BRIEF

កម្ពុជា៖ ផែនការយុទ្ធសាស្រ្តរយៈពេលខ្លីរបស់ក្រុមធនាគារ
ពិភពលោក ឆ្នាំ ២០១៤-២០១៥ ផែនការពិគ្រោះយោបល់

30 ធ្នូ 2013



ធនាគារពិភពលោក កំពុងតែធ្វើការពិគ្រោះយោបល់ជាសាធារណៈជាមួយភាគីពាក់ព័ន្ធទាំអស់​ដើម្បីធ្វើបច្ចុប្បន្នភាពលើការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលខ្លីសម្រាប់ភាពជាដៃគូរវាងប្រទេស​កម្ពុជានិងធនាគារពិភពលោកក្នុងឆ្នាំ ២០១៤ និង ២០១៥។

ផែនការយុទ្ធសាស្រ្តនេះ ផ្តល់នូវក្រមខ័ណ្ឌមួយដល់ធនាគារពិភពលោកក្នុងការចូលរួមជាមួយប្រទេសដែលត្រូវអនុវត្តយុទ្ធសាស្រ្តនេះ រហូតដល់​យុទ្ធ​សាស្រ្ត និងក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសពេញលេញមួយ ត្រូវបានរៀបចំរួចរាល់។

ធនាគារពិភពលោក កំពុងតែស្នើសុំយោបល់មតិយោបល់ពីរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធនានាអង្គការ​មិនមែនរដ្ឋាភិបាល ដើម្បីធ្វើបច្ចុប្បន្នភាពលើការងាររបស់ធនាគារពិភពលោកក្នុងរយៈពេលពីរឆ្នាំ​ខាង​មុខ។

កិច្ចពិគ្រោះយោបល់ទាំងនេះ នឹងជួយចង្អុលបង្ហាញអំពីអន្តរាគមន៍ដែលមានប្រសិទ្ធិភាពបំផុតដល់​ធនាគារពិភពលោកដើម្បីបន្តកិច្ចការរបស់ខ្លួន និងបង្កើនការគាំទ្រក្នុងការអនុវត្តសកម្មភាពតាម​កម្មវិធីរបស់ខ្លួននៅក្នុងប្រទេស។

ធនាគារពិភពលោកស្វែងរកការអនុវត្តល្អពីអន្តរជាតិ ដើម្បីរៀបចំនិងអនុវត្តដំណើរការនៃការពិគ្រោះយោបល់ជា​មួយ​ភាគីពាក់ព័ន្ធរបស់ខ្លួន។

គោលបំណងនៃកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្រ្តនេះ

គោលបំណងនៃកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្រ្តនេះ គឺដើម្បីស្នើសុំមតិយោបល់ពីភាគីពាក់ព័ន្ធនានានៅក្នុងប្រ​ទេស​ដែលផ្តោតការយកចិត្តទុកដាក់និងទំហំការងាររបស់ធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា នឹងសកម្មភាពនានាដែលធនាគារពិភពលោកលើកស្នើជាមតិយោបល់ដើម្បី​អនុវត្តក្នុងភាពជាដៃគូជាមួយប្រទេសកម្ពុជាក្នុងកំឡុងពេលអនុវត្តផែនការយុទ្ធសាស្រ្តនេះ និងសំណើ​សុំយោបល់សម្រាប់ការរៀបចំសកម្មភាព​ទាំងនេះ។

ក្រុមភាគីពាក់ព័ន្ធសំខាន់ៗដែលនឹងត្រូវចូលរួមក្នុងកិច្ចពិគ្រោះយោបល់នេះមានដូចខាងក្រោម៖

រដ្ឋាភិបាល

មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជាអ្នកពិភាក្សាសំខាន់របស់រដ្ឋា​ភិបាល) មន្រ្តីនិងតំណាងក្រសួងពាក់ព័ន្ធព្រមទាំង មន្រ្តីនិងតំណាងស្ថាប័នសាធារណៈ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ និងគជអប។

