- add-style
- font-medium
- lp-body-content
ការកែទម្រង់មុតមាំក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជំនាញ និងគោលនយោបាយ គឺចាំបាច់ដើម្បីរក្សាការរីកចម្រើន និងប្រែក្លាយសក្តានុពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅជាការងារ
ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ — តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤,៥% នៅឆ្នាំ ២០២៦ ដែលបង្ហាញពីភាពធន់នៅចំពោះមុខបញ្ហាប្រឈមជាច្រើនដែលកំពុងកើតមាននៅលើពិភពលោក។ យោងតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ច ប្រចាំឆមាសសម្រាប់តំបន់នេះ កំណើនសេដ្ឋកិច្ចនៅតែមិនដូចគ្នាទេរវាងបណ្តាប្រទេស និងវិស័យនៅក្នុងតំបន់ ខណៈដែលការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែទូលំទូលាយកំពុងបង្កើតឱកាសថ្មីៗ។ របាយការណ៍នេះពិនិត្យមើលលើទស្សនវិស័យសេដ្ឋកិច្ចរយៈពេលខ្លី និងតួនាទីរបស់បញ្ញាសិប្បនិម្មិត ក្នុងការផ្លាស់ប្តូរ និងកំណត់ទម្រង់កម្លាំងពលកម្ម និងសេដ្ឋកិច្ចនាពេលអនាគតរបស់តំបន់ ទោះបីជាការប្រើប្រាស់បច្ចេកវិទ្យានេះនៅតែមិនទាន់ស្មើគ្នាក៏ដោយ។
នៅទូទាំងតំបន់ សេដ្ឋកិច្ចនៃប្រទេសមួយចំនួនបានលូតលាស់លឿនជាងការរំពឹងទុកក្នុងឆ្នាំ ២០២៦ ដោយមានកម្លាំងជំរុញពីការផលិត និងការនាំចេញទំនិញបច្ចេកវិទ្យាខ្ពស់ ដែលបានទ្រទ្រង់ដល់ការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទូទាំងពិភពលោក។ ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកែសម្រួលឡើងវិញ ដោយដំឡើង ១,១ ពិន្ទុភាគរយ ធ្វើឱ្យប្រទេសវៀតណាមនឹងមានកំណើន ៧,៤%, ០,៧ ពិន្ទុភាគរយ ធ្វើឱ្យប្រទេសម៉ាឡេស៊ីនឹងមានកំណើន ៥,១%, និង ០,៧ ពិន្ទុភាគរយ ធ្វើឱ្យប្រទេសថៃមានកំណើន ២,០%។ បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក - ដែលងាយរងគ្រោះខ្លាំងដោយសារតម្លៃថាមពលខ្ពស់ និងមានលទ្ធភាពមានកម្រិតក្នុងការទប់ទល់នឹងផលប៉ះពាល់ពីកត្តាខាងក្រៅនោះ - កំពុងមានកំណើនក្នុងអត្រា ២,២% ដែលយឺតជាងការរំពឹងទុកពីមុនក្នុងកម្រិត ០,៥ ពិន្ទុភាគរយ។ ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ កំពុងមានកំណើនក្នុងអត្រា ៤,៤% ខណៈដែលតម្រូវការក្នុងស្រុកនៅតែស្ទុះងើបមិនរួច ដោយសារទីផ្សារការងារមិនសូវរឹងមាំ និងការបន្តកែសម្រួលនៅក្នុងវិស័យអចលនទ្រព្យ។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «សមាហរណកម្មស៊ីជម្រៅរបស់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទៅក្នុងខ្សែច្រវាក់តម្លៃសកល រួមជាមួយភាពស្វាហាប់ផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាពអំណោយផលក្នុងការទទួលផលប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទូទាំងពិភពលោក»។ លោកបន្ថែមទៀតថា៖ «បញ្ហាប្រឈមនៅពេលនេះ គឺការប្រែក្លាយភាពខ្លាំងរបស់តំបន់ក្នុងការផលិតទំនិញដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ទៅជាការប្រើប្រាស់វាឱ្យបានទូលំទូលាយ ដែលនឹងជួយជំរុញផលិតភាព និងបង្កើតការងារកាន់តែច្រើន ព្រមទាំងការងារប្រកបដោយគុណភាពល្អសម្រាប់ប្រជាជនរាប់លាននាក់។ ប្រសិនបើបណ្តាប្រទេសចាត់វិធានការប្រកបដោយភាពក្លាហាននៅពេលនេះ បញ្ញាសិប្បនិម្មិត អាចក្លាយជាចលករដ៏សំខាន់មួយក្នុងការបង្កើតឱកាស, ការបង្កើនប្រាក់ចំណូល និងការកសាងអនាគតដ៏រុងរឿងសម្រាប់មនុស្សគ្រប់គ្នា»។
