- font-medium
- bg_blue_05
អត្ថបទថ្មីៗ
- ផ្ទៃដីទំហំ ១៧០០០ហិកតា សម្រាប់សង់លំនៅឋាននិងធ្វើកសិកម្ម ត្រូវបានផ្តល់ជូនគ្រួសារដែលគ្មានដីធ្លី និងគ្រួសារខ្វះដីធ្លីចំនួន ៥១៤១គ្រួសារ នៅតាមគោលដៅគម្រោងទាំង១៤ តាមរយៈគម្រោង ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជំហានទី២» (LASED II)។
- តាមរយៈគម្រោងនេះ សហករណ៍កសិកម្មចំនួន៦កន្លែង ត្រូវបានបង្កើតឡើង ដោយមាន ៤៥២គ្រួសារជាសមាជិក មកទល់បច្ចុប្បន្ននេះ។
- ក្នុងចំណោមនោះ សហករណ៍ចំនួន៤កន្លែង បានទទួលវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គ និងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចំនួន២ ដើម្បីធ្វើការផ្គត់ផ្គង់ដំឡូងមី ល្ង និងសណ្តែកដីសរីរាង្គ។
- lp-body-content
- first-letter
ធី ធា ជាកសិករម្នាក់មានអាយុ៣៩ឆ្នាំ មានបង្ហាញសេចក្តីរីករាយក្រោយពីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីផ្គត់ផ្គង់ផលិតផលដំឡូងមីសរីរាង្គរបស់គាត់។ ឆ្នាំនេះ គាត់ប្រមូលផលបាន ៣២តោន (ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៣០០០ដុល្លារអាមេរិក) នៃដំឡូងមីដែលគាត់ដាំនៅតាមចន្លោះដើម ស្វាយចន្ទីសរីរាង្គ នៅលើផ្ទៃដីរបស់គាត់ដែលមានទំហំ២ហិកតា។ គាត់រំពឹងដែរថានឹងទទួលបានចំណូលបន្ថែមទៀត ពីការប្រមូលផលគ្រាប់ស្វាយចន្ទី ដែលអាចនឹងបេះបានហើយនាពេលឆាប់ៗខាងមុខ។
«ខ្ញុំលែងបារម្ភអំពីរឿងទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ខ្ញុំទៀតហើយ» -- លោក ធា មានប្រសាសន៍ដូច្នេះ ដោយបានភ្ជាប់ទៅនឹងកិច្ចសន្យាមួយដែលសហករណ៍កសិកម្ម (AC) របស់គាត់ បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (Cambodian Agriculture Cooperative Corporation, Plc./CACC)។ លោក ធា ពោលបន្ថែមទៀតដូច្នេះថា៖ «នៅពេលណាដំណាំរបស់យើងគ្រប់អាយុដែលត្រូវប្រមូលផលហើយ ក្រុមហ៊ុនចុះមកដល់ភូមិមកទិញពីយើងផ្ទាល់តែម្តង។ វាមិនដូចមុនទៀតទេ ដែលយើងត្រូវដឹកផលិតផលរបស់យើងទៅឱ្យឈ្មួញកណ្តាលនៅឆ្ងាយពីភូមិរបស់យើងនោះ។»
លោកស្រី អៀង ផាង អាយុ៤០ឆ្នាំ ដែលជាអ្នកភូមិជាមួយ លោក ធា ដែរ រកចំណូលបានជាង ៣៣០០ដុល្លារអាមេរិក ពីការលក់ដំឡូងមីសរីរាង្គជាង ៣៤តោន នៅក្នុងឆ្នាំនេះ។ ដោយឃើញថាឆ្នាំនេះគាត់រកចំណូលបានគ្រាន់បើជាងមុន គាត់បានសម្រេចចិត្តចុះកិច្ចសន្យា
ដាំដំឡូងមីសរីរាង្គបន្តទៀត នៅរដូវខាងមុខ។ លោកស្រីក៏សង្កេតឃើញដែរថា មានគ្រួសារច្រើនទៀតដែលមានបំណងចូលរួមក្នុងសហគមន៍របស់គាត់។
- lp-body-content
- first-letter
- lp-body-content
លោកស្រី ផាង មានប្រសាសន៍ថា៖ «ខ្ញុំលើកទឹកចិត្តឱ្យអ្នកភូមិយើងចូលរួមក្នុងសហករណ៍កសិកម្មនេះ ពីព្រោះយើងអាចលក់បានលុយច្រើនជាងមុន ហើយសុខភាពរបស់យើងក៏មានសុវត្ថិភាពដែរ។»
លោក ធា និងលោកស្រី ផាង ជាសមាជិកសហគមន៍កសិកម្ម នៅក្នុងឃុំទីប៉ូ នៃខេត្តកំពង់ធំ។ ពួកគាត់ធ្លាប់ស្ថិតនៅក្នុងចំណោមគ្រួសារក្រីក្រគ្មានដីធ្លីនិងខ្វះដីធ្លី ហើយក្រោយមកទទួលបានដី និងជំនួយទ្រទ្រង់មុខរបរ តាមរយៈគម្រោង ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ជំហានទី២» (LASED II)។ គម្រោងនេះបានទទួលការគាំទ្រហិរញ្ញវត្ថុពីសំណាក់ធនាគារពិភពលោក និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ)សម្រាប់ជំនួយបច្ចេកទេស ។
