រឿងពិសេស5 ធ្នូ 2025

ជំនាញឆ្ពោះទៅរកភាពជោគជ័យ៖ យុវជនជនជាតិដើមភាគតិចឈានមុខក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា

សង្ខេបសំខាន់ៗ

·       យុវជនជាង ៦០០នាក់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចចំនួន ២០ ទទួលបាន​ធនធាន និង​ការបណ្តុះ​បណ្តាល​ជំនាញ ហើយ ៨០% នៃពួកគេ​ បានយកចំណេះដឹង​ និង​ធនធាន​ទៅ​បង្កើតក្រុមកែច្នៃចំណីអាហារខ្នាតតូច នៅក្នុងភូមិរបស់ខ្លួន​។

·       កសិករជិត ១២០០នាក់ បានធ្វើ​ការដាំដុះដំណាំសាកវប្បកម្មតាមបច្ចេកទេសប្រសើរជាងមុន ដោយ​ប្រើ​ចំណេះ​ដែល​បាន​មក​ពី​​ការអនុវត្តផ្ទាល់ និងសម្ភារៈសម្រាប់​ការ​ដាំដុះ រហូតនាំមកនូវទិន្នផលខ្ពស់ អាហារូបត្ថម្ភប្រសើរជាងមុន និងប្រាក់ចំណូលកើនឡើង។

·       សិស្សានុសិស្សមធ្យមសិក្សាប្រមាណ ១២០០នាក់ បានចូលរួមក្នុងសកម្មភាពសួន​ជីវៈអនុវត្តជាក់ស្តែង ទទួលបានជំនាញផ្នែកសាកវប្បកម្មមាន​ចីរភាព ដែលផ្តល់អត្ថប្រយោជន៍ទាំងដល់គ្រួសារ និងសហគមន៍ក្នុងតំបន់។

នៅខាងមុខតុដាក់តាំងបង្ហាញអាហារសម្រន់ផលិតក្នុងស្រុកដ៏សំបូរបែប​ លោកស្រី សាម៉ន សុភី ស្វាគមន៍ភ្ញៀវក្នុង​ទឹកមុខ​ស្រស់ស្រាយរាក់ទាក់​។ ក្នុងនាមជាប្រធានក្រុ​មយុវជនជនជាតិដើមភាគតិច ដែលមានឯកទេសខាងកែច្នៃចំណីអាហារកសិកម្ម សុភី​មានមោទនភាពណាស់​ដែលខ្លួន និងក្រុមរបស់នាងទទួលបានជំនាញថ្មីៗ។

អ្នកស្រីមានប្រសាសន៍​​ថា៖ «ឥឡូវនេះ យើងអាចរកប្រាក់ចំណូលបានកាន់តែច្រើន និងអាចជួយគាំទ្រកសិករក្នុងស្រុក ដោយទិញកសិផលរបស់ពួកគាត់យកមកកែច្នៃធ្វើ​ជាអាហារសម្រន់»។

នៅឆ្នាំ២០២៤ សុភី និងសមាជិកក្រុម ១៤នាក់ផ្សេងទៀត ដែលមកពីជនជាត់ដើមភាគតិច២ បានទទួលការបណ្តុះបណ្តាលស្តីពីការកែច្នៃចំណីអា​ហារ តាមរយៈគម្រោង «របរចិញ្ចឹមជីវិតមានចីរភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា»​ ដែលមានការ​គាំទ្រ​ថវិកាពីមូលនិធិអភិវឌ្ឍន៍សង្គមជប៉ុន។ ពួកគេបានរៀនអំពីបច្ចេកទេសផលិតកម្ម និងបណ្តាញទីផ្សារពីក្រុម​ផ្សេងៗទៀត មុនពេលចាប់ផ្តើមផលិតដោយ​ខ្លួនឯង។ សព្វថ្ងៃ ក្រុមរបស់អ្នកស្រីផលិតចំណិតល្ពៅក្រៀម និងអាហារសម្រន់ផ្សេងៗទៀតធ្វើពីត្រាវ និងដំឡូងជ្វា ដែល​លក់ឆាប់ដាច់ ដោយសារមានតម្រូវការក្នុងស្រុកខ្ពស់។

