Skip to Main Navigation
រឿងពិសេស 12 កុម្ភៈ 2020

ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយការពារពូជត្រីជិតផុតពូជឱ្យរួចពីការវិនាសបាន

Image

អត្ថបទថ្មីៗ

  • ជលផលដើរតួនាទីជាស្នូលដ៏សំខាន់មួយនៅក្នុងផ្នែកសន្តិសុខស្បៀងនៅប្រទេសកម្ពុជា។ ត្រីទឹកសាប និងជលសត្វច្រើនប្រភេទទៀតនៅក្នុងទន្លេមេគង្គ រួមចំណែកជាងពីរភាគបីនៃប្រភពជាតិប្រូតេអ៊ីនសរុបនៅក្នុងអាហារសម្រាប់ទ្រង់ទ្រង់សារពាង្គកាយ របស់ពលរដ្ឋកម្ពុជា។
  • តាមរយៈគម្រោង«ការគ្រប់គ្រងធនធានទឹកចម្រុះនៃទន្លេងមេគង្គ» ដំណាក់កាលទី៣ (MIWRM3) សហគមន៍ប្រជានេសាទចំនួន៧០ ត្រូវបានបង្កើតឡើង, ទូកមានម៉ាស៊ីនចំនួន១០០គ្រឿងត្រូវបានចែកជូនសហគមន៍ ហើយគ្រួសារក្រីក្របំផុតចំនួន៣៣០ក្នុងចំណោម៥០០គ្រួសារនៃសហគមន៍ប្រជានេសាទ ទទួលបានអំណោយថវិកាខ្នាតតូចសម្រាប់ជួយពង្រីកប្រភពមុខរបរចិញ្ចឹមជីវិតឱ្យបានច្រើនមុខ។
  • ដោយមានការគាំទ្ររឹងមាំពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសហគមន៍ប្រជានេសាទ សកម្មភាពនេសាទខុសច្បាប់មានការថយចុះប្រមាណ ៣០ភាគរយ ចាប់តាំងពីពេលគម្រោងនេះផ្តើមដំណើរការនាពាក់កណ្តាលឆ្នាំ ២០១៨ មក។

អង្គុយជួរមុខ លោក ឈួន ណែម ប្រឹងផ្ទៀងស្តាប់​យ៉ាងយកចិត្ត​ទុកដាក់នៅពេលដែល​អ្នកចូលរួមម្នាក់លើកសំណួរឡើង នៅក្នុង​អង្គប្រជុំ​របស់សហគមន៍​កាល​ពីពេលថ្មីៗនេះថា ហេតុអ្វីបានជាស៊ីពេលយូរម្ល៉េះទម្រាំនឹងអ្នកភូមិដាច់ចិត្តចូលរួម​សកម្ម​នៅ​ក្នុង​សហគមន៍នេសាទ។

រំពេចនោះ លោក ណែម ក្រោកឈរឡើងហើយឆ្លើយតបទៅវិញថា៖ «យើងទាំងអស់គ្នាចាំបាច់ត្រូវតែភ្ញាក់ខ្លួនឡើង ដើម្បីសង្គ្រោះ​ពូជត្រីដែលជិតផុតពូជពីការវិនាស​ហិនហោច។ នៅទីនេះមានសកម្មភាពនេសាទត្រីខុសច្បាប់ច្រើនណាស់។ បើយើងនៅតែដេកលង់លក់មិនរវល់ទេ យើងពិតជានឹងលែងមានត្រីនៅសល់​សម្រាប់​មនុស្សជំនាន់ក្រោយស៊ីហើយ។»

លោក ណែម ជា​សមាជិកម្នាក់នៃសហគមន៍នេសាទពងទឹក ក្នុង​ឃុំ​អូររៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាប៉ែកខាងលើនៃទន្លេមេគង្គ។ សហគមន៍នេះត្រូវបានបង្កើតឡើង​ដើម្បី​បង្ក្រាប​សកម្មភាពនេសាទខុសច្បាប់ និងដើម្បីថែរក្សាពូជត្រីជិតផុតពូជឱ្យនៅគង់វង្សឡើងវិញ។

លោក ទៃ ម៉េត អាយុ​ ៦៣ឆ្នាំ ពិការជើងម្ខាង​ដោយសារ​សង្គ្រាមស៊ីវិលក្នុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយក៏ជា​សមាជិកម្នាក់ទៀតនៃ​សហគមន៍នេះ។ គាត់​បានពោលបន្ថែមទៅលើអ្វីដែល​លោក ឈួន ណែម បាន​និយាយ ដូច្នេះ​ថា៖

«បើទោះជាខ្ញុំ​មិន​អាច​ចូលរួម​ជាមួយ​ក្រុម​ល្បាត​ជិះទូកតាមដងទន្លេក្តីដើម្បី​ចាប់​ទូក​នេសាទខុសច្បាប់​ ខ្ញុំតែង​តែ​រាយ​ការណ៍​ឱ្យ​ក្រុម​ល្បាត​ដឹងកាលណាខ្ញុំ​ឃើញ​ទូក​នេសាទខុស​ច្បាប់​។»

