- add-style
- font-medium
- lp-body-content
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃនេះបានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។
ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក, ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់ប្លាស្ទិកឱ្យកាន់តែល្អប្រសើរឡើងជាកិច្ចការដែលមានអាទិភាពខ្ពស់នៅក្នុងរបៀបវារៈរបស់ថ្នាក់ជាតិ ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០"។ ដូចនេះ ការគាំទ្រដល់ការអនុវត្តអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងសេវាប្រមូលសំរាម និងការពារសុខភាពសាធារណៈ បរិស្ថាន និងទេសភាពនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។
គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ”។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់, ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន។”
គម្រោងនេះនឹងអនុវត្តរួមគ្នាដោយក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, និងក្រសួងសាធារណការ និងដឹកជញ្ជូន។
Mark Felsenthal
Saroeun Bou
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style