Results Briefs14 មករា 2026

ពីការសិក្សាទៅកាន់ទីផ្សារការងារ៖ មាគ៌ាអភវិឌ្ឍន៍វិស័យអប់រំពីមូលដ្ឋានគ្រឹះ ទៅកាន់ STEM* និងការស្រាវជ្រាវ នៅកម្ពុជា

The World Bank

តាមរយៈគម្រោងកែលម្អការអប់រំទូទៅ (GEIP) និងគម្រោងកែលម្អឧត្តមសិក្សាចំនួនពីរ (HEIP1&2) ក្រោមការគាំទ្រពីធនាគារពិភពលោក, កម្មវិធីអប់រំរបស់កម្ពុជា កំពុងតភ្ជាប់ការរៀនសូត្រមូលដ្ឋានទៅនឹងឱកាសការងារជាក់ស្តែង។ ជាលទ្ធផល សិស្សជាង ៦សែននាក់ ទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណភាពសាលារៀន ហើយនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ៦៨០៩នាក់ មានអត្រាទទួលបានការងារជាង ៩៣ភាគរយ – ត្រូវនឹង ២១ ពិន្ទុភាគរយ ខ្ពស់ជាងសាកលវិទ្យាល័យដែលមិនចូលរួមក្នុងកម្មវិធីនេះ។ នៅឆ្នាំ២០៣១ គេរំពឹងថានឹងមាននិស្សិតចំនួន ១៧៤ ០០០នាក់ (ស្រី ៤៧ភាគរយ) ទទួលបានជំនាញសម្រាប់ភ្ជាប់ពួកគេផ្ទាល់ទៅនឹងទីផ្សារការងារតែម្តង។

បញ្ហាប្រឈម

ការរីកចម្រើនរបស់ប្រទេសកម្ពុជានៅមានកម្រិត ដោយសារមូលដ្ឋានគ្រឹះនៃការរៀនសូត្រនៅមានកម្រិតទាប ហើយការអប់រំឧត្តមសិក្សានៅខ្វះការតម្រង់ទិសឱ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ បច្ចុប្បន្ន មានសិស្សថ្នាក់ទី៥ តែ ១១% ប៉ុណ្ណោះដែលអាចអានអត្ថបទបានត្រឹមត្រូវ ក្នុងនោះកុមារមកពីគ្រួសារក្រីក្រនៅជនបទជួបការលំបាកខ្លាំងជាងគេ ហើយគម្លាតនៃការសិក្សាកាន់តែរីកធំឡើងដោយសារផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។  នៅកម្រិតឧត្តមសិក្សា ការចុះឈ្មោះចូលរៀនមុខវិជ្ជាស្ទែម (STEM) នៅមានកម្រិតទាប (ប្រមាណ ២០% នៃនិស្សិតសរុប) ទិន្នផលនៃការសិក្សាស្រាវជ្រាវនៅមានតិចតួច និងកង្វះកិច្ចសហការរវាងគ្រឹះស្ថានសិក្សា និងវិស័យឧស្សាហកម្ម បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាមិនទាន់អាចត្រៀមខ្លួនបានពេញលេញសម្រាប់តម្រូវការទីផ្សារការងារ។ ប្រសិនបើមិនមានការងពង្រឹងសមត្ថភាពអក្ខរកម្ម លេខ និងជំនាញវិជ្ជាជីវៈឱ្យបានខ្លាំងក្លាទេ កម្ពុជានឹងប្រឈមនឹងការបាត់បង់សមត្ថភាពប្រកួតប្រជែង ហើយក្រុមប្រជាជនដែលងាយរងគ្រោះបំផុតនឹងកាន់តែចាញ់ប្រៀបនៅក្នុងសង្គម។

កញ្ញា ភាព ស៊ីណាត ជាសិស្សនៅសាលារៀន​មួយ​ដែលគាំទ្រដោយគម្រោង​ GEIP។ នាង​ធ្លាប់បោះបង់ការសិក្សាម្តងមកហើយ។ ប៉ុន្តែ  ការគាំទ្រតាមរយៈគម្រោងនេះ បាននាំនាងមក​ចូលរៀនវិញ រហូត​ក្លាយ​ខ្លួន​ជាសិស្ស​ពូកែមួយរូប។ នាង​បាននិយាយដូច្នេះ​ថា៖ «ខ្ញុំប្រហែល​ជា​មិន​អាច​នឹកស្មានដល់​ថា​បាន​ជោគជ័យ និង​មានថ្ងៃនេះ​នៅ​ក្នុង​ជីវិត​របស់ខ្ញុំទេ ប្រសិន​បើគ្មានការជួយជ្រោមជ្រែងពីគ្រូ នាយកសាលា និងគណៈកម្មាធិការគ្រប់គ្រងសាលារបស់ខ្ញុំ។»

