- font-medium
- bg_blue_05
អត្ថបទថ្មីៗ
- គម្រោងកែលម្អគុណភាពការអប់រំមធ្យមសិក្សានៅកម្ពុជា ដែលមានការទ្រទ្រង់ថវិកាពីធនាគារពិភពលោក បានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំមធ្យមសិក្សាតាមរយៈការពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន, ការបង្កើនគុណវុឌ្ឍិរបស់គ្រូបង្រៀន និងការសាងសង់ និងជួសជុលថ្នាក់រៀន។
- គម្រោងនេះបាននាំអត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សជិត ៧០ ០០០ នាក់ ដែលក្នុងនោះ ៣៤ ៦០០ ជាសិស្សស្រី នៅក្នុងសាលាគោលដៅចំនួន ១០០។ គ្រូបង្រៀនជាង ២០០០ នាក់ និងបុគ្គលិកគ្រប់គ្រងសាលាជិត ៦០០នាក់បានបញ្ចប់ការបណ្តុះបណ្តាលបង្កើនគុណវុឌ្ឍិរបស់ខ្លួន។
- ឈរនៅលើជោគជ័យនេះ ធនាគារបានអនុម័តគម្រោងកែលម្អគុណភាពការអប់រំទូទៅមួយ ដែលមានវិសាលភាពគ្របដណ្តប់សាលារៀនចំនួន ១ ៦៣៣ បន្ថែមទៀត។
- lp-body-content
- first-letter
លោក លី យ៉ានី្ន នាយកសាលាអនុវិទ្យាល័យសំប៉ាន ខេត្តកណ្តាល បានរំលឹកឡើងដូច្នេះថា៖ “កាលពីមុនៗ យើង ដាក់ទណ្ឌកម្មសិស្សដោយឱ្យពួកគេសរសេរចម្លងមេរៀនឡើងវិញមួយរយដង”។ ប្រសិនបើពួកគេមកយឺត យើងមិនអនុញ្ញាតឱ្យចូលសាលាទេ ហើយយើងស្តីបន្ទោសប្រសិនបើពួកគេប្រព្រឹត្តខុសឆ្គង។ យើងមិនបានជួយសិស្សឱ្យបន្តការសិក្សារបស់ខ្លួនទេ ផ្ទុយទៅវិញយើងបានបង្ខំគេដោយប្រយោលឱ្យបោះបង់ចោលការសិក្សាទៅវិញ ប្រសិនបើពួកគេរៀនមិនចេះ ឬមានអាកប្បកិរិយាល្អ”។
លោក យ៉ាន្នី បានធ្វើជាគ្រូបង្រៀន និងជានាយកសាលាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ នៅក្នុងរយៈកាលកន្លងមក គាត់បានអនុវត្តវិធីសាស្រ្តយ៉ាងតឹងរ៉ឹង ក្នុងគោលបំណងធ្វើឱ្យសិស្សរៀនពូកែ ដើម្បីទៅប្រកួតប្រជែងជាមួយសិស្សមកពីសាលាផ្សេងៗ នៅមូលដ្ឋានក្នុងស្រុក និងទូទាំងប្រទេស។ ប៉ុន្តែផ្ទុយទៅវិញ វិធីនេះបានបណ្តាលឱ្យចំនួនសិស្សនៃសាលារបស់លោកបានធ្លាក់ចុះជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំ ពីសិស្សប្រហែល ៥០០ នាក់មកនៅត្រឹម ២៤០ នាក់ ដោយសារអាណាព្យាបាលនាំគ្នាបញ្ជូនកូនរបស់ពួកគេទៅរៀននៅសាលាក្បែរនោះវិញ។ ប្រការនេះ បានពញ្ញាក់ស្មារតីរបស់គាត់ថា ប្រសិនបើចំនួននៅតែបន្តធ្លាក់ចុះបែបនេះទៀត សាលារបស់គាត់អាចនឹងត្រូវបិទទ្វារជាមិនខាន។ គាត់ក៏បានពិគ្រោះយោបល់សុំដំបូន្មានពីសាលាផ្សេងទៀត ដែលមានការគាំទ្រពីគម្រោងកែលម្អគុណភាពការអប់រំមធ្យមសិក្សារបស់ធនាគារពិភពលោក ថាតើគួរធ្វើដូចម្តេច។