យ៉ាងណាក៏ដោយ ពួកគេជួប​​បញ្ហាប្រឈមមួយចំនួន​នៅ​ក្នុង​ការផលិត ដូចជាការអត់មានទូក្លាស្សេត្រជាក់ ឬម៉ាស៊ីនសម្ងួត ដែលជាហេតុធ្វើឱ្យពួកគេអាច​ផលិតបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។ ដើម្បី​ដោះស្រាយបញ្ហានេះ គម្រោងគ្រោងនឹងផ្តល់ម៉ាស៊ីនសម្ងួតមួយ​ចំនួន​ដល់ក្រុមរបស់សុភី ដែលនឹងអនុញ្ញាតឱ្យពួកគេ​អាចធ្វើ​សកម្មភាព​​ផលិតបាន​ពេញមួយឆ្នាំ។

គម្រោងនេះ គឺជាកិច្ចសហការរួមគ្នារវាងព្រះរាជាណាចក្រកម្ពុជា ធនាគារពិភពលោក និងមជ្ឈមណ្ឌលវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) ដែលមានគោលដៅ​សាកល្បងវិធីសាស្រ្តថ្មីៗ សម្រាប់​ជួយគ្រួសារក្នុងសហគមន៍ឱ្យរកប្រាក់ចំណូលចិញ្ចឹមជីវិត។ ជាមួយ​ការគាំទ្រថវិកាចំនួន ២,៧៥លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍សង្គមជប៉ុន រហូតមកដល់ពេលនេះ គម្រោងបានជួយសហគមន៍ជនជាតិដើមភាគតិចចំនួន ២០ ឱ្យ​ទទួល​​បានជំនាញ និងធនធាន ដើម្បីដាំដុះដំណាំដែលមានតម្លៃខ្ពស់ជាងមុន និងស្វែងរកប្រភពចំណូលថ្មីៗ ទាំងនៅក្នុង និងនៅ​ក្រៅចម្ការ។

មកដល់ពេលនេះ គម្រោងបានជួយយុវជនជនជាតិដើមភាគតិចជាង ៦០០នាក់ ឱ្យទទួលបានជំនាញមាន​តម្លៃក្នុងការកែច្នៃចំណីអាហារ និងអាជីវកម្មកសិកម្ម តាមរយៈការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឥឡូវ ៨០% នៃសិក្ខាកាម បានបង្កើតជាក្រុមតូចៗនៅក្នុងភូមិរបស់ខ្លួន​ ហើយដំណើរការសិប្បកម្ម​កែច្នៃក្នុងមូលដ្ឋាន​ និងបង្កើតផលិត​ផលដូចជា ទឹកសណ្តែក ចេកឆាប នំល្ពៅ ជ្រក់ និង ទឹកសាប៊ូលាងចាន ជា​ដើម។

ក្រៅពីក្រុមយុវជនទាំងនេះ​ គម្រោងក៏បានជួយដល់​កសិករជិត ១២០០នាក់ ផ្សេងទៀតដែរ​ ក្នុង​ការ​ចាប់​យកច្ចេកទេសដាំដំណាំសាកវប្បកម្មប្រសើរជាងមុន ឆ្លងតាម​ការរៀនដោយអនុវត្តផ្ទាល់ក្នុងចម្ការឬស្រែ​បង្ហាញ។ បន្ទាប់មក ពួកគេអាចយកបច្ចេកទេសទាំងនេះទៅអនុវត្តបន្តនៅក្នុងចម្ការឬស្រែរបស់ពួកគេផ្ទាល់។ កសិករទទួលបានសម្ភារៈ និងធាតុចូលកសិកម្ម ហើយក្នុងករណីខ្លះ ទទួលបានរោងសំណាញ់ និងប្រព័ន្ធទឹក សម្រាប់​បង្កើនផលិតភាពរបស់​ខ្លួន​។