 

 

វិធីសាស្រ្ត

ក្រុមធនាគារពិភពលោកបានឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ តាមរយៈការដាក់ចេញនូវកិច្ចអន្តរាគមន៍ផ្អែកលើភស្តុតាងរួមបញ្ចូលគ្នា ដែលភ្ជាប់ការរៀនសូត្រកម្រិតមូលដ្ឋានទៅនឹងលទ្ធផលការងារ។  នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា គណៈកម្មាធិការគ្រប់គ្រងសាលាបានពង្រឹងវត្តមានរបស់គ្រូ និងគុណភាពនៃការបង្រៀន រីឯឧបករណ៍វាយតម្លៃឌីជីថលបានជួយបង្កលក្ខណៈងាយស្រួលសម្រាប់ការកែសម្រួលតម្រូវការរៀនសូត្រតាមពេលវេលាជាក់ស្តែង។ ការគាំទ្រចំគោលដៅ រួមមានការកំណត់អត្តសញ្ញាណពិការភាព ការផ្តល់ឧបករណ៍ជំនួយ និងការផ្សព្វផ្សាយក្នុងសហគមន៍ បាននាំកុមារដែលត្រូវបានមើលរំលងឱ្យត្រឡប់មកសាលា និងបន្តការសិក្សាឡើងវិញ។

នៅកម្រិតឧត្តមសិក្សា ភាពជាដៃគូជាមួយវិស័យឧស្សាហកម្មបានជំរុញឱ្យមានការកែទម្រង់កម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារ ខណៈកម្មវិធីអភិវឌ្ឍន៍មហាវិទ្យាល័យបានពង្រឹងគុណភាពបង្រៀន

និងសមត្ថភាពស្រាវជ្រាវ។ កម្មវិធី STEM ត្រូវបានធ្វើទំនើបកម្មជាមួយហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ ព្រមទាំងពង្រីកលទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សក្រុមភាគតិច តាមរយៈកម្មវិធីអាហារូបករណ៍ចំគោលដៅ និងការគិតគូរពីយេនឌ័រ។

នវានុវត្តន៍នាំឱ្យមានការប្រែប្រួលជាវិជ្ជមាន៖

ប្រព័ន្ធអភិបាលកិច្ចដែលប្រើ​ទិន្នន័យជា​ត្រីវិស័យ បាននាំ​ឱ្យ​​ការពិនិត្យតាមដាន​ជា​ប្រចាំ​, ស្តង់ដាសាលារៀនដែលបង្កើតដោយគម្រោងត្រូវបានដាក់បញ្ចូលយ៉ាងលឿន​ទៅក្នុងគោលនយោបាយជាតិ, ហើយភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឧស្សាហកម្ម និងសាកលវិទ្យាល័យអន្តរជាតិ បានបើកផ្លូវឱ្យនិស្សិតត្រៀមខ្លួនរួចជាស្រេចសម្រាប់អាជីព។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានធ្វើឱ្យ​គុណភាពអប់រំប្រែធាតុ​ជា​វិជ្ជមាន​ ដោយ​ធានាបាននូវនិរន្តរភាពតាមរយៈភាពជាម្ចាស់របស់រដ្ឋាភិបាល និងការពង្រឹងប្រព័ន្ធ។

លទ្ធផល

គម្រោងកំពុងដំណើរការចំនួន​បី​ដែលគាំទ្រដោយធនាគារពិភពលោក ដែលជួយ​ដល់​កម្មវិធីអប់រំទូទៅ និងឧត្តមសិក្សានៅកម្ពុជា កំពុងរួមចំណែកយ៉ាងសំខាន់ដល់ការកែលម្អគុណភាព​នៃ​ការរៀនសូត្រ​ ​ ដោយផ្តោតខ្លាំង​លើការបង្កើនលទ្ធភាពរកការងារធ្វើ​។