ដំបូន្មានអ្វីខ្លះទៅដែលគេផ្តល់ឱ្យគាត់? ជាជាងការដាក់ទណ្ឌកម្មសិស្ស “គួរតែសួរនាំពួកគេឱ្យបានកាន់តែច្រើននៅក្នុងសកម្មភាពបង្រៀន និងការរៀន, ស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ, ពិគ្រោះគ្នាជាមួយឪពុកម្តាយ និងសហគមន៍ដើម្បីរកវិធីជួយពួកគេឱ្យកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពនៃការបង្រៀន និងបរិយាកាសក្នុងសាលាដើម្បីធ្វើឱ្យកុមារចង់មករៀន”។ ដំបូន្មាននេះបានជួយសាលាក្នុងការទាក់ទាញសិស្សរបស់ខ្លួនមកវិញ ដោយចំនួនអ្នកចុះឈ្មោះថ្មីបានកើនឡើងដល់ប្រហែលមួយរយនាក់នៅឆ្នាំនេះ។
លោកស្រី ផុន ចាន់ធឿន គ្រូបង្រៀនប្រវត្តិសាស្ត្រ និងភូមិវិទ្យានៅវិទ្យាល័យ ព្រែកតាទែន ក៏ធ្លាប់ដាក់ទណ្ឌកម្មទៅលើសិស្សដែរ ដោយជឿថា វិធីនេះនឹងធ្វើឱ្យពួកគេខិតខំរៀនសូត្រ និងយកចិត្តទុកដាក់លើការបង្រៀនរបស់លោកស្រីឱ្យកាន់តែខ្លាំងឡើង។ ប៉ុន្តែវាមិនបាននាំមកនូវលទ្ធផលដូចការចង់បានរបស់លោកស្រីឡើយ។ ផ្ទុយទៅវិញ លោកស្រីឃើញថា ពេលណាគាត់ធ្វើបែបនេះ សិស្សព្យាយាមស្តាប់ ប៉ុន្តែស្តាប់ទាំងភ័យខ្លាច ហើយមិនអាចផ្ចង់ស្មារីលើមេរៀនបានទេ។
កាលពីពីរឆ្នាំមុន លោកស្រី ចាន់ធឿន ចាប់ផ្ដើមប្រើវិធីបង្រៀនដែលផ្តោតលើសិស្សជាគោល។ ជាជាងបង្រៀនតាមបែបធ្វើបាឋកថាដល់សិស្ស លោកស្រីដាក់ប្រធានបទឱ្យសិស្សជជែកគ្នាជាក្រុម ហើយបន្ទាប់មកធ្វើបទបង្ហាញជូនថ្នាក់ទាំងមូល។ បច្ចុប្បន្ននេះ លោកស្រី ជារឿយៗ តែចាប់ផ្តើមការរៀនដោយសួរសិស្ស — ដែលច្រើនតែមកពីគ្រួសារក្រីក្រ — ឱ្យនិយាយចែករំលែកអំពីស្ថានភាពរបស់ពួកគេ។ វិធីបង្រៀនថ្មីនេះជួយឱ្យពួកគេរៀនចេះបានច្រើន កាន់តែរីករាយក្នុងថ្នាក់ ហើយថែមទាំងបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងរវាងសិស្ស និងគ្រូទៀតផង។