លោក បេត សុភា កសិករម្នាក់នៅ​ភូមិឡាអឺនក្រែន ឃុំអូរជុំ ខេត្តរតនគិរី បានបញ្ជាក់ថា ការគាំទ្រនេះបានធ្វើឱ្យផលិត​ភាព ប្រាក់ចំណូល និងសុខភាពគ្រួសាររបស់គាត់មានភាពប្រសើរជាងមុន​។ លោកនិយាយថា៖ «ខ្ញុំអាចដាំ​បន្លែដែលមានសុខភាពល្អទាំងនេះ ហើយខ្ញុំមានមោទនភាព និងរីករាយចំពោះលទ្ធផលដែលទទួលបាន»។ លោកបន្តថា៖ «ខ្ញុំពិតជាអរគុណដល់ប្រ​ជា​ជន​ជប៉ុនសម្រាប់ការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសការជួយពួកយើងឱ្យ​ទទួល​​បានជំនាញថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករកម្ពុជា និងសហគមន៍របស់យើង»។

ការសាយ​ភាពនៃឥទ្ធិពលរបស់ជំនួយនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតនៅក្នុងភូមិរបស់លោក សុភា។ កសិករវ័យក្មេងម្នាក់ឈ្មោះ ម៉េង ខូយ និងប្តី​របស់នាង កាលមុន​ធ្លាប់តែ​ចូលក្នុងព្រៃដើម្បីបេះបន្លែព្រៃ ហើយយកទៅលក់នៅទីផ្សារក្នុង​ក្រុងបានលុង ដែលនៅឆ្ងាយពីផ្ទះ។ ឥឡូវនេះ ក្រោយ​ពីចេះ​អនុវត្តវិធីសាស្រ្តថ្មីក្នុងការដាំបន្លែគ្មានជាតិគីមីក្នុងរោងសំណាញ់នៅក្រោយផ្ទះរបស់គាត់ បន្លែរបស់នាង ខូយ មានឈ្មោះល្បីពេញ​ភូមិ និងដល់​សហគមន៍ជិតខាង ហើយតែងមានការបញ្ជាទិញជាញឹកញាប់ទៀតផង។

គម្រោងនេះក៏គាំទ្រដល់សួនជីវៈនៅតាម​សាលារៀនផងដែរ ដោយមានសិស្សានុសិស្សមធ្យមសិក្សាចំនួន ១២០០នាក់ ចូលរួមរៀនអនុវត្តផ្ទាល់ និងទទួល​ការ​បំពាក់ជំនាញជាក់ស្តែងផ្នែកសាកវប្បកម្មប្រកបដោយចីរភាព។ សកម្មភាពនេះជួយពង្រឹងទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសហគមន៍ទាំងមូល។

អ្នកគ្រូ សំអែល សុភាព គ្រូបង្រៀននៅអនុវិទ្យាល័យស្រែព្រះ បានកត់សម្គាល់ថា សួនបំណិនជីវិត ជួយ​បង្រៀន​សិស្សឱ្យចេះពីរបៀបដាំ និងថែទាំដំណាំ រួចហើយ

និងថែទាំដំណាំ រួចហើយ​យកជំនាញទាំងនេះទៅអនុវត្តនៅផ្ទះ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងកាត់បន្ថយការចំណាយ។

