Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 28 វិច្ឆិកា 2018

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើន ទោះបីជាសេដ្ឋកិច្ចពិភពលោកមានបញ្ហាប្រឈមក្តី

កំណើនយ៉ាងរហ័សនៃការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ បានជំរុញដល់កំណើនសេដ្ឋកិច្ចនេះ

ភ្នំពេញ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងនៅតែបន្តបន្ថយល្បឿន និងមានហានិភ័យកើនឡើង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែបន្តកើនឡើង។ អត្រាកំណើនសេដ្ឋកិច្ច ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងបន្តិចបន្តួចខ្ពស់ជាងឆ្នាំកន្លងទៅ គឺកើនឡើងដល់ ៧,១ភាគរយ នៅក្នុងឆ្នាំ ២០១៨ ដែលកំណើននេះនាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុកនិងការនាំចេញ។

បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចនៅឆមាសទី២ក្នុងឆ្នាំ ២០១៧មក ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំគឺតម្រូវការដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលគេរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរតិចតួច។

ហានិភ័យនានានៅក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើង វានឹងពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ដែលមិនអាចព្យាករណ៍ទុកបានដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «អាទិភាពជាច្រើនសម្រាប់កម្ពុជា រួមមាន ការការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អ ខណៈដែលកំពុងតែកសាងធនធានបម្រុង ពង្រឹងភាពប្រកួតប្រជែង និងទប់ស្កាត់កំណើននៃអត្រាប្តូរប្រាក់ពិត ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃការនាំចូលទំនិញនាពេលថ្មីៗ។»

ស្របពេលដែលទស្សនវិស័យវែងឆ្ងាយនៅតែមានភាពវិជ្ជមាន កម្ពុជាចាំបាច់ត្រូវអភិវឌ្ឍលើធនធានរូបវ័ន្តនិងធនធានមនុស្សរបស់ខ្លួន ដើម្បីទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុនក្នុងរយៈពេលវែង។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួនក្នុងការទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើផ្នែកធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចីរភាព។ ការកៀរគរប្រាក់សន្សំក្នុងស្រុកឲ្យបានច្រើនដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេនៅអាស៊ីសម្រេចបាន។»

របាយការណ៍នេះ ក៏បានស្នើសុំឲ្យតភ្ជាប់ភាពខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធដើម្បីស្រូបយកវិនិយោគទុនផ្ទាល់ពីបរទេសលើផ្នែកផលិតកម្មនិងការកែច្នៃកសិកម្មដែលកំពុងតែកើនឡើង ព្រមទាំងការកែលម្អជាបន្តបន្ទាប់លើបរិយាកាសអាជីវកម្ម។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍មួយចេញផ្សាយពីរដងក្នុង១ឆ្នាំ ដែលផ្តល់នូវព័ត៌មានថ្មីស្តីពីការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លីនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។


ទំនាក់ទំនង

Phnom Penh
លោក ប៊ូ
(៨៥៥ ១២) ៤១៤ ០៨៨
sbou@worldbank.org
Washington, DC
Marcela Sanchez-Bender
msanchezbender@worldbank.org
Api
Api