សេចក្តីប្រកាសព័ត៌មាន

ភាពជាដៃគូរវាងកម្ពុជាជាមួយធនាគារពិភពលោក

5 ធ្នូ 2013



Image

ភ្នំពេញ ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៣៖ លោក អូលរិក​ ហ្សាចៅ នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកសម្រាប់តំបន់អាស៊ី​អគ្នេយ៍​​(រួមមាន​ប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា​​និងថៃឡង់)​ បានមកបំពេញទស្សនកិច្ច​នៅ​​រាជ​ធានី​ភ្នំ​ពេញ​ពីថ្ងៃទី៣​ ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់​របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រុមយុវជន។ នេះគីជាទស្សនកិច្ចលើកដំបូងក្នុងឋានៈលោកជានាយកថ្មីប្រចាំតំបន់អាស៊ីអគ្នេយ៍។ ក្នុងដំណើរទស្សន​កិច្ចនេះ លោក ហ្សាចៅ បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងស្នើសុំយោបល់ពីភាគីពាក់ព័ន្ធនានាទាក់ទងទៅនឹងផែនការរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីផែនការ​យុទ្ធសាស្រ្តរយៈពេល២ឆ្នាំ​របស់ធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ប្រទេសកម្ពុជា បានសម្រេចលើសគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ដើម្បីកាត់បន្ថយភាពក្រីក្រ ដោយ​​បានកាត់បន្ថយអត្រាភាពក្រីក្របានជាង ៥០ភាគរយ គឺពី ៥៣ភាគរយ នៅក្នុងឆ្នាំ ២០០៤​ មកនៅ​ប្រហែល ២០ភាគរយ នៅក្នុងឆ្នាំ ២០១១ និងបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន​ស្នាដៃល្អជាងគេបំផុតនៅលើពិភពលោកក្នុងការងារកាត់បន្ថយភាពក្រីក្រ។ ស្របពេលជាមួយគ្នានេះ​ដែរ ប្រជាពលរដ្ឋកម្ពុជាជិត ៣ លាននាក់ នៅតែក្រនៅឡើយនៅក្នុងឆ្នាំ ​២០១១។ កៅសិបភាគរយនៃ​ប្រជាពលរដ្ឋទាំងនេះ រស់នៅតំបន់ជនបទ។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កម្ពុជាជាច្រើនដែលបាន​ធ្វើចំណាកស្រុកមកធ្វើការនៅទីប្រជុំជន ពុំមានតុល្យភាពជាមួយនឹងថ្លៃឈ្នួលផ្ទះនិងតម្លៃទំនិញដែល​កំពុងតែកើនឡើងនោះទេ។ នៅក្នុងឆ្នាំ ២០១១ ជិត ៤០ភាគរយនៃកុមារទាំងអស់ដែលមាន​អាយុ​ក្រោម ៥ឆ្នាំ ខ្វះអាហារូបត្ថម្ភ និង២៨ភាគ​រយដែលមានអាយុដូចគ្នា មានទម្ងន់មិនគ្រប់។ នេះគឺជា​បញ្ហា​ប្រឈមសំខាន់របស់ប្រទេសកម្ពុជា និងក៏ជាឱកាសសំខាន់របស់កម្ពុជាផងដែរ ដើម្បីធ្វើឲ្យប្រសើរ​ឡើងដល់ការរស់រានរបស់កុមារទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេ និងព្រមទាំងជួយពួកគេ​ឲ្យ​រួច​ចាកពីភាពក្រីក្រ។

លោក ហ្សាចៅ បានមានប្រសាសន៍ថា «ខ្ញុំមកថ្ងៃនេះក្នុងឋានៈជានាយកប្រចាំប្រទេសកម្ពុជា ដើម្បី​ស្តាប់​មតិយោយបល់របស់អស់លោកអំពីបញ្ហាប្រឈមសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ខ្ញុំចង់​បានគំនិតយោបល់ល្អបំផុតរបស់អស់លោកសម្រាប់ការរៀបចំកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្រ្តរយៈពេលខ្លីរបស់យើង ដែលគ្រោងនឹងធ្វើនៅថ្ងៃខាងមុខ ដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជា​ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលយើងចាប់ផ្តើមកិច្ចពិគ្រោះ​យោបល់របស់យើង យើងសូមបញ្ជាក់ជូនថា យើងចង់ស្តាប់ប្រជាជនឲ្យបានច្រើននៅទូទាំងប្រទេស​តាមលទ្ធភាពដែលអាចធ្វើទៅបាន។»

ផែនការសម្រាប់កម្ពុជា៖ ផែនការយុទ្ធសាស្រ្តរបស់ធនាគារពិភពលោក នឹងផ្តោតការ​យកចិត្តទុក​ដាក់​លើដោះស្រាយតម្រូវការសំខាន់ៗរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺប្រជាពលរដ្ឋ​ទាំង​ឡាយណាដែលមិនទាន់ចាកចេញពីភាពក្រីក្រ​ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសបានរីក​​ ចម្រើន។

លោក ហ្សាចៅបានទៅទស្សនាមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងបានជជែកលេងជាមួយអ្នកជម្ងឺជា​ច្រើនដែលបានទទួលការគាំទ្រពីមូលនិធិសមធម៌សម្រាប់សុខភាព ដែលជួយបង់ថ្លៃចំណាយលើការថែទាំ​សុខភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ លោក ហ្សាចៅ បានមានប្រសាសន៍ថា «ធ្វើការរួមគ្នាជាមួយ​ប្រជា​ជនកម្ពុជា ដៃគូអភិវឌ្ឍន៍ដទៃទៀត និងអង្គការសង្គមស៊ីវិលនានា យើងនឹងពង្រឹងបាននូវភាពជាដៃគូ​របស់យើងជាមួយប្រទេសកម្ពុជា ដើម្បីស្វែងរកនូវមធ្យោបាយឆ្ពោះទៅមុខដែលល្អប្រសើរមួយ​សម្រាប់ប្រជាជនកម្ពុជា ជាពិសេស កុមារ គ្រួសារ សហគមន៍ ដែលគ្មានការងារធ្វើ មានប្រាក់ចំណូល​ទាប មានបញ្ហាសុខភាព និងខ្វះការងារ។ ការទទួលបានការអប់រំ ការថែទាំសុខភាពកាន់តែប្រសើរ ជំនាញនិងការបណ្តុះបណ្តាលដែលកាន់តែប្រសើរ អាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងមនុស្សដែលកំពុងធ្វើការ។ យើងប្តេជ្ញាកសាងបន្ថែមនូវភាពជាដៃគូប្រវត្តិសាស្រ្តរបស់យើងជាមួយ​ប្រជាជនកម្ពុជា ដើម្បីជួយប្រជាជនកម្ពុជាកសាងនូវអនាគតដ៏ល្អប្រសើរមួយ។»

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ភ្នំពេញ
សារឿន ប៊ូ
ទូរស័ព្ទ:  (855-23) 861 300
sbou@worldbank.org
នៅ​​ក្នុង វ៉ាស៊ីនតោន
កាល ហានលន់
ទូរស័ព្ទ: (202) 473-8087
chanlon@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
203/12/05

Api
Api

Welcome