- add-style
- font-medium
- lp-body-content
ប៉ុន្តែ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួនបួន មានមួយដែលនៅតែក្រីក្រជាងឆ្នាំ២០១៩
វ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ — សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញភាពធន់ជាងការរំពឹងទុកទៅទៀត ទោះបីជាភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃគោលនយោបាយនៅតែបន្តមានក៏ដោយ - នេះបើយោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារពិភពលោក។ កំណើនសកលត្រូវបានព្យាករថានឹងនៅតែរក្សាបានស្ថិរភាពជារួមក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយគ្រាន់តែស្រុតបន្តិចមកនៅត្រឹម ២.៦%នៅឆ្នាំ ២០២៦មុននឹងងើបឡើងដល់ ២.៧%ក្នុងឆ្នាំ ២០២៧ដែលជាស្ថានភាពប្រសើរឡើងបន្តិចធៀបទៅនឹងការព្យាករ កាលពីខែមិថុនា។
ភាពធន់នេះបានឆ្លុះបញ្ចាំងពីកំណើនល្អប្រសើរជាងការរំពឹងទុក ជាពិសេសនៅក្នុងសហរដ្ឋអាម៉េរិក ដែលមានចំនួនប្រហែល ២ ភាគ ៣ នៃការសើរើការព្យាករឡើងវិញ សម្រាប់ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការព្យាករទាំងនេះនៅរក្សាបានដដែល ទសវត្សរ៍ឆ្នាំ២០២០ នឹងត្រូវបានកត់ត្រាទុកថាជាទសវត្សរ៍ដែលពិភពលោកមានកំណើនសេដ្ឋកិច្ចខ្សោយបំផុត គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មក។ របាយការណ៍រកឃើញថា ល្បឿនកំណើនយឺតនេះ កំពុងធ្វើឱ្យគម្លាតក្នុងស្តង់ដាជីវភាពរស់នៅ រីកកាន់តែធំឡើង ជាក់ស្តែង នៅចុងឆ្នាំ២០២៥ បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនស្ទើរតែទាំងអស់មានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់លើសពីកម្រិតនៅឆ្នាំ២០១៩ ប៉ុន្តែក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ចំនួន៤ មានប្រទេសជិតមួយ ដែលមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ទាបជាងមុន។
នៅឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចបានមកពីការស្ទុះឡើងនៃពាណិជ្ជកម្ម មុនពេលមានការផ្លាស់ប្តូរគោលនយោបាយ និងការកែសម្រួលយ៉ាងឆាប់រហ័សនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ ចរន្តស្ទុះឡើងទាំងនេះត្រូវបានគេរំពឹងថានឹងថមថយមកវិញនៅឆ្នាំ២០២៦ នៅពេលដែលតម្រូវការពាណិជ្ជកម្ម និងតម្រូវការក្នុងស្រុក ធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ ការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុសកល និងការពង្រីកសារពើពន្ធក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន គួរតែជួយទប់ស្កាត់ការធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍។ អតិផរណាសកលត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ ២.៦% នៅឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីទីផ្សារការងារកាន់តែទន់ខ្សោយបន្តិច និងការស្រុតចុះនេះតម្លៃថាមពល។ កំណើនត្រូវបានគេរំពឹងថានឹងរើបឡើងវិញនៅឆ្នាំ២០២៧ ទន្ទឹមគ្នានឹងមានការកែសម្រួលចរន្តពាណិជ្ជកម្ម ហើយភាពមិនប្រាកដប្រជានៃគោលនយោបាយ លែងមានតទៅទៀត។
