១៣ លានដុល្លារអាម៉េរិក ជាហិរញ្ញប្បទានថ្មីដើម្បីពង្រីកការអប់រំផ្អែកលើសមត្ថភាពសម្រាប់អ្នកជំនាញសុខាភិបាល
ធនាគារពិភពលោក បានប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ១៣ លានដុល្លារអាម៉េរិក កាលពីថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៦ សម្រាប់លើកកំពស់ស្តង់ដានៃសេវាសុខភាពនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលអ្នកជំនាញផ្នែកសុខាភិបាល។
មូលនិធិនេះនឹងគាំទ្រដល់គម្រោងរបស់កម្ពុជាស្តីពី ការពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាលមុនចូលបម្រើការងារ ដែលបង្កើនទឹកប្រាក់វិនិយោគសរុបដល់ទៅ ៣៤,៥ លានដុល្លារអាម៉េរិក។ ការផ្តល់ហិរញ្ញប្បទានបន្ថែមនឹងពន្លឿនអន្តរកាលរបស់ប្រទេសទៅធ្វើការអប់រំដោយផ្អែកលើសមត្ថភាពសម្រាប់គ្រូពេទ្យ និងជួយបង្រួញគម្លាតរវាងចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងការអនុវត្តផ្នែកព្យាបាល ដែលជាជំហានសំខាន់ឆ្ពោះទៅកសាងកម្លាំងពលកម្មសុខាភិបាលកាន់តែរឹងមាំ និងកាន់តែមានសមត្ថភាពជាងមុន។
ការផ្តល់សេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជាត្រូវបានពង្រីកក៏ពិតមែន ប៉ុន្តការទទួលបាន និងគុណភាពនៃការថែទាំនៅតែជួបបញ្ហាប្រឈមសំខាន់ៗ។ គម្រោងនេះព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការកែទម្រង់ពីរបៀបដែលគ្រូពេទ្យទទួលបានការបណ្តុះបណ្តាល — គឺការងាកចេញពីការបង្រៀនដែលផ្អែកលើការទន្ទេញមេរៀនស្ទាត់មាត់ ទៅរៀនតាមគំរូដែលសង្កត់ធ្ងន់លើជំនាញអនុវត្តជាក់ស្តែង និងសមត្ថភាពព្យាបាលក្នុងពិភពពិត វិញ។ ចាប់តាំងពីឆ្នាំ២០២០ មក គម្រោងនេះសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបង្កើតបានកម្មវិធីសិក្សាផ្អែកលើសមត្ថភាពថ្នាក់ជាតិចំនួន ១១កម្មវិធី, វគ្គបណ្តុះបណ្តាលបាន ៨៥% នៃសមាជិកមហាវិទ្យាល័យសុខាភិបាល, បំពាក់បន្ទប់ពិសោធន៍ជំនាញ និងកន្លែងពិនិត្យតាមកុំព្យូទ័រ និងកន្លែងអនុវត្តគ្លីនិកដែលមានស្តង់ដាចំនួន ៥០កន្លែង ។ ការដាក់អនុវត្តការអប់រំផ្អែកលើសមត្ថភាពទូទាំងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលទូទាំងប្រទេស បានជួយពង្រឹងគុណភាពនៃការអប់រំសម្រាប់បុគ្គលិកវិជ្ជាជីវៈសុខាភិបាល។
ការផ្តល់ហិរញ្ញប្បទានបន្ថែមនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលសំខាន់ៗមួយចំនួន រួមទាំងការសាងសង់ និងការជួសជុលថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ខេត្តបាត់ដំបង និងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, បំពាក់គ្រឿងបរិក្ខារជាមួយឧបករណ៍ធ្វើត្រាប់តាមទំនើប, និងការពន្លឿនការចាប់យកប្រព័ន្ធអប់រំឌីជីថល។ ហិរញ្ញប្បទាននេះក៏នឹងជួយផងដែរដល់ការពង្រឹងកម្មវិធីបណ្តុះបណ្តាលសុខាភិបាលថ្នាក់ជាតិ, ស្តង់ដា និងការប្រឡងចេញផ្អែកលើសមត្ថភាព ដើម្បីធានាថា អ្នកជំនាញសុខាភិបាលដែលបានបញ្ចប់ការសិក្សា បំពេញតាមស្តង់ដាបានយ៉ាងម៉ត់ចត់។ អាយុកាលរបស់គម្រោងត្រូវបានពង្រីកដល់ពាក់កណ្តាលឆ្នាំ២០២៩។
លោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “កម្ពុជាបានធ្វើឲ្យមានការរីកចម្រើនសំខាន់ៗក្នុងការពង្រឹងការបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលរបស់ខ្លួន ហើយហិរញ្ញប្បទានបន្ថែមនេះនឹងជួយបន្តកិច្ចខិតខំនោះ”។ លោកស្រីមានប្រសាសន៍បន្ថែមថា៖ “បុគ្គលិកសុខាភិបាលដែលមានការអប់រំល្អ និងផ្អែកលើសមត្ថភាព គឺជាចំណុចសំខាន់សម្រាប់ការកែលម្អការផ្តល់សេវា និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីអាចបម្រើប្រជាជនកម្ពុជាគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងប្រទេសបានកាន់តែប្រសើរ”។
ហិរញ្ញប្បទាននេះត្រូវបានផ្តល់តាមរយៈឥណទាននៃសមាគមអភិវឌ្ឍន៍អន្តរជាតិចំនួន ១១,៥ លានដុល្លារអាម៉េរិក និងជំនួយមូលនិធិត្រាស់ចំនួន ១,៥ លានដុល្លារអាម៉េរិក (ពីធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់ ដែលបំពេញបន្ថែមលើថវិការួមចំណែករបស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងសុខាភិបាលមានតួនាទីជាទីភ្នាក់ងារអនុវត្តគម្រោងនេះ។