គម្រោងនេះបង្កើតសហគមន៍កសិកម្ម និងផ្តល់ជំនួយបច្ចេកទេស និងជំនួយឥតសំណងទៅឱ្យគ្រួសារក្រីក្រ ដើម្បីជួយពួកគាត់ក្នុងការប្រមូលផ្តុំគ្នា និងកែលម្អប្រព័ន្ធផលិតកម្មកសិកម្ម ធ្វើឱ្យជីវភាពរស់នៅកាន់តែមានភាពប្រសើរ និងបង្កើនសន្តិសុខស្បៀង និងកម្រិតអាហារូបត្ថម្ភរបស់ខ្លួន ឱ្យកាន់តែខ្ពស់ឡើង។ គម្រោងនេះក៏គាំទ្រផងដែរដល់ការធ្វើសមាហរណកម្មទីផ្សារ ដែលជួយធ្វើឱ្យការរកចំណូលបានកាន់តែមានចីរភាព។
លោក ថាត ផាលិត អនុប្រធានគ្រប់គ្រង់គម្រោងរបស់អង្គការ GIZ មានប្រសាសន៍ថា មុននឹងរកក្រុមហ៊ុនឱ្យធ្វើកិច្ចសន្យាទិញកសិផលសរីរាង្គ អង្គការរបស់លោកជួយក្រុមសហគមន៍ឱ្យទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលសរីរាង្គជាមុនសិន ពិសេសពីស្ថាប័នអន្តរជាតិ មានដូចជា សហជីពត្រួតពិនិត្យស្តង់ដានិងបញ្ញត្តិស្តីពីវិញ្ញាបនបត្រផលិតផលនៃសហភាពអឺរ៉ុប (Control Union Certifications Production Standards and Regulation of the European Union) និងកម្មវិធីសរីរាង្គជាតិនៃសហរដ្ឋអាមេរិក (U.S. National Organic Program)។
បច្ចុប្បន្ននេះ មានសហគមន៍ចំនួន៤នៅក្រោមគម្រោង LASED II បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនពីររួចហើយ គឺក្រុមហ៊ុន CACC និងក្រុមហ៊ុន Signature of Asia។ ក្រុមហ៊ុន Signature of Asia ទិញគ្រាប់ល្ង និងសណ្តែកដីសរីរាង្គ ពីសហគមន៍ពីរកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ ចំណែកឯ ក្រុមហ៊ុន CACC វិញ គេទិញដំឡូងមីសរីរាង្គពីក្រុមសហគមន៍នៅក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ។
នៅឃុំដា ដែលជាគោលដៅមួយរបស់គម្រោង LASED II ក្នុងខេត្តក្រចេះ លោកស្រី ឃុន ម៉ាលីស អាយុ៣១ឆ្នាំ ប្រមូលផលដំឡូងមីសរីរាង្គបានជាង ៨តោន ពីផ្ទៃដីជិតមួយហិកតារបស់គាត់។ តាមរយៈក្រុមសហគមន៍ គាត់អាចលក់ផលិតផលរបស់គាត់បានក្នុងថ្លៃមួយគុណជាពីរ ធៀបទៅនឹងពេលមុនៗដែលគាត់ធ្លាប់យកទៅលក់ឱ្យឈ្មួញកណ្តាល។
លោកស្រីនិយាយថា ការកំណត់ថ្លៃទិញជាមុន និងការបង្កើនទិន្នផលឱ្យកាន់តែប្រសើរ បានក្លាយជាចំណុចទាក់ទាញដល់គ្រួសារកាន់តែច្រើនឱ្យមកចូលរួមក្នុងក្រុមសហករណ៍។ ក្នុងឆ្នាំនេះ ចំនួនសមាជិកបានកើនឡើងដល់ ៧២គ្រួសារ ពី២៥គ្រួសារ ហើយនៅមានក្រុមគ្រួសារច្រើនទៀតនឹងមកចូលរួមដែរនៅពេលឆាប់ៗខាងមុខ។
ទោះបីជាមានក្រុមគ្រួសារកាន់តែច្រើនចូលរួមក្នុងក្រុមសហករណ៍ក្តី ផលិតកម្មដំឡូងមីសរីរាង្គឆ្នាំនេះនៅមិនទាន់សម្រេចបានដល់គោលដៅនៅឡើយទេ។ លោក កាន់ គន្ធី នាយកគ្រប់គ្រងក្រុមហ៊ុន CCAC ដែលបានចុះកិច្ចសន្យាជាមួយក្រុមសហគមន៍ក្រោមគម្រោង LASED II នេះ និយាយថា អ្វីដែលចាំបាច់ដើម្បីបង្កើនទិន្នផល គឺត្រូវកែលម្អគុណភាពដី និងពូជ ហើយសមាជិកសហគមន៍ត្រូវមានការសម្របសម្រួលគ្នាឱ្យកាន់តែល្អឡើង។
បណ្ឌិត ដុក ដូម៉ា នាយកគម្រោង LASED II បានប្តេជ្ញាចិត្តថានឹងបន្តគាំទ្រ និងពង្រឹងក្រុមសហគមន៍ថែមទៀត ដើម្បីបង្កើនផលិតផលដំឡូងមីសរីរាង្គ ហើយនឹងលើកទឹកចិត្តឱ្យអ្នកទទួលផលគម្រោងចូលរួមកាន់តែច្រើនឡើងនៅក្នុងកម្មវិធីនេះ។
លោកដូម៉ាមានប្រសាសន៍ថា៖ «ពេលនេះ យើងត្រូវតែខិតខំថែមទៀតដើម្បីជួយពួកគាត់ឱ្យបង្កើនផលិតផលសរីរាង្គរបស់ខ្លួន តាមរយៈការផ្តល់ជូនពួកគាត់នូវបច្ចេកទេសដាំដុះ ក្នុងនោះមានទម្លាប់អនុវត្តកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុផង និងផ្តល់មូលនិធិជាលក្ខណៈវិលជុំ ឱ្យពួកគាត់យកទៅប្រើប្រាស់ក្នុងការកែលម្អគុណភាពពូជ និងដី។»
- lp-body-content