រដ្ឋសភា

អ្នកតំណាងសមាជិករដ្ឋសភា​

រដ្ឋាភិបាលថ្នាក់ក្រោមជាតិ

តំណាងសមាជិក​ដែលបានជាប់ឆ្នោត ក្រុមប្រឹក្សាខេត្ត ស្រុក និងឃុំ នៅក្នុងខេត្ត

ដៃគូអភិវឌ្ឍន៍

តំណាងម្ចាស់ជំនួយនិងទីភ្នាក់ងារអង្គការសហប្រជាជាតិ

វិស័យឯកជន

តំណាងក្រុមហ៊ុនវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល 

តំណាងអង្គការមិនមែនរដ្ឋាភិបាលធ្វើការផ្នែកផ្គត់ផ្គង់សេវា និងតស៊ូមតិ ក្រុមផ្តល់យោបល់ ស្ថាប័នស្រាវជ្រាវ គ្រឹស្ថានអប់រំជាន់ខ្ពស់ តំណាងសហជីពពលកម្ម។ 

យុវជន

និស្សិតសាកលវិទ្យាល័យនិងសិស្សវិទ្យាល័យ តំណាងក្រុមយុវជន ។ល។


ដំណើរនៃកិច្ចពិគ្រោះយោបល់

ដំណើរការនៃកិច្ចពិគ្រោយោបល់នេះ នឹងរួមបញ្ចូលទាំងការប្រជុំពិគ្រោះយោបល់ទល់មុខគ្នាផងនិងតាមបណ្តាញ​អ៊ីន​ធើណេត​ផងដែរ (ប្រើជាភាសាខ្មែរនិងអង្គគ្លេស) ដើម្បីផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបាន​កាន់​តែច្រើន។ កិច្ចពិគ្រោះយោបល់នឹងគ្រោងចាប់ផ្តើមពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១៤។​ កិច្ចប្រជុំពិគ្រោះយោបល់តាមអ៊ីនធើណេតកំពុងតែដំណើរការ ហើយគ្រោងនឹងបន្តរហូតដល់កិច្ចពិគ្រោះយោបល់​ទល់​មុខគ្នាត្រូវបានបញ្ចប់។​

កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេត៖

កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេត នឹងមានដាក់បញ្ចូលឯកសារសាវតារជាច្រើនដើម្បីជួយឲ្យ​ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមក្នុងដំណើរការនៃកិច្ចពិគ្រោះយោបល់នេះប្រកបដោយប្រសិទ្ធិភាព​និងផ្លែផ្កា។ យើងក៏មានតារាងសំណួរនៅលើវេបសាយតផងដែរដើម្បីឲ្យភាគីពាក់ព័ន្ធនានាអាចប្រើដើម្បីផ្តល់​នូវ​មតិយោបល់នានាដោយផ្ទាល់ដោយបំពេញទម្រង់ស្ទាបស្ទង់មតិតាមអ៊ីនធើណេត ឬដោយទាញយក​តារាងសំណួរនេះក្នុងទម្រង់ជាវើដ (Word​ file) ចេញពីវេបសាយត៍ និងផ្ញើត្រឡប់មកវិញតាមហ្វាក់ ផ្ញើជាសំបុត្រ ឬអ៊ីម៉េល មកកាន់ការិយាល័យរបស់ធនាគារពិភពលោកនៅរាជធានីភ្នំពេញ។

​កាលបរិឆេ្ឆទនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏នឹងត្រូវបានដាក់បញ្ចូលផងដែរនៅលើទំព័រវេបសាយ​ពិគ្រោះយោបល់ ដើម្បីឲ្យសាធារណៈជនបានដឹងច្បាស់។

កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេតនេះ ក៏នឹងជាវេទិកាមួយដែលភាគីពាក់ព័ន្ធដទៃទៀតអាច​ទទួលបានព័ត៌មានថ្មីៗអំពីដំណើរការនៃកិច្ចប្រជុំនេះនិងអាចដឹងថា តើមតិយោបល់ដែលខ្លួនបានផ្តល់​​ក្នុងកិច្ចប្រជុំនេះ (ទាំងមតិយោបល់ផ្តល់តាមអ៊ីនធើណេត ទាំងនៅក្នុងកិច្ចប្រជុំទល់មុខគ្នា) ត្រូវបានដាក់​បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេលខ្លីនេះយ៉ាងដូចម្តេច ហើយប្រសិនបើមិនត្រូវបាន​ដាក់បញ្ចូល មូលហេតុអ្វី។

កិច្ចប្រជុំទល់មុខគ្នា

កិច្ចប្រជុំទល់មុខគ្នាសរុបចំនួន ១១កិច្ចប្រជុំ ត្រូវបានគ្រោងរៀបចំធ្វើក្នុងរយៈពេលពីរសប្តាហ៍ជាមួយក្រុមភាគីពាក់ព័ន្ធផ្សេងគ្នា ដូចដែលបានរៀបរាប់ខាងលើ។

កិច្ចប្រជុំនេះគ្រោងនឹងរៀបចំឡើងនៅខេត្ត សៀមរាប កំពង់ចាម ភ្នំពេញ និងខេត្តព្រះសីហនុ។ ភាគីពាក់ព័ន្ធនៅខេត្តជិតខាង នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទាំងនេះដែរ។

សៀមរាប

អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពីខេត្តសៀមរាប កំពង់ធំ បាត់ដំបង និងបន្ទាយមានជ័យ

កំពង់ចាម

អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពីខេត្ត កំពង់ចាម ក្រចេះ ស្វាយរៀង និងព្រៃវែង

ភ្នំពេញ

អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពី ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំងនិងពោធិ៍សាត់

ព្រះសីហនុ

អ្នកចូលរួមនឹងត្រូវបានអញ្ជើញមកពីខេត្ត ព្រះសីហនុ កំពត កោះកុង​ និងតាកែវ 

ខេត្តទាំងនេះ ត្រូវបានជ្រើសរើសជាទីតាំងកណ្តាលសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់សម្រាប់ហេតុផលភស្តុភារផង (ខេត្តទាំងនេះផ្តល់លក្ខណៈងាយស្រួលដល់អ្នកចូលរួមក្នុងការធ្វើដំណើរមកប្រជុំ) និងដោយសារក្នុងខេត្តទាំងនេះមានអនុវត្តគម្រោងដែលគាំទ្រហិរញ្ញវត្ថុដោយធនាគារពិភពលោក​ច្រើនជាងគេបំផុតនៅថ្នាក់ខេត្ត ស្រុក និងឃុំ។

ធនាគារពិភពលោក នឹងរ៉ាប់រងការចំណាយលើការ​ធ្វើដំណើររបស់អ្នកចូលរួមដែលត្រូវបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។

​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​សំខាន់ចំនួនពីរគឺ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ​(CCC)​ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា​ ​ត្រូវបាន​ស្នើរសុំឲ្យជួយជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលដើម្បីចូលរួមក្នុងកិច្ចពិគ្រោះយោបល់ទល់មុខគ្នា។ ចំណែកឯ សមាគមយុវជនខ្មែរ​​ (KYA) ក៏ត្រូវបាន​ស្នើរសុំឲ្យជួយជ្រើសរើសតំណាងយុជនឲ្យចូលរួមផងដែរ។​​

ទម្រង់៖ កិច្ចប្រជុំពិគ្រោះយោបល់ទល់មុខគ្នានេះ ភាគច្រើននឹងត្រូវបានរៀបចំក្នុងលក្ខណៈជាការ​ពិភាក្សាតាមក្រុមគោលដៅ ដើម្បីឲ្យក្រុមនីមួយៗ អាចរកមើលបញ្ហានានាឲ្យបានស៊ីជុំរៅ។ ការពិភាក្សា​នេះ នឹងត្រូវរៀបចំឡើងតាមលំដាប់នៃសំណួរណែនាំ (តម្រូវទៅតាមក្រុមភាគីពាក់ព័ន្ធនីមួយៗ)។ កិច្ចប្រជុំទាំងនេះ រំពឹងថានឹងមានរយៈពេលបីម៉ោង បូករួមទាំងការពិភាក្សាតាមក្រុម និងការ​រាយការណ៍ត្រលប់អំពីលទ្ធផលនៃការពិភាក្សានោះ ។

