កិច្ចសហការជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា, អង្គការ WWF, សហគមន៍មូលដ្ឋាន និងធនាគារពិភពលោក បានជោគជ័យក្នុងការការពារសត្វផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះ ក្នុងពេលសាងសង់ផ្លូវថ្នល់ ដែលនេះជាភស្តុតាងបង្ហាញថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចអភិរក្សសត្វ អាចដំណើរការស្របគ្នាបាន។
សង្ខេបសំខាន់ៗ
- គម្រោងដែលគាំទ្រដោយធនាគារពិភពលោក ដើម្បីកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅភាគឦសាននៃប្រទេសកម្ពុជា បានចាត់វិធានការពិសេសដើម្បីការពារសត្វផ្សោតទន្លេមេគង្គដែលជាសត្វកម្រពិសេស និងជិតផុតពូជ។
- ភាពជាដៃគូដ៏រឹងមាំរវាងភ្នាក់ងាររដ្ឋាភិបាល, WWF, សហគមន៍មូលដ្ឋាន និងធនាគារពិភពលោក បាននាំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សសត្វព្រៃប្រកបដោយជោគជ័យ។
- ឥឡូវនេះ សហគមន៍មូលដ្ឋានអាចដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ទីផ្សារ – ហើយចំនួនសត្វផ្សោតក៏កំពុងកើនឡើងដែរ។
នៅក្រោមគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក ការលើកកម្រិតផ្លូវជាតិលេខ ៣៧៧ មិនមែនគ្រាន់តែជាការងារសាងសង់ធម្មតានោះទេ – វាជាគំរូមួយសម្រាប់ការអភិរក្សតាមរយៈកិច្ចសហការគ្នា។ ភាពជោគជ័យរបស់វាមិនមែនអាស្រ័យលើការតភ្ជាប់ប្រជាជនទៅកាន់ទីផ្សារ សាលារៀន និងមន្ទីរពេទ្យទូទាំងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យលើការការពារសម្បត្តិបរិស្ថានដ៏មានតម្លៃរបស់តំបន់ផងដែរ — នោះគឺសត្វផ្សោត (Irrawaddy dolphins) ដែលកំពុងមានចំនួននៅសល់តិចតួច។
សត្វផ្សោតនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាសត្វកម្រចុងក្រោយគេបង្អស់ដែលកំពុងរស់រានមានជីវិតនៅក្នុងទន្លេមេគង្គ។ វាមានចំនួនតិចតួច ហើយប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានថា រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៥នេះ ចំនួនសត្វផ្សោតមានចំនួន ១១១ ក្បាល។
សកម្មភាពសាងសង់ផ្លូវនៅក្បែរទីជម្រកផ្សោត ជាពិសេសនៅជិតស្ពាននៅភូមិ ជ្រោយបន្ទាយ ក្នុងខេត្តក្រចេះ អាចនឹងមានផលរំខានដល់ការរស់នៅសត្វផ្សោតទាំងនោះ និងបង្កគ្រោះថ្នាក់ដល់លំនាំនៃការបន្តពូជរបស់ ដែលស្ថិតក្នុងស្ថានភាពផុយស្រួយស្រាប់។ បើគ្មានការរៀបចំផែនការដោយប្រុងប្រយ័ត្នទេ សកម្មភាពសាងសង់អាចបង្កការបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដែលប៉ះពាល់ដល់ជម្រករបស់សត្វផ្សោតនៅទីនោះ។
