- font-medium
- bg_blue_05
អត្ថបទថ្មីៗ
- កាលនៅក្នុងឆ្នាំ២០១៥ កុមារកម្ពុជាអាយុពីបីទៅបួនឆ្នាំដែលអត់ទទួលបានការអប់រំកុមារតូច មានចំនួន ៧៧,១ភាគរយ ដោយសាររចនាសម្ព័ន្ធទ្រទ្រង់សេវាកម្រិតមត្តេយ្យមានការខ្វះខាត។
- តាមរយៈគម្រោង «ការចិញ្ចឹមបីបាច់ និងការអភិវឌ្ឍកុមារតូចនៅភូមិបណ្តែតទឹក» មណ្ឌលអប់រំកម្រិតមត្តេយ្យសហគមន៍ចំនួន ៧កន្លែង ត្រូវបានសង់ឡើង ក្មេងតូចចំនួន ១០២១នាក់ បានចូលរៀនសាលាមត្តេយ្យសហគមន៍ កុមារ៩៥៩១នាក់ និងឪពុកម្តាយ៧៩៩២នាក់ បានចូលរួមក្នុងកម្មវិធីការចិញ្ចឹមបីបាច់និងការអភិឌ្ឍកុមារតូចនៅតាមផ្ទះ ហើយអាណាព្យាបាល/ម្តាយ១៩១នាក់ ទទួលបានការបណ្តុះបណ្តាលកម្មវិធីអក្ខរភាពសម្រាប់ម្តាយ។
- ទន្ទឹមនឹងវឌ្ឍនភាពដែលទទួលបាន នៅមានជាង៥០ភាគរយនៃក្មេងតូចអាយុពី៣ទៅ៥ឆ្នាំ ក្នុងឃុំរាំងទិល ដែលមិនទាន់បានចូលរៀនថ្នាក់មត្តេយ្យនៅឡើយ។
- lp-body-content
- first-letter
នាង ម៉ៅ ទេព អាយុ៣១ឆ្នាំ កំពុងឈរនៅក្រោមផ្ទះឈើរបស់គាត់ ហើយមិនយូរប៉ុន្មានគាត់ ជាមួយស្នាមញញឹមនៅលើផ្ទៃមុខ ត្រដាងដៃទាំងពីរស្វាគមន៍ លុយ លីកៃ កូនស្រីអាយុបួនឆ្នាំ នៅពេលដែលនាងត្រឡប់មកពីសាលាមត្តេយ្យសហគមន៍វិញ។
«ជម្រាបសួរម៉ែ! ខ្ញុំមកពីរៀនវិញហើយ» -- កុមារី លុយ លីកៃ ពោលដូច្នេះ ហើយនាង ម៉ៅ ទេព ជាម្តាយ ឆ្លើយបតវិញថា «អរគុណ! កូនសម្លាញ់។»
នាង ម៉ៅ ទេព ស្ថិតក្នុងចំណោមស្ត្រីជាច្រើននាក់ទៀត រួមមានម្តាយ យាយ និងស្ត្រីមានផ្ទៃពោះនៅក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលរបស់កម្មវិធីចិញ្ចឹមបីបាច់កូន អំពីរបៀបបង្កើនការរៀនសូត្រ អនាម័យ អាហារបំប៉ន ការការពារ និងការថែទាំកុមារ។ នាងបានទទួលស្គាល់ថា ឥរិយាថរបស់នាងចំពោះកូនមានការផ្លាស់ប្តូរជាវិជ្ជមានបន្ទាប់ពីនាងទទួលបានការបណ្តុះបណ្តាលនេះ។ នាងលែងប្រើសំដីសម្លុតកូនឱ្យធ្វើកិច្ចការ ឬឱ្យទៅរៀនដូចមុនទៀតហើយ ផ្ទុយទៅវិញនាងប្រើពាក្យសំដីស្រទន់ និងកាយវិការលើកទឹកចិត្ត ហើយនិយាយសួរនាំជាមួយកូនច្រើនជាងមុន។
នាងបានរៀបរាប់អំពីទម្លាប់ថ្មីដែលនាងប្រើជាមួយកូនដូច្នេះថា៖ «រៀងរាល់ព្រឹក ខ្ញុំតែងតែបង្រៀនកូនឱ្យចេះលុបមុខ ដុសធ្មេញ និងរៀបចំគ្រែគេងរបស់វាឱ្យស្អាតមុននឹងវាស្លៀកពាក់ទៅសាលារៀន។ ពេលណាវាមានសំណួរ យើងព្យាយាមរកចម្លើយប្រាប់ថាតាមអ្វីដែលយើងចេះ ដូចជាពណ៌ សត្វពាហនៈ ឬសត្វស្លាប ដែលរស់នៅក្នុងភូមិរបស់យើង។ កាលមុន យើងច្រើនតែមិនរវល់ ហើយពេលខ្លះស្រែកដាក់ពួកវានៅពេលណាពួកវាសួរច្រើនពេក ធ្វើឱ្យវាខ្លាច។»