អាទិភាពមួយនៃគម្រោងអប់រំនេះ គឺកាត់បន្ថយចំនួនកុមារដែលបោះបង់ការសិក្សា តាមរយៈការជួយគាំទ្រដល់សិស្សមកពីគ្រួសារក្រីក្រ ឬគ្រួសារមានការបំពាន។ លោក ងាម ស៊ីដារ៉ា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ ជាមួយគ្រូបង្រៀន តែងតែចុះទៅដល់ផ្ទះរបស់សិស្សដែលខានចូលរៀនញឹកញាប់ ឬមានពិន្ទុមិនល្អ ដើម្បីសួរនាំអំពីមូលហេតុនៃបញ្ហាទាំងនេះ។ លោកនិយាយថា ការយល់ដឹងអំពីស្ថានភាពរបស់សិស្សដែលជួបការលំបាកគឺមានសារៈសំខាន់ខ្លាំងណាស់។ ឪពុកម្តាយខ្លះមិនចង់ឱ្យកូនទៅសាលារៀនទេ ដោយសារពួកគេត្រូវការឱ្យកូនជួយរកប្រាក់ រីឯសិស្សខ្លះទៀតជួបប្រទះការរំលោភបំពាននៅផ្ទះ។
លោកមានប្រសាសន៍ថា៖ “ពេលខ្លះយើងចំណាយពេលយូរក្នុងការបញ្ចុះបញ្ចូលឪពុកម្តាយ ជាពិសេសក្នុងគ្រួសារដែលមានការរំលោភបំពាន ឱ្យព្រមព្រលែងកូនរបស់ខ្លួនឱ្យទៅចូលរៀនវិញ”។ យើងប្រាប់គាត់ថាប្រសិនបើចង់ឱ្យកូនពួកគេមានជីវភាពធូរធារទៅថ្ងៃមុខ គាត់គួរតែអនុញ្ញាតឱ្យកូនបន្តការសិក្សា។ ជាធម្មតាពួកគេយល់ព្រមតាម។ ប៉ុន្តែក្នុងករណីខ្លះ យើងត្រូវនាំមេភូមិ ឬមេសហគមន៍ ឬព្រះសង្ឃទៅពិភាក្សាជាមួយឪពុកម្តាយមុននឹងយើងអាចបានក្មេងទៅចូលសាលាវិញ”។
លោក យ៉ាន្នី លោកស៊ីដារ៉ា និងស្រីចាន់ធឿន ស្ថិតក្នុងចំណោមនាយកសាលាជិត ៦០០ នាក់ និងគ្រូបង្រៀនជាង ២ ២០០ នាក់ ដែលបានចូលរួមក្នុងកម្មវិធីបង្កើនគុណវុឌ្ឍិភាពជាអ្នកដឹកនាំ និងជាគ្រូបង្រៀន ក្រោមគម្រោងនេះ។ កម្មវិធីទាំងនេះមិនត្រឹមតែបានផ្លាស់ប្តូរទម្លាប់អនុវត្តន៍ក្នុងការបង្រៀន និងការរៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបៀបគ្រប់គ្រងសាលារៀនផងដែរ។
គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សជិត ៧០ ០០០ នាក់ដែលក្នុងនោះជាង ៣៤ ៦០០នាក់ជានារីនៅក្នុងសាលាគោលដៅចំនួន ១០០។ ដូចនៅអនុវិទ្យាល័យសំប៉ាន គម្រោងនេះក៏បានសាយភាយដល់សិស្សជាង ៣៨៧ ០០០នាក់នៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សាដែលមិនមែនជាគោលដៅ ផងដែរ។
- lp-body-content
- first-letter
- lp-body-content
ការធ្វើតេស្តដើមឆ្នាំ និងប្រចាំខែ
