- add-style
- font-medium
- lp-body-content
ភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ — របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃនេះ និយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អបន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរនិងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ចនិងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ។
កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។
ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់កម្ពុជា។
កម្ពុជាមានសេដ្ឋកិច្ចទំហំតូចដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ និងការវិនិយោគពីបរទេស ហើយទស្សនវិស័យកំណើនពិភពលោកនៅមានសភាពអាប់អួរ។ កំណើនពាណិជ្ជកម្មសកលបានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន, ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។
វិស័យផលិតកម្មរបស់កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗកាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគនិងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្តងៗនូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជាមកទល់ពេលនេះ។
លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក។
លោកស្រី ស័រមែន ថ្លែងបន្តថា៖ «ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ។»
ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឱ្យកាន់តែមានសន្ទុះឡើងទៀតដែរ។
ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ បានពិនិត្យមើលផលប៉ះពាល់នៃអតិផរណាទៅលើភាពក្រីក្រ។ ផ្នែកនេះរំលេចពីតម្រូវការដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយគ្នានឹងការពង្រីកកម្មវិធីគាំពារសង្គមបណ្តោះអាសន្នដែលបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន។
របាយការណ៍បច្ចុប្បនភាពសេដ្ឋកិច្ចកម្ពុជា ផ្តោតសំខាន់លើការវិវត្តនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ។
លោក ប៊ូ សារឿន
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style