នៅក្នុងការវិភាគពិសេសមួយស្តីពីបញ្ញាសិប្បនិម្មិត នៅក្នុងតំបន់ របាយការណ៍បានរកឃើញថា ប្រទេសមួយចំនួនកំពុងទទួលប្រយោជន៍ពីការផ្គត់ផ្គង់ទំនិញដែលជាមូលដ្ឋានសម្រាប់ការកើនឡើងនៃការវិនិយោគលើបញ្ញាសិប្បនិម្មិត នៅទូទាំងពិភពលោក ប៉ុន្តែការរីកសាយភាយនៃបច្ចេកវិទ្យានេះនៅក្នុងវិស័យសេដ្ឋកិច្ចទាំងមូល នៅតែមិនទាន់ស្មើគ្នានៅឡើយទេ។ ការចាប់យកបញ្ញាសិប្បនិម្មិតក្នុងចំណោមបុគ្គល និងក្រុមហ៊ុននានា កំពុងកើនឡើង ប៉ុន្តែក្នុងកម្រិតទាបជាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដោយសារអាជីវកម្មត្រូវប្រឈមមុខនឹងបញ្ហាដូចជា ការចំណាយខ្ពស់ កង្វះជំនាញ និងកង្វល់ជុំវិញសុវត្ថិភាព និងភាពឯកជន។ សម្រាប់ប្រទេសភាគច្រើន ផលចំណេញធំបំផុតក្នុងរយៈពេលខ្លីខាងមុខនឹងកើតចេញពីអ្វីដែលហៅថា "Small AI" (បញ្ញាសិប្បនិម្មិតខ្នាតតូច) ពោលគឺការទទួលយក និងការបន្ស៊ាំខ្លួនបច្ចេកវិទ្យាដែលមានស្រាប់ ជាពិសេសឧបករណ៍ បញ្ញាសិប្បនិម្មិត ដែលងាយស្រួលប្រើប្រាស់។
លោក Sarvesh Suri អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានប្រសាសន៍ថា៖ «វិស័យឯកជនអាចដើរតួនាទីស្នូលនៅក្នុងការប្រែក្លាយសក្តានុពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទៅជាការងារកាន់តែច្រើន និងកាន់តែប្រសើរឡើង នៅទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក»។ លោកមានប្រសាសន៍ទៀតថា៖ «តាមរយៈការកៀរគរទុនវិនិយោគពីវិស័យឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពល, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងការវិនិយោគលើការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ប្រទេសនានាអាចពន្លឿនការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ព្រមទាំងជួយឱ្យក្រុមហ៊ុនខ្នាតតូចមានភាពប្រកួតប្រជែង ស្វាហាប់ និងមានភាពធន់កាន់តែខ្លាំងឡើង»។
បញ្ញាសិប្បនិម្មិត នៅមិនទាន់ជះឥទ្ធិពលខ្លាំងលើការងារដែលដើរដោយប្រព័ន្ធស្វ័យប្រវត្តិនៅឡើយទេ ប៉ុន្តែវាបាននិងកំពុងកែប្រែទម្រង់នៃតម្រូវការជំនាញរួចទៅហើយ។ ក្រុមហ៊ុននានាកំពុងស្វែងរកអ្នកមានជំនាញផ្នែកបញ្ញាសិប្បនិម្មិត កាន់តែច្រើនឡើង រួមជាមួយសមត្ថភាពវិភាគ និងជំនាញទំនាក់ទំនងសង្គម។ បញ្ញាសិប្បនិម្មិត មានប្រសិទ្ធភាពបំផុតក្នុងការជួយការងារដែលទាមទារការគិត និងការសម្រេចចិត្តបែបស្មុគស្មាញ ប៉ុន្តែមានតែ ១៣% ប៉ុណ្ណោះនៃការងារនៅក្នុងតំបន់នេះ ដែលស្ថិតក្នុងប្រភេទនេះ បើធៀបនឹង ៣៩% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
ដើម្បីរក្សាកំណើន និងជំរុញការងារដែលមានផលិតភាពខ្ពស់ជាងមុន របាយការណ៍នេះបានស្នើឱ្យមានវិធានការមុតមាំលើវិស័យចំនួនបី៖
- បង្កលក្ខណៈដល់ការចាប់យក បញ្ហាសិប្បនិម្មិត មកប្រើ តាមរយៈការបង្កើតបរិយាកាសធុរកិច្ចរឹងមាំ, ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថល, ការផ្តល់ហិរញ្ញប្បទាន និងការអភិវឌ្ឍជំនាញដែលអនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ។
- បន្ស៊ាំការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ក្នុងស្រុក ដើម្បីបង្កើតការងារកាន់តែប្រសើរឡើង ដោយប្រើឧបករណ៍ភាសាក្នុងស្រុកដែលសមស្របនៅក្នុងវិស័យដែលអាចស្រូបយកកម្លាំងពលកម្មបានច្រើន និងគ្រប់កម្រិតជំនាញ ដូចជាវិស័យទេសចរណ៍ និងអាជីវកម្មកសិកម្មជាដើម។
- ប្រើប្រាស់តួនាទីសំខាន់របស់រដ្ឋាភិបាល ក្នុងនាមជាអ្នកប្រើប្រាស់ និងជានិយ័តករលើបញ្ញាសិប្បនិម្មិត ដើម្បីកែលម្អសេវាសាធារណៈ, គ្រឹះឌីជីថល, បទប្បញ្ញត្តិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
World Bank Media Relations
- add-style