ការបណ្តុះបណ្តាលដែលនាង ម៉ៅ ទេពទទួលបាន គឺជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលនៅតាមផ្ទះផ្ទាល់ តាមរយៈគម្រោង«ការចិញ្ចឹមបីបាច់ និងការអភិវឌ្ឍកុមារតូចនៅភូមិបណ្តែតទឹក»។ គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិអភិវឌ្ឍសង្គមនៃប្រទេសជប៉ុន ដែលចាត់ចែងដោយធនាគារពិភពលោក និងអនុវត្តដោយអង្គការ «សង្គ្រោះកុមារ (Save the Children) ដែលជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលមួយ នៅប្រទេសកម្ពុជា។ គម្រោងនេះមានគោលដៅបង្កើនលទ្ធភាពទទួលបានសេវានៃការចិញ្ចឹមបីបាច់និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព តាមរយៈការផ្តល់កម្មវិធីបណ្តុះបណ្តាលនៅតាមផ្ទះសម្រាប់កុមារអាយុក្រោម ៥ឆ្នាំ ជាពិសេស កុមារក្នុងគ្រួសារក្រីក្រលំបាកជាងគេ នៅតាមតំបន់គោលដៅរបស់គម្រោង។
តាមរយៈការឧបត្ថម្ភរបស់គម្រោងនេះ មណ្ឌលមត្តេយ្យសាលាចំនួន៧កន្លែងត្រូវបានសាងសង់ ហើយអ្នកសម្របសម្រួលសហគមន៍ឬគ្រូជាប់កិច្ចសន្យាចំនួន៥៩នាក់ ទទួលបានការបណ្តុះបណ្តាល រួមទាំងមន្ត្រីឃុំផងដែរ ឱ្យមានសមត្ថភាពកែលម្អសេវាអប់រំក្មេងតូចនៅក្នុងសហគមន៍។
លោកស្រី វ៉េត សុផារី ជាគ្រូកិច្ចសន្យាម្នាក់ដែលបង្រៀនក្មេងអាយុពី ៣ ទៅ ៤ឆ្នាំ នៅសាលាដែលទើបនឹងត្រូវបានសង់ថ្មីនៅមណ្ឌលមត្តេយ្យសហគមន៍។ គាត់មានក្តីត្រេកអរណាស់ដោយឃើញមានសំណង់អគារមត្តេយ្យថ្មីនៅក្នុងមណ្ឌលរបស់សហគមន៍ ដែលបង្កភាពងាយស្រួលច្រើនដល់រូបគាត់នៅក្នុងការងារបង្រៀន និងថែទាំក្មេង។ អគារមត្តេយ្យសាលាថ្មីនេះមានបំពាក់ទៅដោយសម្ភារៈសុវត្ថិភាព មានដូចជាអាវពោង និងរបង ដើម្បីការពារកុមារពីការលង់ទឹក។ មណ្ឌលនេះមានទីធ្លាទូលាយសម្រាប់កុមារធ្វើលំហាត់កាយ និងសកម្មភាពរៀនសូត្រនានា។
លោកស្រី វ៉េត សុផារី បានរំលឹកថា មុននឹងមានមណ្ឌលសង់ថ្មីនេះ ម្តាយរបស់គាត់បានឱ្យគាត់ខ្ចីកន្លែងទំនេរនៅផ្ទះសម្រាប់ធ្វើជាថ្នាក់សម្រាប់បង្រៀនក្មេង។ នៅរដូវទឹកឡើង គាត់បង្រៀននៅក្នុងផ្ទះដែលមានកម្ពស់ ៥ម៉ែត្រ ផុតពីដីដើម្បីការពារឱ្យផុតពីទឹកជំនន់។ ពេលរដូវប្រាំង គាត់រើថ្នាក់បង្រៀនមកនៅផ្ទាល់ដីក្រោមផ្ទះវិញ។