ដើម្បីបង្កើនគុណភាពនៃការរៀនសូត្ររបស់សិស្ស គម្រោងនេះតម្រូវឱ្យសាលាគោលដៅធ្វើការធ្វើតេស្តសាកល្បងនៅរាល់ដើមឆ្នាំសិក្សា និងការធ្វើតេស្តប្រចាំខែជាទៀងទាត់ ដើម្បីវាស់ស្ទង់កម្រិតសិក្សារបស់សិស្ស។ លទ្ធផលនៃការធ្វើតេស្តទាំងនេះត្រូវបានសាលារៀនយកធ្វើជាមូលដ្ឋានសម្រាប់រៀបសិស្សជាក្រុមតាមសមត្ថភាពសិក្សាដើម្បីបង្កើតថ្នាក់របស់ពួកគេ។ សិស្សដែលមានថ្នាក់ទាបត្រូវបានផ្តល់ម៉ោងសិក្សាបន្ថែម ដើម្បីជួយពួកគេឱ្យព្យាយាមខិតខំឱ្យបានពិន្ទុកាន់តែល្អ។
លោក ខុន សុខា នាយកស្តីទីនៃវិទ្យាល័យកោះដាច់ រាជធានីភ្នំពេញ មានប្រសាសន៍ថា ដើម្បីជួយសិស្សានុសិស្សដែលរៀនមិនទាន់គេ សាលាបានចាត់គ្រូឱ្យបង្រៀនថ្នាក់បន្ថែម ដោយគ្រូទាំងនោះទទួលបានប្រាក់លើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។ ថវិកាលើកទឹកចិត្តគឺបានមកពីការបង់វិភាគទានដោយស្ម័គ្រចិត្តរបស់សហគមន៍។ សិស្សម្នាក់ដែលរៀនបន្ថែមលើមុខវិជ្ជាចំនួនប្រាំមួយនឹងត្រូវបង់ប្រហែល ៣០ ០០០រៀល (៧,៥ ដុល្លារ) ក្នុងមួយខែ ដែលតិចមែនទែនបើធៀបទៅនឹងតម្លៃសម្រាប់គ្រូឯកជន។
គ្រូតម្រូវឱ្យដាក់ផែនការបង្រៀនសម្រាប់ថ្នាក់នីមួយៗ ហើយសិស្សក៏ត្រូវបានបណ្តុះបណ្តាលឱ្យកត់ត្រាម៉ោងបង្រៀន អវត្តមាន ភាពយឺតយ៉ាវ និងការអនុវត្តរបស់គ្រូរបស់ពួកគេជារៀងរាល់សប្តាហ៍ដែរ។ គណៈកម្មាធិការគ្រប់គ្រងសាលារៀនផ្ទៀងផ្ទាត់កំណត់ត្រាទាំងនេះមុនពេលបង់ប្រាក់ឱ្យគ្រូ។ វិធីទទួលបានការជឿទុកចិត្ត និងការគាំទ្រពីឪពុកម្តាយ និងសហគមន៍។
លោក ម៉ុក បូរ៉ា នាយកសាលាវិទ្យាល័យព្រែកដំបូកខេត្តកំពង់ចាម មានប្រសាសន៍ថា ការធ្វើតេស្តទាំងនេះមានតម្លៃណាស់ ប្រៀបបានទៅនឹងការពិនិត្យ ដោយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរបស់អ្នកជំងឺមុននឹងចេញវេជ្ជបញ្ជាថ្នាំ។ “លទ្ធផលដែលបានមកពីការធ្វើតេស្តទាំងនេះជួយសាលា និងសហគមន៍រៀបចំផែនការបង្រៀនឱ្យមានប្រសិទ្ធភាព។ ជាមួយនឹងទិន្នន័យដែលពួកគេផ្តល់ យើងអាចផ្តល់ថ្នាំបានត្រឹមត្រូវ ដូចគ្រូពេទ្យធ្វើជាមួយអ្នកជំងឺដែរ”។
ការធ្វើតេស្តប្រចាំខែក៏ជួយសិស្សសម្រាប់ការប្រឡងថ្នាក់ជាតិនៅចុងឆ្នាំសិក្សាផងដែរ ដោយការធ្វើតេស្តត្រូវបានរៀបចំ និងធ្វើឡើងតាមស្តង់ដាជាតិ។
ការចូលពាក់ព័ន្ធជាប់លាប់របស់សហគមន៍ខ្លាំង