លទ្ធផលដែលសម្រេចបាន និងរំពឹងទុក៖

  •  ការកែលម្អការសិក្សា៖ ការគ្រប់គ្រងតាមសាលា និងការបណ្តុះបណ្តាលគ្រូ បានលើកកម្ពស់ការសិក្សារបស់សិស្សថ្នាក់ទី១ ដល់ទី៩ ជាង ៦សែននាក់ (ស្មើនឹង ២២ភាគរយ នៃសិស្សសាលារដ្ឋ)។ សិស្សជាង ១,១ លាននាក់ ទទួលបានអត្ថប្រយោជន៍ពីគ្រូបង្រៀនដែលមានសមត្ថភាព និងគ្រឿងបរិក្ខារប្រសើរជាងមុន។ ជាលទ្ធផល ៥៤.៦ភាគរយ នៃសាលាគោលដៅមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើមុខវិជ្ជាអាន និងគណិតវិទ្យា។ ក្រៅពីនេះ កុមារមានពិការភាព ៩០០០ នាក់ បានទទួលឧបករណ៍ជំនួយ បន្ទាប់ពីការពិនិត្យកាយសម្បទាលើសិស្សចំនួន ១ លាននាក់។។
  •  ផលចំណេញផ្នែកការងារ​៖ ចន្លោះឆ្នាំ២០១៨ និង ឆ្នាំ២០២៥ និស្សិតជិត ៧​ ០០០នាក់ បានបញ្ចប់ការសិក្សាពីគ្រឹះស្ថាន​អប់រំ​ដែលគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដោយមានអត្រាមាន​ការងារធ្វើ​​ជាង ៩៣ភាគរយ បើធៀបទៅនឹង ៧២ភាគរយ នៅសាកលវិទ្យាល័យក្រៅគម្រោង ដែល​ស្មើនឹង ២១,៥ពិន្ទុភាគរយ ខ្ពស់​ជាង។  ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាពីគ្រឹះស្ថានអប់រំក្រោមគម្រោង HEIP មាន ៦៨ភាគរយដែល​ទទួលបានការងារធ្វើក្នុងរយៈពេលមួយឆ្នាំក្រោយ​ការបញ្ចប់ការសិក្សា ហើយ ១១ ភាគរយ ទទួលបានប្រាក់បៀវត្សរ៍​បីដងខ្ពស់ជាងប្រាក់​បៀវត្សរ៍សម្រាប់​ការ​ងារ​​កម្រិតបឋម។ ត្រង់នេះបង្ហាញឱ្យឃើញ​នូវ​តម្លៃទីផ្សារដ៏រឹងមាំរបស់​កម្មវិធីកំណែទម្រង់ STEM និងកម្មវិធីដែលផ្សារភ្ជាប់​ជាមួយ​ឧស្សាហកម្មក្នុង​សេដ្ឋកិច្ច​។
  • នៅឆ្នាំ២០២៩ សិស្សជិតមួយលាននាក់នឹងរៀននៅ​ក្នុងបរិយាកាស​កាន់តែប្រសើរ។ ជាមួយគ្នានោះ កុមារពីរលាននាក់នឹងទទួលបាន​ការពិនិត្យពិការភាពជារៀងរាល់ឆ្នាំ ដែរ។
  •  នៅឆ្នាំ២០៣១ និស្សិតបញ្ចប់ការសិក្សាចំនួន ១៨ ០០០នាក់ ថែមទៀត​នឹង​ទទួល​បាន​ការ​បំពាក់ ជំនាញតម្រូវ​តាម​ទីផ្សារ ដែលក្នុងនោះ តាមការរំពឹងទុក ៨៥ភាគរយ ឬច្រើនជាងនេះ នឹងមានការងារធ្វើក្នុងរយៈពេលមួយឆ្នាំក្រោយ​បញ្ចប់ការសិក្សា។