សាលាមត្តេយ្យថ្មីនេះក៏បានទាក់ទាញក្មេងតូចមករៀនកាន់តែច្រើនជាងមុនដែរ។ ចំនួនសិស្សមត្តេយ្យបានកើនដល់ ៥៩នាក់ ក្នុងឆ្នាំ២០១៩ ពី៤២នាក់ ក្នុងឆ្នាំ២០១៨។ ទោះបីជាមានកំណើននេះយ៉ាងក៏ដោយ ក៏នៅតែមានក្មេងជាង៥០ភាគរយនៅក្នុងភូមិនេះដែលមិនទាន់ចូលរៀនសាលាមត្តេយ្យនៅឡើយ ដោយសារតែចម្ងាយនៃការធ្វើដំណើរឆ្ងាយ ហើយក្នុងចំណោមនោះក៏មានក្មេងតូចខ្លះដែលត្រូវទៅតាមឪពុកម្តាយរបស់ខ្លួនទៅរកត្រីដែរ។ ព័ត៌មាននេះជាការបញ្ជាក់របស់លោក ឃ្លោក ស៊ីសុថា ជំទប់ទីពីរនៃឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។
លោកមានប្រសាសន៍ថា ឃុំទាំងមូលមានមត្តេយ្យសហគមន៍តែមួយកន្លែងទេសម្រាប់ភូមិចំនួនប្រាំនៅក្នុងឃុំ។ អាស្រ័យហេតុនេះហើយ បានជានៅមានក្មេងអាយុពី ៣ ទៅ ៥ឆ្នាំ ចំនួនច្រើននាក់ទៀតដែលមិនទាន់បានចូលរៀនកម្រិតមត្តេយ្យ។
គម្រោង «ការចិញ្ចឹមបីបាច់ និងការអភិវឌ្ឍកុមារតូចនៅភូមិបណ្តែតទឹក» នេះបានចាប់ដំណើរការតាំងពីខែមិថុនា ឆ្នាំ២០១៦ ហើយបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៩។ បន្ទាប់មក គម្រោងត្រូវបានប្រគល់ជូនរដ្ឋបាលមូលដ្ឋានយកទៅអនុវត្តបន្តទៀត។ តាមរយៈនេះ អាជ្ញាធរឃុំទទួលខុសត្រូវលើការគ្រប់គ្រងមត្តេយ្យសាលាសហគមន៍ និងលើការឧបត្ថម្ភដល់គ្រូជាប់កិច្ចសន្យា និងសកម្មភាពរៀនសូត្រដទៃទៀតនៅក្នុងមណ្ឌល។
លោក ឃ្លោក ស៊ីសុថា មានប្រសាសន៍ថា៖ «ពួកយើងសប្បាយរីករាយណាស់ដែលទទួលបានសាលាមត្តេយ្យសម្រាប់ឱ្យក្មេងៗនៅក្នុងភូមិបានរៀនសូត្រពីតូចៗ។ យើងក៏បានបញ្ចូលផែនការគ្រប់គ្រង់និងថវិកាសម្រាប់ទ្រទ្រង់សកម្មភាពរបស់មត្តេយ្យសាលា ទៅក្នុងផែនការអភិវឌ្ឍប្រចាំឆ្នាំរបស់ឃុំយើង ហើយដែរ។»
តាមរយៈគម្រោងនេះ មណ្ឌលអប់រំមត្តេយ្យសហគមន៍ចំនួន ៧កន្លែង ត្រូវបានសង់ឡើង ក្មេងតូចចំនួន ១០២១នាក់ បានចូលរៀនសាលាមត្តេយ្យសហគមន៍ កុមារចំនួន៩៥៩១នាក់ និងឪពុកម្តាយ ចំនួន៧៩៩២នាក់ បានចូលរួមក្នុងកម្មវិធីការចិញ្ចឹមបីបាច់និងការអភិឌ្ឍកុមារតូចនៅតាមផ្ទះ ហើយអាណាព្យាបាល/ម្តាយ១៩១នាក់ ទទួលបានការបណ្តុះបណ្តាលកម្មវិធីអក្ខរភាពសម្រាប់ម្តាយ។
ជាប់ទាក់ទិន
- lp-body-content
- first-letter