- add-style
- font-medium
- lp-body-content
ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ — របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃនេះបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យអត្រាភាពក្រីក្រនេះបានកើនឡើងវិញក្នុងពេលថ្មីៗនេះ។
របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោក បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។
ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។
របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅក្នុងផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។
ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាពប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោមប្រជាជនទូទៅ។ ការកែលម្អនៃស្ថានភាពនេះបានធ្វើឱ្យគម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅទីជនបទ និងនៅទីប្រជុំជន រួមតូចជាងមុន។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ ”កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធបានជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ការងារនិងប្រាក់កម្រៃ។”
របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែកគោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម។
លោក ប៊ូ សារឿន
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style