សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលចេញផ្សាយថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។
ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានក្លាយជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញនេះផងដែរ។ អតិផរណាបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។