រតនគិរី និងមណ្ឌលគិរី ជាខេត្ត​ពីរ​ ដែល​មានសហគមន៍ជនជាតិដើមភាគតិចធំជាងគេនៅកម្ពុជា។ តាមរយៈគម្រោងសម្បទានដីសម្រាប់​ការ​អភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច សហគមន៍ទាំងនេះឥឡូវនេះមានសិទ្ធិកាន់កាប់ដីធ្លីដោយសុវត្ថិភាព និងមានផ្លូវថ្នល់ សាលារៀន និងសេវាមូលដ្ឋានផ្សេងៗទៀតកាន់តែប្រសើរជាងមុន​។

ទោះជាយ៉ាងនេះក្តី ​គ្រួសារជាច្រើននៅតែប្រឈមនឹងភាពក្រីក្រ ការខ្វះខាតស្បៀងអាហារ និងលទ្ធ​ភាព​ទទួលបានសេវាសុខភាព និងការអប់រំមានកម្រិត ទោះបីជាមានដីកសិកម្មសម្បូរបែប និងអាកាសធាតុល្អក៏ដោយ។

គម្រោង «របរចិញ្ចឹមជីវិតមានចីរភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា» ឆ្លើយ​តប​​បញ្ហានេះដោយជួយ​ដល់​ផ្នែករបរចិញ្ចឹមជីវិត​ តាមរយៈការអនុវត្តកសិកម្មបែប​នវានុវត្តន៍ និងការបណ្តុះបណ្តាល​បច្ចេក​ទេស និងការកែលម្អការ​ផ្សារភ្ជាប់​របស់កសិករទៅកាន់ទីផ្សារ និងសេវាកម្មគាំទ្រ។

ឯកឧត្តម គី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កិច្ចសហការរវាងគម្រោងទាំងពីរនេះមានឥទ្ធិពលខ្លាំងក្លាណាស់។ គម្រោងទាំងពីរធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅដល់ភូមិ ធ្វើការសិក្សាព័ត៌មានលម្អិតអំពី​អ្នកទទួលផល កែលម្អអាហារូបត្ថម្ភ និងរៀបចំផែនការគ្រប់​គ្រងបរិស្ថាន និងសង្គម។ ភាពជាដៃគូរវាងគម្រោងទាំងពីរ​បាននាំដល់​ការបង្កើតក្រុមអ្នកផលិត សម្រាប់​ជួយ​កសិករ និងសហគ្រិនក្នុងស្រុកឱ្យកាន់តែសកម្ម រួមដៃគ្នាដើម្បីភាពជោគជ័យរួម។

ឯកឧត្តមមានប្រសាសន៍​​ថា៖ «ទិដ្ឋភាពមួយគួរឱ្យលើកទឹកចិត្ត​នៅ​ក្នុង​ភាពជាដៃគូនេះ គឺការផ្តោតសំខាន់លើបរិយាបន្ន។ ជនជាតិដើមភាគតិចទទួល​បានការ​លើកទឹកចិត្តឱ្យស្វែងយល់ពីផលិតកម្មដំណាំសាកវប្បកម្ម ដែលជាការបើកផ្លូវទៅ បង្កើតរបរចិញ្ចឹមជីវិតថ្មីៗ និងការអនុវត្តប្រកបចីរភាព។ ក្នុងពេលជាមួយគ្នានេះ គំនិតនវានុវត្តន៍ថ្មីៗត្រូវបានបង្ហាញ​ដល់យុវជនក្នុងមូលដ្ឋាន​ ធ្វើ​ឱ្យពួកគេមានការចាប់អារម្មណ៍លើសកម្មភាពកែច្នៃកសិផល សម្រាប់​បង្កើតការងារ និង ប្រាក់ចំណូល»។

«តាងនាមឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទីនេះ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភដល់សាលារៀនរបស់យើងខ្ញុំ ធ្វើឱ្យយើងមានលទ្ធភាពបង្កើតបានសួនបន្លែជីវភាពដ៏ស្រស់ស្អាតមួយនេះ។»
អ្នកគ្រូ សំអែល សុភាព
គ្រូបង្រៀននៅវិទ្យាល័យស្រែព្រះ

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image