លោក Indermit Gillនាយសេដ្ឋវិទូនៃក្រុមធនាគារពិភពលោក និងជាអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ មានប្រសាសន៍ថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំ សេដ្ឋកិច្ចពិភពលោកកាន់តែមិនសូវមានកំណើន ប៉ុន្តែហាក់ដូចជាកាន់តែមានភាពធន់ទៅនឹងភាពមិនប្រាកដប្រជានៃគោលនយោបាយ។ យ៉ាងណាក៏ដោយ ឋាមវន្ត និងភាពធន់សេដ្ឋកិច្ច មិនអាចញែកពី គ្នាបានយូរ ដោយមិនបង្កការខូចខាតដល់ទីផ្សារហិរញ្ញវត្ថុសាធារណៈ និងឥណទាននោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនយឺតជាងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ដែលមានបញ្ហាច្រើន ហើយជាមួយនឹងកំណើនយឺត សេដ្ឋកិច្ចក៏នឹងរែកពុននូវបន្ទុកបំណុលសាធារណៈ និងឯកជន ខ្ពស់ដែរ។ ដើម្បីបញ្ចៀសការជាប់គាំង និងការគ្មានការងារធ្វើ, រដ្ឋាភិបាលក្នុងប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងជឿនលឿន ត្រូវខិតខំធ្វើសេរីភាវូបនីយកម្មវិនិយោគឯកជន និងពាណិជ្ជកម្មឡើងវិញ ឱ្យបានខ្លាំងក្លា, គ្រប់គ្រងការប្រើប្រាស់ក្នុងស្រុក, និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងលើការអប់រំ»។
នៅឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងថយចុះមកត្រឹម ៤% ពី ៤.២% នៅឆ្នាំ ២០២៥ មុនពេលងើបឡើងដល់ ៤.១% វិញ នៅឆ្នាំ២០២៧ ដោយសារភាពតានតឹងពាណិជ្ជកម្មមានភាពធូរស្រាល តម្លៃទំនិញមានស្ថិរភាព ស្ថានភាពហិរញ្ញវត្ថុមានភាពប្រសើរឡើង និងលំហូរវិនិយោគត្រូវបានពង្រឹង។ កំណើនត្រូវបានព្យាករថានឹងខ្ពស់ជាងនៅក្នុងប្រទេសដែលមានចំណូលទាប ឈានដល់ជាមធ្យម ៥.៦% ក្នុងឆ្នាំ ២០២៦-២៧ ដោយសារមានការជំរុញដោយការពង្រឹងតម្រូវការក្នុងស្រុក, ការងើបឡើងវិញនៃការនាំចេញ, និងការសម្របសម្រួលអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់គ្រប់គ្រាន់សម្រាប់បង្រួមគម្លាតប្រាក់ចំណូលរវាងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចជឿនលឿននោះទេ។ កំណើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានព្យាករថានឹងមាន ៣% ក្នុងឆ្នាំ ២០២៦ — ប្រហែលមួយពិន្ទុភាគរយក្រោមមធ្យមភាគឆ្នាំ ២០០០-២០១៩។ នៅក្នុងល្បឿននេះ ចំណូលសម្រាប់មនុស្សម្នាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេរំពឹងថានឹងមានត្រឹមតែ ១២% នៃកម្រិតក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន ប៉ុណ្ណោះ។