លោក ទុំ​ នីរ៉ូ ប្រធានខ័ណ្ឌរដ្ឋបាលនេសាទខេត្ត​ស្ទឹងត្រែង បាន​ចែករំលែក​នូវ​ការ​ខ្វល់ខ្វាយ​របស់​គាត់​អំពី​ការ​ធ្លាក់​ចុះ​យ៉ាងគំហុក​នូវ​បរិមាណផលត្រី ដោយ​សារ​តែ​សកម្មភាព​នេសាទ​ខុស​ច្បាប់​ នៅ​តាម​ចំណុចទឹកជ្រៅ​(អន្លងជ្រៅៗ) នៃ​ប៉ែងខាងលើនៃទន្លេមេគង្គ ក្នុង​រដូវ​ប្រាំង។ អន្លងទឹកជ្រៅៗ​នៅក្នុងទន្លេ គឺ​ជា​កន្លែង​ត្រីពង​និ​ងភ្ញាស់​កូន រួម​ទាំង​ត្រី​ផ្សោត​ផង​ដែរ។


"យើងទាំងអស់គ្នាចាំបាច់ត្រូវតែភ្ញាក់ខ្លួនឡើង ដើម្បីសង្គ្រោះពូជត្រីដែលជិតផុតពូជពីការវិនាសហិនហោច។ នៅទីនេះមានសកម្មភាពនេសាទត្រីខុសច្បាប់ច្រើនណាស់។ បើយើងនៅតែដេកលង់លក់មិនរវល់ទេ យើងពិតជានឹងលែងមានត្រីនៅសល់សម្រាប់មនុស្សជំនាន់ក្រោយស៊ីហើយ។"
លោក ឈួន ណែម
សមាជិកសហគមន៍នេសាទពងទឹក ឃុំអូររៃ

Image

គម្រោង​«ការគ្រប់គ្រងធនធានទឹកចម្រុះនៃទន្លេងមេគង្គ» ដំណាក់កាលទី៣ (MIWRM3) ជា​គម្រោង​ដែលទទួល​កា​រគាំទ្រ​ផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ជួយ​បង្កើត​ឡើង​នូវ​សហគមន៍​នេសាទ​ចំនួន​៧០ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ ជា​ពិសេស​សហគមន៍​នៅ​តាម​ដងទន្លេមេគង្គ។ គម្រោងនេះជួយ​សហគមន៍​​នេសាទ​ឱ្យ​ចេះរៀបចំ​ផែនការគ្រប់គ្រង, កំណត់ព្រំប្រទល់​តំបន់នេសាទ​ និង​តំបន់​អភិរក្ស​ត្រី,​រឹត​បន្តឹង​ការ​អនុវត្ត​បទប្បញ្ញត្តិនេសាទ និង​ធ្វើ​ការ​វាយ​តម្លៃផែនការគ្រប់​គ្រង​ របស់​ខ្លួន។

លោក ទុំ​ នីរ៉ូ និយាយ​ថា៖ «គម្រោងនេះបាន​មកដល់​ចំពេលវេលាល្អណាស់។ បច្ចុប្បន្ននេះ សហគមន៍​​នេសាទ​កាន់​តែ​មាន​ភាពសកម្មជាង​មុន ដោយ​សហការជាមួយយើង​នៅ​ក្នុង​ការ​បង្រ្កាប​សកម្មភាពនេសាទខុស​ច្បាប់​គ្រប់​រូប​ភាព​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។ ខ្ញុំ​ត្រេកអរ​ណាស់​ដោយ​បាន​ឃើញ​ពួក​គាត់​មានភាពជា​ម្ចាស់​រឹង​មាំ​បែបនេះ។»  

តាមរយៈការគាំទ្រ​រឹង​មាំ​ពីសំណាក់​អាជ្ញាធរ​ខេត្ត និង​មូលដ្ឋាន និងពីសំណាក់​សហគមន៍ប្រជា​នេសាទ​ផ្ទាល់ សកម្មភាព​នេសាទ​ខុស​ច្បាប់​ត្រូវ​បាន​កាត់​បន្ថយ​បាន​ជិត​ ៣០​ភាគរយ។

គម្រោង​ក៏​បាន​ជួយ​ផងដែរ​នៅ​ក្នុង​ការ​សាង​សង់​កន្លែង​ភ្ញាស់​កូនត្រី​មួយ​កន្លែង ដែល​អាច​ភ្ញាស់​កូន​ត្រី បាន​ប្រហែល​ជា​ ៣​លាន​កូន ក្នុង​មួយ​ឆ្នាំ។ កាល​ណា​ធំល្មម កូន​ត្រី​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​លែង​នៅ​ក្នុង​អាងធម្មជាតិ ព្រែក និង​ទន្ល និង​ព្រម​ទាំង​ត្រូវ​បាន​យក​ទៅ​ចែក​ជូន​កសិករ​ទាំង​ឡាយ​ណា​ដែល​ចង់​ចិញ្ចឹម​ត្រី ដោយមាន​ការ​ជួយជ្រោម​ជ្រែង​​ផ្នែក​បច្ចេកទេស។

