឃើញច្បាស់ហើយ។ នេះគឺជាដីរបស់ពួកយើង ហើយពួកយើងគឺជាកម្មសិទ្ធិលើដីនេះ។”

លោក សារឿន និងគ្រួសាររបស់គាត់ដែលមានសមាជិក ១៤នាក់ បានដាំដំណាំចម្រុះនៅលើដីកសិកម្មទំហំ ២ហិកតាកន្លះរបស់គាត់។ គាត់រកចំណូលបានប្រហែល ១០លានរៀល (២.៥០០ដុល្លារ)ក្នុងមួយឆ្នាំ។ ដោយមានដីនេះ គាត់សង្ឃឹមថា គ្រួសាររបស់គាត់នឹងមានអនាគតកាន់តែល្អប្រសើរ។

លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងប្រាប់គ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ធិដីទាំងអស់ថា “នេះគឺជាប័ណ្ណកម្មសិទ្ធិដីរបស់បងប្អូន ហើយវាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយសម្រាប់បងប្អូន កូន និងចៅរបស់បងប្អូន។ ខ្ញុំបានមកលេងសួរសុខទុក្ខគ្រួសារជាច្រើន និងបានមើលឃើញពួកគាត់បានដាំដំណាំបានល្អណាស់។ ដីរបស់បងប្អូនមានជីជាតិ។ សូមប្រើវាឲ្យអស់លទ្ធភាពទៅ។”

ប្រជាពលរដ្ឋទាំង ២៥០គ្រួសារនេះ គឺជាក្រុមទីមួយដែលបានទទួលប័ណ្ណកម្មសិទ្ធិដី សម្រាប់១៤ទីតាំងក្រោមគម្រោងឡាសេដ។ គ្រួសារបន្ថែមទៀតនឹងទទួលបានប័ណ្ណកម្មសិទ្ធិដីក្រោមកម្មវិធីនេះដែរ។


Api
Api

Welcome