និន្នាការទាំងនេះអាចបង្កើនបញ្ហាប្រឈមនៃការបង្កើតការងារ ដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងជួបការលំបាកស្រាប់ ដោយសារមានមនុស្សវ័យក្មេង ១.២ ពាន់លាននាក់ ដែលនឹងឈានដល់អាយុធ្វើការក្នុងទសវត្សរ៍ក្រោយ។ ដើម្បីជម្នះលើបញ្ហាប្រឈមការងារ ចាំបាច់ត្រូវមានកិច្ចខិតខំផ្នែកគោលនយោបាយទូលំទូលាយ ដែលផ្តោតលើសសរស្តម្ភចំនួនបី។ ទីមួយ គឺការពង្រឹងមូលធនរូបវន្ត ឌីជីថល និងមនុស្ស ដើម្បីបង្កើនផលិតភាព និងលទ្ធភាពការងារ។ ទីពីរ គឺការកែលម្អបរិយាកាសធុរកិច្ច ដោយបង្កើនភាពជឿជាក់នៃគោលនយោបាយ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ដើម្បីអាចឱ្យក្រុមហ៊ុនពង្រីកខ្លួនបាន។ ទីបី គឺការកៀរគរដើមទុនឯកជនក្នុងទំហំធំសម្រាប់គាំទ្រការវិនិយោគ។ វិធានការទាំងនេះរួមគ្នាអាចជួយបង្វែរទិសនៃការបង្កើតការងារឆ្ពោះទៅរកការងារដែលមានផលិតភាព និងការងារផ្លូវការកាន់តែច្រើន គាំទ្រដល់កំណើនប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ។
លើសពីនេះ សេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍត្រូវពង្រឹងចីរភាពសារពើពន្ធរបស់ខ្លួន ដែលត្រូវបានរេចរឹលទៅវិញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាជាច្រើន មានស្ថានការណ៍ប្រឈមសេដ្ឋកិច្ចផ្ទួនៗគ្នា, តម្រូវការអភិវឌ្ឍន៍ដែលកំពុងកើនឡើង និងការកើនឡើងថ្លៃសេវាបំណុល។ ជំពូកផ្តោតពិសេសនៃរបាយការណ៍នេះផ្តល់នូវការវិភាគយ៉ាងទូលំទូលាយអំពីការប្រើប្រាស់ច្បាប់សារពើពន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំណត់ដែនច្បាស់លាស់លើការខ្ចីប្រាក់ និងការចំណាយរបស់រដ្ឋាភិបាល ដើម្បីជួយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ច្បាប់ទាំងនេះ ជាទូទៅ ត្រូវបានផ្សារភ្ជាប់ទៅនឹងកំណើនដ៏រឹងមាំ ការវិនិយោគឯកជនកាន់តែខ្ពស់, វិស័យហិរញ្ញវត្ថុមានស្ថិរភាពជាងមុន និងសមត្ថភាពកាន់តែច្រើនក្នុងការទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ។
លោក M. Ayhan Kose អនុនាយសេដ្ឋវិទូនៃក្រុមធនាគារពិភពលោក និងជានាយកក្រុម Prospects Group មានប្រសាសន៍ថា៖ «ក្នុងពេលដែលបំណុលសាធារណៈនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ មានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងកន្លះសតវត្សរ៍នេះ ការស្ដារឡើងវិញនូវភាពជឿជាក់លើសារពើពន្ធ បានក្លាយជាអាទិភាពបន្ទាន់មួយ។ វិធានសារពើពន្ធដែលមានការរៀបចំល្អ អាចជួយរដ្ឋាភិបាលឱ្យរក្សាស្ថិរភាពបំណុល, បង្កើតការទប់ស្កាត់គោលនយោបាយឡើងវិញ, និងឆ្លើយតបបានកាន់តែមានប្រសិទ្ធភាពចំពោះភាពរង្គោះរង្គើដល់សេដ្ឋកិច្ច។ ប៉ុន្តែវិធានតែមួយមុខមិនគ្រប់គ្រាន់ទេ៖ ភាពជឿជាក់, ការអនុវត្ត, និងការប្តេជ្ញាចិត្តនយោបាយ នៅទីបំផុត ជាកត្តាកំណត់ថាតើច្បាប់សារពើពន្ធនាំមកនូវស្ថិរភាព និងកំណើនដែរឬទេ។»
