Skip to Main Navigation
រឿងពិសេស17 កញ្ញា 2024

ពីមនុស្សម្នាក់ស្ងៀមស្ងាត់ទៅជាមនុស្សម្នាក់រឹងប៉ឹង៖ ឥទ្ធិពលរបស់គណនេយ្យភាពសង្គមក្នុងការកែលម្អការផ្តល់សេវាសាធារណៈ និងជីវភាពរបស់ជនងាយរងគ្រោះបំផុតនៅកម្ពុជា

The World Bank

ចំណងជើង៖ អ្នកស្រី ប៉ាក់ ចាន់ណា អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ថ្លែងនៅក្នុងវេទិកាគណនេយ្យភាពសង្គម នៅរាជធានី​ភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២៤។

សង្ខេបរឿង៖

  • អ្នកស្រី ប៉ាក់ ចាន់ណា ជាអ្នកសម្របសម្រួលផ្នែកគណនេយ្យភាពសហគមន៍ម្នាក់ ក្នុងចំណោម ៣ ៥២៣នាក់នៅកម្ពុជា។ កាលមុន គាត់​​ជា​អ្នក​រើសអេតចាយ​នៅតាមតំបន់អនា​ធិបតេយ្យ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ដំណើរ​​ប្រែ​ប្រួល​ក្នុង​ជីវិត​របស់​គាត់មក​ដល់​ពេល​បច្ចុប្បន្ន ជា​ឧទាហរណ៍មួយ​​ឆ្លុះ​បញ្ចាំង​អំពីអានុភាពបែប​បរិវត្តន៍នៃគំនិតផ្តួចផ្តើមដោយ​គណ​នេយ្យភាពសង្គម។​
  • វេទិកា គណនេយ្យភាពសង្គម ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មាន​ការ​ចូល​រួម​ពីសំណាក់​រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ និង​ក្រុម​យុវជន ដើម្បីរំលេចឱ្យឃើញអំពី​ឥទ្ធិពល​នៃការចូលរួមរបស់ពលរដ្ឋ នៅ​ក្នុង​ការងារផ្តល់​សេវា​សាធារណៈ។
  • ធនាគារពិភពលោកកំពុងគាំទ្រគម្រោងគណនេយ្យភាពសង្គមចំនួនពីរ ដែលមានគោលដៅលើកកម្ពស់​ការអនុវត្តសេវាសាធារណៈ ដោយជូនដំណឹងឱ្យ​ប្រជាពលរដ្ឋបាន​ដឹង​អំពីសិទ្ធិរបស់ខ្លួន លើកទឹកចិត្ត​ពួកគេឱ្យ​ចូលរួម​ក្នុងការតាមដាន​ និងវាយតម្លៃអ្នកផ្តល់សេវា និងជំរុញឱ្យ​មាន​ការសន្ទនារវាងប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន។

មានដើមកំណើត​នៅ​ក្នុងទីក្រុង​ភ្នំពេញ អ្នកស្រី ប៉ាក់ ចាន់ណា ធ្លាប់ឆ្លង​កាត់​ការ​ស៊ូទ្រាំនឹងភាពក្រីក្រ និងការ​មាក់​ងាយ​មិនរាប់រក​របស់សង្គម។ ក្នុង​អតីតភាព​​​ជាអ្នកប្រមូលសំរាមឬអ្នករើសអេតចាយ គាត់​តែង​ត្រូវ​បាន​អ្នកជិតខាងមិន​រាប់​រក ហើយការ​តស៊ូ​ប្រឹងប្រែងរបស់គាត់​ដើម្បី​ចិញ្ចឹមគ្រួសារ ក៏​តែងទទួលបានការមើលងាយពី​សំណាក់​អ្នក​ដទៃ​ដែរ។ អ្នកស្រី​រំឭក​ទាំង​ទឹកភ្នែក​ថា​៖ «ពេលគេប្រដៅកូនរបស់​គេ អ្នកជិតខាង​តែង​តែ​យក​ស្ថាន​ភាព​​គ្រួសារ​ខ្ញុំ​ទៅ​ប្រៀបធៀងឱ្យកូនគេ​ស្តាប់។ ​ហេតុអ្វី​កូនឯង​មិន​ទៅ​សាលា? ​ចង់​ក្លាយជា​អ្នក​រើស​សំរាម​ដូច​ពួកហ្នុង ចង់ក្ររហាម ហើយគ្មាន​អ្នក​ណា​ចង់​រាប់​រក​ជាមួយ​ ឬ​យ៉ាងម៉េច?»