ដោយទទួលស្គាល់បញ្ហានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន និងធនាគារពិភពលោកបាន ដោយមានការចូលរួមពីអ្នកជំនាញមកពីមូលនិធិសកលសម្រាប់សត្វព្រៃ (WWF) និងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាធានាថា ការងារសាងសង់នឹងមិនបង្កគ្រោះថ្នាក់ដល់ថនិកសត្វក្នុងទឹកឡើយ។
នៅក្នុងការិយាល័យមូលនិធិសកលសម្រាប់សត្វព្រៃ (WWF) ដែលស្ថិតនៅតាមដងទន្លេក្នុងខេត្តក្រចេះ លោក អៀម សំអ៊ុន ប្រធានដែនជម្រកព្រៃលិចទឹកទន្លេមេគង្គនៃអង្គការ WWF ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទីតាំងសាងសង់ស្ពាន និងផ្លូវ នៅជិតអន្លង់ជ្រៅក្នុងទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោត។ ក្នុងរដូវវស្សាដែលកម្រិតទឹកទន្លេខ្ពស់ សត្វផ្សោតតែងចេញពីអន្លង់ជ្រៅទាំងនេះទៅផ្នែកខាងលើនៃទន្លេ ឬផ្លាស់ទីទៅនៅដៃទន្លេដូចជា ព្រែកកាំពី ដែលមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីទីតាំងការដ្ឋានសង់ផ្លូវ និងស្ពាន។ លោកអៀម សំអ៊ុន មានប្រសាសន៍ថា៖ «ដោយសារតែការធ្វើចល័តទីតាមរដូវកាលនេះ WWF បានស្នើឱ្យធ្វើសកម្មភាពសាងសង់ស្ពានតែក្នុងអំឡុងពេលរដូវប្រាំងប៉ុណ្ណោះ។ យើងក៏បានសុំឱ្យដំឡើងឧបករណ៍ចាប់សញ្ញារលកសំឡេង និងរំញ័រ ដើម្បីតាមដានផលប៉ះពាល់នៃសំឡេងរំខានក្នុងអំឡុងពេលសាងសង់ និងដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតឡើង»។
ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងការកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានរៀបរាប់លម្អិតអំពីការណ៍ដែលគម្រោងនេះបាននាំមកនូវភ្នាក់ងាររដ្ឋាភិបាល កម្មករសំណង់ និងដៃគូនានាដូចជា ធនាគារពិភពលោក និង WWF ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានលើសត្វផ្សោត។ លោកមានប្រសាសន៍ថា៖ «ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរៀបចំគម្រោង យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថាការសាងសង់នឹងមិនប៉ះពាល់ដល់សត្វផ្សោតឡើយ»។
ក្រសួងរបស់លោកបានពិគ្រោះជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហគមន៍មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដូចជា WWF ដើម្បីរកវិធីល្អបំផុតសម្រាប់ការសាងសង់ស្ពាន និងការការពារផ្សោត ក្នុងពេលជាមួយគ្នា។ នៅក្នុងដំណើរការរៀបចំសាងសង់គេបានរកឃើញថាមានស្រទាប់ថ្មក្រាស់នៅក្រោមដីត្រង់ចំណុចទីតាំងរបស់ស្ពាន ហេតុនេះការសាងសង់មូលដ្ឋានគ្រឹះនៃសសរស្ពានត្រូវបានប្តូរទៅជាទម្រជើងតាងធំ (spread footing) វិញ ដែលជាការសម្រេចចិត្តផ្នែកវិស្វកម្មដែលឈរនៅលើការយល់ដឹងអំពី «ភាពរសើបផ្នែកបរិស្ថាន»។ លោកបានពន្យល់ថា៖ «ធ្វើដូច្នេះបានជួយកាត់បន្ថយសំឡេងរំខាន និងរំញ័រក្នុងអំឡុងពេលអនុវត្តការងារគ្រឹះ»។