ជាងពាក់កណ្តាលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ឥឡូវនេះ មានច្បាប់សារពើពន្ធយ៉ាងតិចមួយកំពុងអនុវត្ត។ នៅក្នុងនោះអាចរួមបញ្ចូលដែនកំណត់លើឱនភាពសារពើពន្ធ, បំណុលសាធារណៈ, ការចំណាយរបស់រដ្ឋាភិបាល ឬការប្រមូលចំណូល។ ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដែលអនុម័តច្បាប់សារពើពន្ធ ជាធម្មតា រក្សាសមតុល្យថវិការបស់ខ្លួនបានប្រសើរក្នុងកម្រិត ១.៤ ពិន្ទុភាគរយ នៃផលិតផលក្នុងស្រុកសរុប បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្រោយពីបានគណនាបញ្ចូលនូវការទូទាត់ការប្រាក់ និងការឡើងចុះនៃវដ្តអាជីវកម្ម។ ការប្រើប្រាស់វិធានសារពើពន្ធក៏បង្កើនបាន ៩ ពិន្ទុភាគរយ ផងដែរ នូវលទ្ធភាពនៃការកែលម្អរយៈពេលច្រើនឆ្នាំនៅក្នុងសមតុល្យថវិកា។ របាយការណ៍បានរកឃើញថា ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍រយៈពេលមធ្យម និងរយៈពេលវែងនៃច្បាប់សារពើពន្ធ ពឹងផ្អែកយ៉ាងខ្លាំងទៅលើភាពរឹងមាំរបស់ស្ថាប័ន បរិបទសេដ្ឋកិច្ចដែលច្បាប់ត្រូវបានដាក់អនុវត្ត និងរបៀបដែលច្បាប់ត្រូវបានរៀបចំឡើង។
ទាញយករបាយការណ៍ទាំងស្រុង៖ https://www.worldbank.org/gep (អាចយកបាននៅម៉ោង ៩:៣០ ព្រឹក ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦)
ទស្សនវិស័យក្នុងតំបន់៖
អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក៖ កំណើនត្រូវបានគេរំពឹងថានឹងថយចុះមកត្រឹម ៤.៤% ក្នុងឆ្នាំ២០២៦ និងដល់ ៤.៣% នៅឆ្នាំ២០២៧។ សម្រាប់ព័ត៌មានបន្ថែម សូមមើល regional overview.
អឺរ៉ុប និងអាស៊ីកណ្តាល៖ កំណើនត្រូវបានព្យាករថានឹងរក្សាស្ថិរភាពនៅ ២.៤% ក្នុងឆ្នាំ២០២៦ មុនពេលឡើងដល់២.៧% នៅឆ្នាំ២០២៧។ សម្រាប់ព័ត៌មានបន្ថែម សូមមើល regional overview.
អាមេរិកឡាទីន និងការ៉ាអ៊ីប៖ កំណើនត្រូវបានព្យាករថានឹងកើនឡើងដល់ ២.៣% នៅឆ្នាំ២០២៦ មុនពេលងើបឡើងដល់ ២.៦% នៅឆ្នាំ២០២៧។ សម្រាប់ព័ត៌មានបន្ថែម សូមមើល regional overview.
មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៖ កំណើនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣.៦% នៅឆ្នាំ២០២៦ និងពង្រឹងបន្ថែមទៀតដល់ ៣.៩% នៅឆ្នាំ២០២៧. សម្រាប់ព័ត៌មានបន្ថែម សូមមើល regional overview.
អាស៊ីខាងត្បូង៖ កំណើនត្រូវបានព្យាករថានឹងធ្លាក់ចុះមកត្រឹម ៦.២% ក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញមកត្រឹម ៦.៥% នៅឆ្នាំ២០២៧។សម្រាប់ព័ត៌មានបន្ថែម សូមមើល regional overview.
អនុតំបន់សាហារ៉ាអាហ្រ្វិក៖ កំណើនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤.៣% ក្នុងឆ្នាំ២០២៦ និងឡើងបន្តិចដល់ ៤.៥% នៅឆ្នាំ២០២៧។ សម្រាប់ព័ត៌មានបន្ថែម សូមមើល regional overview.
សូមទាក់ទង៖ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ធនាគារពិភពលោក៖ +1 (202) 473 7660, press@worldbank.org
គេហទំព័រ:https://www.worldbank.org
ហ្វេសប៊ុក:https://www.facebook.com/worldbank
X/Twitter: https://x.com/worldbank
World Bank Media Relations:
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style