ជីវិតរបស់ អ្នកស្រី ប៉ាក់ ចាន់ណា បានផ្លាស់ប្តូរក្រោយ​ពី​គាត់បាន​ក្លាយ​ខ្លួន​ជាអ្នក​សម្រប​សម្រួល​ផ្នែក​គណនេយ្យ​ភាពសហគមន៍ របស់​គម្រោង Social Accountability projects  ចំនួនពីរ ដែលមានរាជ​រដ្ឋា​ភិបាលកម្ពុជា និង​អង្គការទស្សនៈពិភពលោកអន្តរជាតិ ជាអ្នក​អនុវត្តន៍ ដោយមានការគាំទ្រពីធនាគារពិភពលោក ប្រទេស​ស្វ៊ីស អាល្លឺម៉ង់ និងអូស្ត្រាលី។ គម្រោងទាំងនេះ​ព្យាយាមលើកកម្ពស់​សមិទ្ធកម្ម​របស់​សេវាសាធារណៈ​ តាម​រយៈ​ការ​ជូន​ដំណឹងឱ្យ​ប្រជាពលរដ្ឋបាន​ដឹងអំពីសិទ្ធិរបស់ខ្លួន លើកទឹកចិត្ត​ឱ្យ​ពួកគេចូលរួម​នៅក្នុងការវាយតម្លៃអ្នកផ្តល់សេវា និងជំរុញឱ្យ​មាន​ការសន្ទនារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

នៅក្នុង​ វេទិកាគណនេយ្យភាពសង្គម  ដែល​ត្រូវ​បាន​រៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អ្នកស្រី ប៉ាក់ ចាន់ណា បានចែករំលែករឿងរ៉ាវរបស់គាត់​ជាមួយភ្ញៀវចូលរួមប្រមាណជាង ២៧០នាក់ ដែលមកពីក្រសួង​នានា​របស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ទីភ្នាក់ងារអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមយុវជន។

លោកស្រីរៀបរាប់ដូច្នេះថា៖ «ពេលចាប់ផ្តើមជាអ្នកសម្របសម្រួលដំបូង ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ។ ខ្ញុំខ្លាច ហើយញ័រនៅពេលសម្របសម្រួលកិច្ចប្រជុំក្រុមប្រឹក្សា ជួនកាលនិយាយរដាក់រដុប។ ប៉ុន្តែ ដោយ​បាន​ទទួល​ការបណ្តុះបណ្តាលពីអង្គការទស្សនៈពិភពលោក យូរៗទៅខ្ញុំកាន់តែមានភាពក្លាហាន និងទំនុកចិត្តលើ​ខ្លួន​ឯង។»

ការរ៉ាយរ៉ាប់របស់គាត់​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម Facebook ដែលមានអ្នកទស្សនាចំនួនជាង ៦៧ ០០០នាក់ មើល។

