- add-style
- font-medium
- lp-body-content
វ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ – របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពចេញផ្សាយនៅថ្ងៃនេះនិយាយថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩។
មានតែប្រទេសចិននិងវៀតណាមទេដែលសេដ្ឋកិច្ចដាំក្បាលចុះហើយងើបឡើងវិញចេញរាងជាអក្សរ V ដែលក្នុងនោះទិន្នផលសេដ្ឋកិច្ចបានកើនឡើងលើសកម្រិតមុនពេលមានការរាតត្បាតជំងឺនេះ។ នៅក្នុងប្រទេសផ្សេងទៀត ទិន្នផលផលសេដ្ឋកិច្ចនៅមានជាមធ្យមប្រហែល ៥ ភាគរយ គឺទាបជាងកម្រិតមុនគ្រាផ្ទុះការរាតត្បាតទៅទៀត។ អ្នករងការប៉ះទង្គិចខ្លាំងបំផុតគឺបណ្តាប្រទេសនៅតាមកោះប៉ាស៊ីហ្វិក។ សកម្មភាពរបស់សេដ្ឋកិច្ចបានពឹងផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់វីរុស, លើសមត្ថភាពទាញយកអត្ថប្រយោជន៍ពីការងើបឡើងវិញនៃពាណិជ្ជកម្មអន្តរជាតិ និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធនិងរូបិយវត្ថុ។
នៅក្នុងឆ្នាំ ២០២០ ភាពក្រីក្រនៅក្នុងតំបន់បានឈប់ធ្លាក់ចុះជាលើកដំបូង បន្ទាប់ពីបានធ្លាក់ចុះអស់ច្រើនទសវត្សរ៍កន្លងមក។ ដោយសារតែជំងឺរាតត្បាត ប្រជាជនប្រមាណ ៣២លាននាក់នៅក្នុងតំបន់ នៅតែមិនអាចរើខ្លួនចេញផុតពីភាពក្រីក្រ (បន្ទាត់ភាពក្រីក្រគិតជាប្រាក់ ៥,៥០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ) បាន។
លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និយាយថា៖ “វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ។ ក្នុងគ្រាដែលប្រទេសនានាចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះនិងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានបរិយាបន្ន, មានភាពបៃតង និងភាពធន់។”
វិសមភាពបានកើនឡើង ដោយមកពីការរាតត្បាតជំងឺ និងវិធានការរឹតត្បិតការធ្វើដំណើរ ព្រមទាំងកង្វះលទ្ធភាពស្មើភាពគ្នាក្នុងការទទួលបានសេវាកម្មសង្គម និងបច្ចេកវិទ្យាឌីជីថល ផងដែរ។ នៅក្នុងប្រទេសមួយចំនួន កុមារក្នុងគ្រួសារក្រីក្របំផុតចំនួន ២ ភាគ ៥ នៃចំណោមគ្រួសារទាំងអស់ មានតិចជាង ២០ ភាគរយទេដែលនៅបន្តការរៀនសូត្រ បើធៀបទៅនឹងកុមារនៃគ្រួសារធូរធាដែលមានចំនួន ១ ភាគ ៥ នៃគ្រួសារ។ រីឯស្ត្រីវិញ ពួគគេកំពុងរងអំពើហិង្សាច្រើនជាងមុន ក្នុងនោះមាន២៥ភាគរយនៃអ្នកឆ្លើយសំណួរនៅក្នុងប្រទេសឡាវ និង ៨៣ភាគរយនៅប្រទេសឥណ្ឌូនេស៊ី ដែលបាននិយាយថា អំពើហិង្សាក្នុងគ្រួសារមានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែវីរុសកូវីដ១៩។
កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ត្រូវបានគេរំពឹងថានឹងកើនពីការប៉ាន់ស្មាន ១,២ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ៧.៥ ភាគរយនៅឆ្នាំ ២០២១ ។ ប៉ុន្តែយើងប្រហែលជានឹងមានសន្ទុះងើបឡើងវិញក្នុងល្បឿនបីខុសគ្នា។ ប្រទេសចិននិងវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២១ ក្នុងកម្រិត៨,១ ភាគរយនិង ៦,៦ ភាគរយ រៀងៗខ្លួន ពី ២,៣ភាគរយ និង ២,៩ភាគរយ ក្នុងឆ្នាំ ២០២០។ ប្រទេសធំៗដទៃទៀតក្នុងតំបន់ ដែលនៅខ្លាចការវាយលុករបស់វីរុសនៅឡើយ នឹងទទួលបានកំណើនមធ្យម ៤,៦ភាគរយ គឺយឺតជាងកាលនៅមុនគ្រាមានការរាតត្បាតវីរុស។ សម្រាប់ប្រទេសនៅតាមកោះដែលពឹងផ្អែកលើទេសចរណ៍ ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងអូសបន្លាយយូរជាងការព្យាករណ៍ទុកទៅទៀត។
របាយការណ៍បានប៉ាន់ប្រមាណថា វិធានការទ្រទ្រង់សេដ្ឋកិច្ចដែលរដ្ឋាភិបាលអាមេរិកដាក់ចេញកាលពីពេលថ្មីៗនេះ អាចនឹងរួមចំណែកបាន ១ ខ្ទង់ភាគរយជាមធ្យមដល់កំណើននៃបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០២១ និងដល់ការប្រឹងងើបឡើងវិញនៃសេដ្ឋកិច្ចបានយ៉ាងតិច ៣ ខែ ទៀតដែរ។ អ្វីដែលជាហានិភ័យចំពោះចក្ខុវិស័យនេះគឺអាចមកពីភាពយឺតៗនៃការអនុវត្តកម្មវិធីវ៉ាក់សាំងកូវីដ១៩ ដែលអាចធ្វើឱ្យកំណើននៅក្នុងប្រទេសមួយចំនួនយឺតជាង ១ខ្ទង់ភាគរយ។