គម្រោង​នេះ​ក៏​ផ្តល់​អំណោយ​ថវិកា​ខ្នាត​តូច​ផង​ដែរ​ដល់​គ្រួសារ​ក្រីក្រ ដែល​បាន​ចូល​រួម​នៅ​ក្នុង​សហគមន៍នេះ សម្រាប់​ឱ្យ​ពួកគេ​យកទៅប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​ប្រភព​របរចិញ្ចឹម​ជីវិត​ឱ្យ​បាន​ច្រើន​មុខ។ បន្ថែមលើ​ការ​ផ្តល់​អំណោយ​ថវិកា គម្រោង​ក៏ជួយ​សាង​សង់​ហេដ្ឋ​រចនា​សម្ព័ន្ធ​ខ្នាត​តូច​ ដូច​ជា​ស្រះ​ទឹក​និង​លូបង្ហូរទឹក​ សហគមន៍ជាដើម ផង​ដែរ។ គ្រួសារ​ដែល​ទទួល​បានជំនួយ​ថវិកា បាន​យក​ជំនួយនេះ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ចិញ្ចឹម​ត្រី មាន់ ជ្រូក និង​គោ ដើម្បី​បង្កើត​​ចំណូល​បន្ថែម​សម្រាប់​ទ្រទ្រង់គ្រួសារ។

ក្រៅពីនេះ គម្រោង​បាន​ជួយ​ឧបត្ថម្ភដល់ការគ្រប់​គ្រង​ធនធានទឹក​ឱ្យ​មាន​ប្រសិទ្ធភាព តាម​រយៈការ​ផ្តល់ហិរញ្ញវត្ថុគាំទ្រ​ដល់​ដំណើរ​ការ​របស់​ស្ថានីយ៍តាម​ដាន​ស្ថាន​ភាព​ជលសាស្ត្រ និង​ឧតុនិយម,​ ការ​ចុះ​អង្កេត​តាម​ទីតាំងផ្ទាល់, ការ​រៀបចំបង្កើតម៉ូដែល​ធន​ធាន​ទឹក, ការ​សិក្សា​ប្រវត្តិ​អាង​ទឹក និង​កម្មវិធី​តាម​ដាន​​និង​វាយ​តម្លៃ​ធន​ធាន​ទឹក។ ទន្ទឹមគ្នានេះ គម្រោង​បានជួយ​ពង្រឹងសមត្ថភាព​របស់គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា,​ ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម, និង​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុនិយមខេត្ត ក្នុង​ការគ្រប់​គ្រង​ធនធាន​ទឹក​ និង​សកម្មភាព​គ្រប់​គ្រងធន​ធាន​ទឹក​ឆ្លង​ព្រំប្រទល់។

មកទល់ពេលនេះ គម្រោង​បាន​បង្កើតបានសហគមន៍​ប្រជានេសាទចំនួន៧០, សង់​សំណង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ខ្នាតតូច​បាន​១១កន្លែង, ផ្តល់ទូក​មាន​ម៉ាស៊ីន​ចំនួន​១០០គ្រឿង​ និង​គ្រឿង​បរិក្ខារដល់​សហគមន៍​ប្រជានេសាទ ផ្តល់អំណោយ​ថវិកាខ្នាត​តូច​ដល់​គ្រួសារក្រីក្របំផុតចំនួន៣៣០ក្នុងចំណោម៥០០គ្រួសារ​នៃសហគមន៍ប្រជានេសាទ (មួយគ្រួសារ​ទទួល​បាន​២៩៥​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​យក​ទៅ​ចិញ្ចឹម​ត្រី មាន់ ជ្រូក ឬគោ) និង​ជ្រើសរើស​ស្ត្រី ​៣០ភាគរយ​ឱ្យ​មាន​វត្តមានជាសមាជិកនៅក្នុង​គណៈកម្មាធិការសហគមន៍​ប្រជា​នេសាទ សម្រាប់​ធ្វើ​ការ​អនុម័ត​លើហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​មុខ​របរ​ចិញ្ចឹម​ជីវិ​ត ខ្នាត​តូច។

លោក ទុំ​ នីរ៉ូ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ក្នុង​សហគមន៍​ទាំង​អស់​សហការ​គ្នា​ឱ្យ​បាន​ល្អ​ក្នុង​ការ​ខិត​ខំ​ការ​ពារ​ត្រី​ជិតផុតពូជ​ និង​តំបន់​ត្រីពង បើ​មិន​ដូច្នោះទេ បរិមាណត្រីនេះ​នឹង​បន្ត​ធ្លាក់​ចុះ​ជា​មិន​ខាន។

លោក ទុំ​ នីរ៉ូ បាន​ពោល​ពាក្យ​ក្រើន​រំឭក​ដូច្នេះ​ថា៖ «ទោះបីជា​អ្នក​​មាន​ឋានៈ​ខ្ពស់​ដល់ណាក៏ដោយ ឲ្យតែត្រីមេពូជដែល​ជិត​ផុតពូជនេះមិនត្រូវបានការពារទេ អ្នក​​នឹង​គ្មាន​ត្រីធម្ម​ជាតិសម្រាប់​ហូប​ទៀត​ទេ។»



Api
Api