អ្នកសម្របសម្រួលដូច អ្នកស្រី ប៉ាក់ ចាន់ណា ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ឱ្យ​មាន​ការពិភាក្សា​ប្រកប​ដោយ​ស្មោះត្រង់ និងស្ថាបនា រវាងប្រជាពលរដ្ឋ អ្នកផ្តល់សេវា និងរដ្ឋាភិបាលមូលដ្ឋាន និងក្នុងការ​លើក​សំណើ​​ដំណោះ​ស្រាយ ដែលជួយជំរុញឱ្យ​មាន​ការកែលម្អសំខាន់នៅ​ក្នុងការថែទាំសុខភាព ការអប់រំ និងសេវារដ្ឋបាល ពីសំណាក់​រដ្ឋបាលក្នុងមូលដ្ឋាន។ គម្រោងគណនេយ្យភាពសង្គមទាំងនេះ  បានធ្វើ​ឱ្យ​ទំហំ​ភាគចំណែក​របស់​អ្នកផ្តល់សេវា​នៅក្នុង​តំបន់គោលដៅរបស់គម្រោងដែលបំពេញបាន​តាមស្តង់ដាសេវាកម្មសំខាន់ៗ មានចំនួន​កើនឡើងដល់ ៨៤ ភាគរយ ក្នុងឆ្នាំ២០២៣ ពី ៤២ភាគរយ ក្នុងឆ្នាំ២០២០។ នៅ​ក្នុងនោះ អ្នកសម្របសម្រួល​ទទួល​បានការ​បណ្តុះបណ្តាល​អំពី​ការផ្សព្វផ្សាយព័ត៌មាន, ថវិកាមានតម្លាភាព, ការតាមដាន​របស់​ប្រជាពលរដ្ឋតាមរយៈតារាងពិន្ទុសហគមន៍, ជំនាញសម្របសម្រួល និងភាពជាអ្នកដឹកនាំ ដើម្បីគាំទ្រសកម្មភាពរួម។ ពួកគេក៏ទទួលបានផង​ដែរ​នូវ​ការណែនាំ បង្វឹកលើ​ការ​តាម​ដានក្នុង​ពេល​អនុវត្ត​ការ​ងារ​ផ្ទាល់ ដែល​ជួយពួកគេ​ឱ្យ​បង្កើនសមត្ថភាព និង​ភាព​ជឿជាក់​លើខ្លួន​ឯង បានកាន់​តែ​ខ្ពស់​ថែម​ទៀត។

គណនេយ្យភាព​សង្គម ​ក៏​អាច​ជួយ​មនុស្ស​ឱ្យ​មាន​លទ្ធ​ភាព​​ចូល​ប្រើ​សេវា​សាធារណៈបាន​កាន់​តែ​ច្រើនដែរ​​។ នៅ​តាមជនបទនៃប្រទេសកម្ពុជា កាលពីរទស្សវត្សរ៍មុន ប្រហែលពាក់កណ្តាលនៃចំនួន​ប្រជាជនជា​អ្នក​​មិនចេះអក្សរ, ប្រជាពលរដ្ឋជាច្រើនមិនបានដឹងពីសិទ្ធិរបស់ខ្លួន​ និងខ្វះព័ត៌មានអំពីសេវាកម្មដែលពួកគេមានសិទ្ធិទទួលបាន។ ជនក្រីក្របំផុតតែងតែមិនដឹងថាពួកគេមានសិទ្ធិទទួលបានការថែទាំសុខភាពដោយមិនគិតថ្លៃ នោះទេ។

ដំណើរជីវិត​របស់​អ្នកស្រី ប៉ាក់ ចាន់ណា ពីមនុស្ស​ស្ងៀមស្ងាត់ទៅជាមនុស្ស​ម្នាក់​រឹងប៉ឹង គឺ​ជា​សក្ខីកម្ម​បញ្ជាក់​អំពី​សក្តា​នុពលបែបបរិវត្តន៍​នៃការចូលរួមរបស់ប្រជាពលរដ្ឋ។ តាមរយៈការបង្កើន​ភាព​អង់​អាច​ និងសកម្មភាពរួមគ្នា បុគ្គល​ម្នាក់ៗអាចបញ្ចេញយោបល់​របស់ខ្លួន  និងក្លាយជាកាតាលីករ​ជំរុញ​ឱ្យ​មាន​​ការប្រែប្រួល​ប្រកបដោយអត្ថន័យ​​នៅ​ក្នុង​សហគមន៍របស់ពួកគេ។

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image