របាយការណ៍នេះអំពាវនាវឱ្យបន្តសកម្មភាពទប់ស្កាត់ជំងឺនេះឱ្យជាប់ ជួយដល់សេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ របាយការណ៍ក៏ព្រមានដែរថា បើគិតតាមបរិមាណស្តុកនិងការបែងចែកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសឧស្សាហកម្មនឹងចាក់វ៉ាក់សាំងបាន ៨០ភាគរយនៃប្រជាជនរបស់ខ្លួនគិតត្រឹមចុងឆ្នាំ២០២១ រីឯប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចនឹងសម្រេចបានប្រហែល ៥៥ភាគរយប៉ុណ្ណោះ។ នៅក្នុងប្រទេសអាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកមួយចំនួន វិធានការសម្រាលការលំបាកជីវភាពនៅមានតិចតួចបើធៀបទៅនឹងទំហំនៃការបាត់បង់ប្រាក់ចំណូល ហើយវិធានការទ្រង់ទ្រង់សេដ្ឋកិច្ចក៏មិនទាន់ឆ្លើយតបបានទាំងស្រុងចំពោះការខ្វះខាតនៃតម្រូវការ នៅពេលដែលការវិនិយោគសាធារណៈក៏មិនសូវមានជាដុំកំភួននៅក្នុងកិច្ចខិតខំស្តារសេដ្ឋកិច្ចឡើងវិញ រីឯបំណុលសាធារណៈវិញ វាបានកើនឡើងជាមធ្យម ៧ភាគរយនៃផលិតផលក្នុងស្រុកសរុប។ វិធានការធ្វើឱ្យសេដ្ឋកិច្ចកាន់តែ “បៃតង” ត្រូវចាញ់ប្រៀបនឹងសកម្មភាពពណ៌ “ត្នោត” នៅក្នុងកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនៅទូទាំងតំបន់ ដោយក្នុងនោះ មានតែវិធានការស្តារឡើងវិញជាមធ្យមតែមួយក្នុងបួនប៉ុណ្ណោះ ដែលមានមេត្រីចំពោះអាកាសធាតុ ក្នុងចំណោមប្រទេសក្នុងតំបន់។
លោក អាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និយាយថា៖ “ជាងពេលណាៗទាំងអស់ យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់ជំងឺនេះ គាំទ្រសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចឡើងវិញដោយភាពបៃតង។ ប្រទេសចិនអាចដើរតួនាទីនេះយ៉ាងសំខាន់ ដោយនាំចេញផលិតផលវេជ្ជសាស្ត្របន្ថែមទៀត បង្កើនការប្រើប្រាស់របស់ខ្លួន និងចាត់វិធានការអាកាសធាតុឱ្យកាន់តែខ្លាំងក្លា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏នឹងបានអត្ថប្រយោជន៍ពីពិភពលោកមួយដែលកាន់តែមានសុវត្ថិភាព និងកំណើនប្រកបដោយតុល្យភាព ផងដែរ។”
របាយការណ៍នេះអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផលិត និងការអនុម័តវ៉ាក់សាំង ក៏ដូចជាក្នុងការបែងចែកវ៉ាក់សាំងដោយផ្អែកលើតម្រូវការ ដើម្បីជួយទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ។ ការសម្របសម្រួលផ្នែកសារពើពន្ធនឹងជួយបង្កើនឥទ្ធិពលរបស់កម្មភាពរួមគ្នានេះ ពីព្រោះរដ្ឋាភិបាលខ្លះហាក់ដូចជាធ្វើអន្តរាគមន៍ជួយផ្នែកសេដ្ឋកិច្ចតិចតួចស្តួចស្តើងណាស់។ ក្រៅពីកិច្ចសហប្រតិបត្តិការកាត់បន្ថយការបំភាយឧស្ម័ន ជំនួយអន្តរជាតិនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រឱ្យមានលទ្ធភាពចាត់វិធានការអាកាសធាតុ កាន់តែស៊ីជម្រៅថែមទៀត។
របាយការណ៍ក្រោមចំណងជើងថា Uneven Recovery ដែលផ្តោតលើគោលនយោបាយចាក់វ៉ាក់សាំង សារពើពន្ធ និងការប្រែប្រួលអាកាសធាតុ ជាការបន្តពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចំនួនពីរលើកមុនរួចមកហើយសម្រាប់តំបន់នេះក្នុងឆ្នាំ ២០២០ ដែលបានពិនិត្យទៅលើទិដ្ឋភាពគោលនយោបាយចំនួន ៦ ពាក់ព័ន្ធការងើបឡើងវិញពីជំងឺរាតត្បាតរបស់កូវីដ១៩ ក្នុងនោះមាន ការទប់ស្កាត់ដោយឆ្លាតវៃ, ការរៀនសូត្រដោយឆ្លាតវៃ, ការបង្កើនកិច្ចគាំពារសង្គម, ការគាំទ្រដល់ក្រុមហ៊ុន, គោលនយោបាយមានតុល្យភាពសម្រាប់វិស័យហិរញ្ញវត្ថុ និងកំណែទម្រង់ពាណិជ្ជកម្ម។
Kym Smithies
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style