គោលបំណងសំខាន់មួយនៃគម្រោងគឺធ្វើឱ្យសហគមន៍ចូលពាក់ព័ន្ធសកម្មក្នុងការអប់រំកូនៗរបស់ខ្លួន។ គណៈកម្មាធិការគ្រប់គ្រងសាលារៀននៅតាមសាលាគោលដៅនីមួយៗមានតំណាងសហគមន៍ និងតំណាងអាជ្ញាធរមូលដ្ឋាន។ គណៈកម្មាធិការទាំងនេះគាំទ្រដល់ការគ្រប់គ្រងសាលារៀនដោយការរៃអង្គាសប្រាក់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាការទិញបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺ ការត្រួសត្រាយដីទីធ្លាសាលា និងសួនច្បារជាដើម។ គណៈកម្មាធិការក៏ជួយដល់សិស្សក្រីក្រ និងខិតខំឱ្យក្រុមគ្រួសារបានចូលរួមក្នុងដំណើរការធ្វើតេស្ត ដើម្បីធានាឱ្យមានតម្លាភាព និងប្រសិទ្ធភាព។
លោក ម៉ុក បូរ៉ា វាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់គណៈកម្មាធិការគ្រប់គ្រងសាលារបស់គាត់។ លោកថា តាមរយៈការងាររបស់គណៈកម្មាធិការ សហគមន៍បានរួមចំណែកពី ២០ ទៅ ៥០លានរៀល (៥ ០០០ ទៅ ១២ ០០០ដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងជួយលើការចំណាយប្រតិបត្តិការរបស់សាលា រួមទាំងការចំណាយលើការធ្វើតេស្តជាប្រចាំផងដែរ។
លោក ឈាង លាងហួរ នាយករងវិទ្យាល័យ ហ៊ុន សែន សំពៅពូន ខេត្តកណ្តាល ពន្យល់ថា នៅក្នុងសាលារបស់គាត់ គណៈកម្មាធិការគ្រប់គ្រងសាលាបានបង្កើតអនុគណៈកម្មការសម្រាប់ថ្នាក់នីមួយៗ។ អនុគណៈកម្មាធិការទាំងនេះគាំទ្រការកែលម្អថ្នាក់រៀន រួមទាំងការតុបតែង និងគ្រឿងសង្ហារិមក្នុងថ្នាក់ និងជួយសិស្សដែលប្រឈមមុខនឹងការលំបាក និង ឬមានហានិភ័យក្នុងការបោះបង់ការសិក្សា។
លោកមានប្រសាសន៍ថា៖ “អនុគណៈកម្មការទាំងនេះជាភ្នែក ត្រចៀក និងសរសៃឈាមរបស់គណៈកម្មាធិការគ្រប់គ្រងសាលា។ បើគ្មានពួកគេទេ យើងនឹងពិបាកក្នុងការលើកកម្ពស់គុណភាពរបស់សិស្ស និងរបស់ការគ្រប់គ្រងសាលារបស់យើង”។
លោក លាងហួរ យល់ថា ទាំងនេះគឺជាផ្នែកមួយនៃអត្ថប្រយោជន៍ដែលគម្រោងលើកកម្ពស់ការអប់រំមធ្យមសិក្សាបាននាំមក។ “ចាប់តាំងពីសាលារបស់យើងបានចូលរួមក្នុងគម្រោងនេះ លទ្ធផលសិក្សារបស់សិស្សរបស់យើងបានប្រសើរឡើងយ៉ាងខ្លាំង។ លោកកត់សម្គាល់ថា សិស្សប្រហែល ៨០ ភាគរយឥឡូវប្រឡងជាប់ថ្នាក់ទី ១២ កើនពី ៥០ ភាគរយកាលពីមុន ខណៈអត្រាប្រឡងជាប់ថ្នាក់ជាតិនៅតែមានស្ថិរភាព ប្រហែល ៦៥ ភាគរយ នៅឡើយ។
ជាប់ទាក់ទិន
- lp-body-content