ការរួមចំណែកដល់គោលដៅរបស់ក្រុម​ធនាគារពិភពលោក និងការងារ

ការវិនិយោគលើវិស័យអប់រំរបស់ធនាគារពិភពលោក កំពុងធ្វើការផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា តាមរយៈការផ្សារភ្ជាប់ការសិក្សាទៅនឹងការងារដោយផ្ទាល់។ ក្រៅពីនិស្សិតបញ្ចប់ការសិក្សាជិត ៧ 000នាក់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រព័ន្ធផ្លូវការស្រាប់​​, កម្មវិធីដែលគាំទ្រ​ធនាគារពិភពលោក កំពុងកសាងធនធានពលកម្មដែលមានទេពកោសល្យប្រកបដោយនិរន្តរភាពសម្រាប់អនាគត។ ក្នុងន័យនេះ គេរំពឹងថានឹងមាននិស្សិតបញ្ចប់ការសិក្សាចំនួន ១៨ ០០០នាក់ថែមទៀត

ការវិនិយោគលើវិស័យអប់រំរបស់ធនាគារពិភពលោក កំពុងធ្វើការផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា តាមរយៈការផ្សារភ្ជាប់ការសិក្សាទៅនឹងការងារដោយផ្ទាល់។ ក្រៅពីនិស្សិតបញ្ចប់ការសិក្សាជិត ៧ 000នាក់ ដែលកំពុងធ្វើការក្នុងប្រព័ន្ធផ្លូវការស្រាប់, កម្មវិធីដែលគាំទ្រធនាគារពិភពលោក កំពុងកសាងធនធានពលកម្មដែលមានទេពកោសល្យប្រកបដោយនិរន្តរភាពសម្រាប់អនាគត។ ក្នុងន័យនេះ គេរំពឹងថានឹងមាននិស្សិតបញ្ចប់ការសិក្សាចំនួន ១៨ ០០០នាក់ថែមទៀត ប្រកបដោយជំនាញ និងការត្រៀមរួចជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារ នៅឆ្នាំ២០៣១។ កំណែទម្រង់ទាំងនេះមិនត្រឹមតែបង្កើនអត្រាការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់កម្រិតប្រាក់ឈ្នួល និងគុណភាពការងារផងដែរ ដោយនិស្សិតបញ្ចប់ការសិក្សាមានប្រៀបជាងនិស្សិតពីសាកលវិទ្យាល័យដែលនៅក្រៅគម្រោង។ តាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សា, ការបង្កើតភាពជាដៃគូជាមួយឧស្សាហកម្មក្នុងសេដ្ឋកិច្ច, និងការពង្រីកលទ្ធភាពទទួលបានការអប់រំសម្រាប់ក្រុមដែលមានតំណាងភាគតិច កម្មវិធីនេះកំពុងជំរុញឱ្យមានកំណើនប្រកបដោយបរិយាបន្ន និងធ្វើឱ្យកម្ពុជាត្រៀមលក្ខណៈបានកាន់តែប្រសើរ សម្រាប់ការប្រកួតប្រជែងរយៈពេលវែងនៅក្នុងសេដ្ឋកិច្ចពិភពលោក។

មេរៀនដកពិសោធន៍

  • ភាពជាម្ចាស់ពង្រីកឥទ្ធិពល៖ ក្នុងរយៈពេលតែ ១៨ ខែ ស្តង់ដាសាលារៀននៃគម្រោងត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌផ្លូវការរបស់ក្រសួងសម្រាប់អនុវត្តទូទាំងប្រទេស ដែលធានានូវនិរន្តរភាពយូរអង្វែង។  ត្រង់នេះសបញ្ជាក់​ឱ្យឃើញថា ការសហការរចនាកម្មវិធី​ជាមួយរដ្ឋាភិបាល - មិនមែនប្រព័ន្ធស្របគ្នា - បានបង្កើតចេញជាផ្លែផ្កា។
  • ភាពជាដៃគូជាមួយឧស្សាហកម្មក្នុងសេដ្ឋកិច្ច​ផ្តល់លទ្ធផលការងារ៖ កិច្ចសហការដោយផ្ទាល់ជាមួយនិយោជកក្នុងវិស័យឯកជនក្នុងការរៀបចំកម្មវិធីសិក្សាឡើងវិញ បានបង្ហាញឱ្យឃើញ​ថា​វា​មាន​ប្រសិទ្ធភាពជាងវិធីសាស្រ្តក្នុង​ការសិក្សាតាមបែបប្រពៃណី តែមួយមុខ​។ មតិតបពីទីផ្សារការងារបាន​ក្លាយ​ជា​ជំនួ​យ​ស្មារតី​ក្នុង​ការ​រៀបចំខ្លឹមសាររបស់​កម្មវិធី និងអាទិភាពស្រាវជ្រាវ រួមចំណែកដោយផ្ទាល់ធ្វើ​ឱ្យ​មាន​ប្រៀបផ្នែក​ការងារចំនួន ២១,៥ពិន្ទុភាគរយ ខ្ពស់ជាងគ្រឹះស្ថានអប់រំដែលមិនចូលរួម
  • ការងារកំណត់គោលដៅ៖ ការ​ពិនិត្យ​កាយសម្បទារួម​លើ​សិស្សចំនួន ១លាននាក់ រួម​ជាមួយកិច្ច​អន្តរាគមន៍តាម​គោលដៅដោយប្រើឧបករណ៍ជំនួយចំនួន ៩ ០០០ បាននាំកុមារក្រីក្រឱ្យ​មក​ចូល​សាលារៀនវិញ​ ហើយរក្សាពួកគេឱ្យនៅ​រៀនសូត្រជាប់លាប់ ហើយ​អន្តរាគមន៍បែបនេះសបញ្ជាក់ថា ​សមធម៌ ទាមទារឱ្យ​មាន​​កំណត់អត្តសញ្ញាណអ្នក​ចាញ់ប្រៀបគេ និង​វិធានការឆ្លើយតប ក្នុង​ពេល​តែមួយ។