ឥឡូវនេះ ការងារសង់ផ្លូវ និងស្ពានត្រូវបានបញ្ចប់ ហើយហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានគេរំពឹងថានឹងបង្កើនចំណូលពីផលិតកម្មកសិកម្មក្នុងស្រុក និងអនុញ្ញាតឱ្យកសិករនាំផលិតផលទៅកាន់ទីផ្សារនៅក្នុងប្រទេស និងក្រៅប្រទេស។ លោកមានប្រសាសន៍ថា៖ «ផ្លូវនេះបម្រើខេត្តចំនួនបីដែលមានសក្តានុពលខ្ពស់សម្រាប់ការដាំដុះផលិតផលដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ចេក និងកៅស៊ូ»។ លោកពោលបន្តទៀតថា៖ «ដំណាំទាំងនេះបង្កើតការងារកាន់តែច្រើន និងបង្កើនប្រាក់ចំណូល។ ផ្លូវនេះក៏នឹងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនផងដែរ ឱ្យមកមើលសត្វផ្សោត និងប្រាសាទ និងទីតាំងប្រវត្តិសាស្ត្រនៅភាគឦសាននៃប្រទេសកម្ពុជា»។
ចុះចំពោះសត្វផ្សោតវិញ តើយ៉ាងម៉េចដែរ? លោក អៀម សំអ៊ុន បានចែករំលែកដំណឹងដ៏គួរឱ្យលើកទឹកចិត្តមួយ គឺថា ចាប់ពីឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ ២០២៥ កូនផ្សោតចំនួនប្រាំពីរក្បាល បានកើត។ កំណើតថ្មីៗនេះផ្តល់នូវក្តីសង្ឃឹមដ៏កម្រមួយអំពីអនាគតរបស់សត្វដែលជិតផុតពូជមួយនេះ ហើយវាជាសក្ខីភាពនៃការខិតខំប្រឹងប្រែងអភិរក្សដែលកំពុងបន្តនៅតាមដងទន្លេមេគង្គ។
លោក សំអ៊ុន បានមានប្រសាសន៍ថា៖ «ចំនួនផ្សោតកំពុងកើនឡើង។ វាគឺជាសញ្ញាដ៏គួរឱ្យចាប់អារម្មណ៍មួយដែលថា ការសាងសង់ត្រូវបានគ្រប់គ្រងបានល្អ ហើយមិនបានរំខានដល់ឥរិយាបថបន្តពូជ ឬសុខុមាលភាពរួមរបស់សត្វនេះឡើយ»។
សម្រាប់ទៅថ្ងៃមុខ លោក សំអ៊ុន បានស្នើថា គម្រោងសាងសង់ណាមួយដែលត្រូវបានស្នើឡើងនៅក្នុង ឬក្បែរទីជម្រកផ្សោត គួរតែអនុលោមតាមក្របខណ្ឌស្រដៀងគ្នានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ លោកមានប្រសាសន៍ថា៖ «តាមការមើលឃើញរបស់ខ្ញុំ ភាពជាដៃគូសហការនេះរវាង WWF ភាគីរដ្ឋាភិបាល និងធនាគារពិភពលោក ផ្តល់នូវមាគ៌ាដ៏មានសក្តានុពលមួយដើម្បីដាក់បញ្ចូលនូវឧត្តមានុវត្តន៍ ដោយធានាថាការរៀបចំផែនការសាងសង់ ការប្រតិបត្តិ និងការត្រួតពិនិត្យ គឺត្រូវបានរៀបចំឡើងដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា»។
ភាពជាដៃគូនេះដើរតួជាឧទាហរណ៍ដ៏មានឥទ្ធិពលមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថាតើ កិច្ចសហការដោយមានការគិតគូរ ការត្រួតពិនិត្យជាបន្តបន្ទាប់ និងយុទ្ធសាស្ត្រសម្របខ្លួន អាចផ្តល់លទ្ធផលវិជ្ជមានអ្វីខ្លះ សម្រាប់ទាំងមនុស្ស និងធម្មជាតិ។ តាមរយៈការបង្កើតឱ្យមានយន្តការផ្តល់មតិទៅវិញទៅមកជាប់រហូត — មានការប្រមូលការសង្កេតតាមពេលវេលាជាក់ស្តែង, ការបញ្ចូលការយល់ដឹងពីអ្នកជំនាញ និងការកែលម្អការអនុវត្ត — គម្រោងនេះផ្តល់នូវគំរូផែនការ និងចំណេះដឹងដ៏មានតម្លៃ សម្រាប់គម្រោងនាពេលអនាគត ដែលការអភិវឌ្ឍ និងការអភិរក្សអាចដំណើរការទៅទន្ទឹមគ្នាបាន។