ភាសា ៖ កិច្ចពិគ្រោះយោបល់នេះនឹងនិយាយជាភាសាអង់គ្លេស ដោយមានបកប្រែជាភាសាខ្មែរ សម្រាប់ក្រុមភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ សម្រាប់ក្រុម​ភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និងយុវជន កិច្ចពិភាក្សានេះនឹងប្រើភាសាខ្មែរ ដោយ​មានបកប្រែប្រដេញជាភាសាអង់​គ្លេស។ កម្មវិធីពិគ្រោះ​យោបល់តាមអ៊ីនធើណេត នឹងប្រើភាសាខ្មែរផងនិងភាសាអង់គ្លេសផង។

មតិត្រឡប់របស់ភាគីពាក់ព័ន្ធ៖ កំណត់ត្រាសង្ខេបកិច្ចពិគ្រោះយោបល់នេះនឹងត្រូវផ្ញើជូនតាមអ៊ីម៉េល​ទៅ​កាន់អ្នកចូលរួមទាំងអស់ដើម្បីពិនិត្យមើលឡើងវិញនិងអនុម័តក្នុងរយៈពេលមួយសប្តាហ៍។ រាល់​ការកែតម្រូវទាំងអស់នឹងត្រូវបានដាក់បញ្ចូលតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយសេចក្តីសង្ខេប​​​​នឹងត្រូវធ្វើបញ្ចប់។ សេចក្តីសង្ខេបអង្គប្រជុំបញ្ចប់ រួមទាំងបញ្ជីរាយនាមអ្នកចូលរួម នឹងត្រូវបានចុះផ្សាយនៅលើទំព័រវេបសាយត៍កិច្ចពិគ្រោះយោបល់នេះ លើក​លែងតែកិច្ចប្រជុំជាមួយក្រុមតំណាងឲ្យ​រដ្ឋាភិបាល។ សេចក្តីសង្ខេបនៃកិច្ចប្រជុំទាំងអស់នឹងរៀបចំជាភាសាអង់​គ្លេស​។ សម្រាប់កិច្ចប្រជុំពិភាក្សាដែលរៀបចំដោយប្រើភាសា​​ខ្មែរ និងមានសេចក្តីសង្ខេបអំពីលទ្ធផលនោះជាភាសាខ្មែរ​។

​សេចក្តីសង្ខេបចុងក្រោយដែលមានគូសចំណាំលើមតិយោបល់នានាដែលទទួលបានពីកិច្ចប្រជុំទាំង​អស់ និងសំណួរ​​នៅលើអ៊ីនធើណេត នឹងត្រូវយកទៅធ្វើបទបង្ហាញជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុង​កិច្ចប្រជុំបូកសរុបក្រោយកិច្ចពិគ្រោះយោបល់ត្រូវបានបញ្ចប់។ សេចក្តីសង្ខេបនេះ​ ក៏នឹងត្រូវបានចុះផ្សាយ​​នៅលើទំព័រវេបសាយត៍ពិគ្រោះយោបល់ នៅជិតចុងបញ្ចប់នៃដំណើរការពង្រាងផែនការយុទ្ធសាស្រ្តរយៈពេលខ្លី​ ISN ។​ សេចក្តីសង្ខេប​​នោះក៏មានឯកសារពន្យល់អំពីហេតុផលដែលមតិត្រឡប់នោះមិនត្រូវបានដាក់បញ្ចូល ហើយនឹងដាក់​បញ្ចូលជា កញ្ចប់ឯកសារភ្ជាប់ជាមួយផែនការយុទ្ធសាស្រ្តរយៈពេលខ្លី ISN ចុងក្រោយ​ ដែល​យក​ទៅបង្ហាញដល់ក្រុមប្រឹក្សាភិបាល។



Welcome