សម្លឹងទៅមុខ

ផ្អែកលើលទ្ធផលដែលមានភស្តុតាងបញ្ជាក់ខាងលើ ធនាគារពិភពលោកនឹងពង្រីកវិសាលភាពកិច្ចអន្តរាគមន៍ប្រកបដោយជោគជ័យនេះ នៅទូទាំងប្រទេស ហើយធ្វើឱ្យឥទ្ធិពលរបស់វាកាន់តែស៊ីជម្រៅ ថែមទៀត។ ស្តង់ដាសាលារៀនរបស់គម្រោង GEIP ដែលត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិរួចហើយ នឹងពង្រីកទៅដល់សាលាបឋមសិក្សាចំនួនជាង ៦ ០០០ នៅឆ្នាំ២០២៨។ គម្រោង HEIP 2 ពង្រីកគំរូផ្តោតលើការងារដល់សាកលវិទ្យាល័យចំនួនប្រាំបន្ថែមទៀត ដោយតម្រង់គោលដៅលើនិស្សិតបញ្ចប់ការសិក្សាចំនួន ១៧៤ ០០០ នាក់ នៅឆ្នាំ២០៣១

ភាពជាម្ចាស់របស់រដ្ឋាភិបាលនាំមកនូវនិរន្តរភាពសម្រាប់កម្មវិធី

ក្របខ័ណ្ឌរបស់គម្រោងឥឡូវនេះបានក្លាយជាស្តង់ដាជាតិហើយ ក្នុងនោះសមត្ថភាពក្នុងស្រុក ត្រូវបានពង្រឹងសម្រាប់ធ្វើការពិនិត្យតាមដាន និងការកែលម្អជាបន្តបន្ទាប់។ ការវាយតម្លៃភាគីទីបីយ៉ាងម៉ត់ចត់ នឹងវាស់វែងឥទ្ធិពលរបស់កម្មវិធី និងធានាឱ្យមានគណនេយ្យភាព។ ភាពបរិយាបន្ននៅតែជាចំណុចស្នូល អមជាមួយនឹងការបន្តការរកមើលជនមានពិការភាព, ការបំពាក់ឧបករណ៍ឌីជីថល និងការរចនាកម្មវិធីមានឆ្លាតវៃអាកាសធាតុដែលបានបង្កប់នៅតាមគ្រប់ផ្នែកនៃកម្មវិធី សំដៅឱ្យមានឥទ្ធិពលវិជ្ជមានយូរអង្វែង។ វិធានការទាំងនេះធានាថា ការកែលម្អគុណភាពអប់រំ និងលទ្ធភាពទទួលបានការអប់រំ គឺមានលក្ខណៈជាស្ថាប័ន និងនៅរក្សាបានរហូតដល់ក្រោយពេលគម្រោងចប់អាយុកាលរបស់វា។

សម្រាប់​ពត៌មានបន្ថែម សូមចូលមើល៖