កម្ពុជា
តាមរយៈតួរលេខ៖ កម្ពុជា
ទស្សនៈរួម៖ កម្ពុជា
ចន្លោះពីខែមិថុនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានពង្រីកជំនួយសង្គមទៅកាន់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីទប់ស្កាត់ការបាត់បង់ចំណូលដោយសារជំងឺមហន្តរាយរាតត្បាត។ ជំនួយនេះបានការពារប្រជាជនកម្ពុជារាប់រយពាន់នាក់មិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងបានបន្ថយកម្រិតភាពក្រីក្រសម្រាប់អ្នកដែលកំពុងលំបាករួចស្រេចមកហើយ។ នៅខែមេសា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើ «គម្រោងកញ្ចប់គ្រួសារ» ដែលផ្តល់ជំនួយសង្គមជាប្រចាំដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
កម្ពុជាបានប្រសើរឡើងលើលទ្ធផលផ្នែកសុខាភិបាល ការអភិវឌ្ឍកុមារដំបូង និងការអប់រំបឋមនៅតំបន់ជនបទ។ ចន្លោះពីឆ្នាំ២០០០ ដល់ ២០២១ អត្រាមរណភាពរបស់ទារកបានបន្ថយពី ៩៥ ករណី ចុះមកនៅ ១២ ករណី ក្នុង១០០០ កំណើត ហើយអត្រាមរណភាពរបស់កុមារអាយុក្រោមប្រាំឆ្នាំបានបន្ថយពី១២៤ ចុះមកនៅ១៦ ករណី ក្នុងមួយ១០០០ កំណើត។ ទោះមានការរីកចម្រើនបែបនេះក្តី សូចនាករធនធានមនុស្សនៅតែយឺតជាងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបផ្សេងៗទៀត។ នៅឆ្នាំ២០២០ កុមារដែលកើតនៅកម្ពុជាត្រូវបានរំពឹងថាមានសមត្ថភាពផលិតត្រឹមតែ ៤៩ ភាគរយ នៅពេលដែលពួកគេពេញវ័យ ដែលពួកគេគួរតែបានទទួលការអប់រំគុណភាពពេញលេញ សុខភាពល្អ និងអាហារូបត្ថម្ភត្រឹមត្រូវក្នុងអំឡុងពេលវ័យកុមារ។
កម្ពុជាបានបង្កើនអត្រាចូលរៀន សាងសង់សាលាថ្មីៗ និងកែលម្អការទទួលបានការសិក្សា ប៉ុន្តែសិស្សានុសិស្សជាច្រើនមិនទាន់ទទួលបានជំនាញមូលដ្ឋានក្នុងអាន និងគណិតវិទ្យា ដែលវាមានសារៈសំខាន់សម្រាប់ការសិក្សានាពេលអនាគត និង កម្លាំងពលកម្មដ៏មានសក្តានុពល។ តម្រូវការការប្រើប្រាស់ និងការអភិវឌ្ឍសក្តានុពលដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់របស់សិស្សានុសិស្សទាំងនេះ គឺជាការងារដែលត្រូវធ្វើជាបន្ទាន់។
កំណែទម្រង់គន្លឹះៗត្រូវតែធ្វើឡើងដើម្បីឱ្យកម្ពុជាអាចរក្សាកំណើនប្រកបដោយបរិយាបន្នបាន បង្កើនសមត្ថភាពប្រកួតប្រជែង គ្រប់គ្រងទ្រព្យសម្បត្តិធម្មជាតិប្រកបដោយចីរភាព និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសាធារណៈប្រកបដោយគុណភាព។ កង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតែធំធេង ហើយត្រូវការភាពតភ្ជាប់កាន់តែខ្លាំង និងការវិនិយោគច្រើនទៀតក្នុងហេដ្ឋារចនាសម្ព័ន្ធទូទាំងតំបន់ជនបទ និងទីក្រុង។ ការបន្ថែមពិពិធកម្មសេដ្ឋកិច្ចនាពេលខាងមុខ នឹងទាមទារការលើកទឹកចិត្តចំពោះសហគ្រាស ការពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និងការបង្កើតជំនាញថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការថ្មីៗរបស់ទីផ្សារពលកម្ម។ ស្ថាប័នសាធារណៈដែលមានទំនួលខុសត្រូវ និងឆ្លើយតបបានឆាប់រហ័ស ក៏មានសារៈសំខាន់ណាស់ដែរ។ ការបង្កើនការវិនិយោគក្នុងមូលធនមនុស្ស គឺសំខាន់ណាស់សម្រាប់ការទទួលបានតាមមហិច្ឆតារបស់កម្ពុជាដែលចង់ឱ្យប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ក្របខណ្ឌភាពជាដៃគូរសម្រាប់ប្រទេស (CPF)ថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់កម្ពុជា ឆ្នាំសារពើពន្ធ ២០២៥–២០២៩ ផ្តោតលើគោលបំណងកំពូលបី ដែលសុទ្ធសឹងតែស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចដែលបានបញ្ជាក់ក្នុងយុទ្ធសាស្ត្របញ្ចកោណ៖
- កែលម្អលទ្ធផលមូលធនមនុស្ស ជាពិសេសក្នុងការសិក្សាមូលដ្ឋាន។
- បង្កើនសមត្ថភាពប្រកួតប្រជែង ដោយបម្លែងម៉ូដែលពីកំណើនសេដ្ឋកិច្ចដែលមានជំនាញទាប និងតម្លៃបន្ថែមទាប ឱ្យក្លាយជាម៉ូដែលដែលផ្តល់ការងារដែលមានគុណភាពល្អ និងចំណូលខ្ពស់ជាងមុនសម្រាប់មនុស្សម្នាក់ៗ ដោយជៀសវាងកំណើនដែលមានការបំពុលបរិយាកាសខ្ពស់។
- ថែរក្សាគុណភាពនៃជីវភាព ដោយបង្កើតការទ្រទ្រង់ឱ្យបានមាំមួនចំពោះវិបត្តិ និងការដោះស្រាយនឹងការធ្លាក់ចុះនៃគុណភាពធនធានធម្មជាតិ ក៏ដូចជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ផ្នែកផ្សេងៗទៀតដែលការគាំទ្រដល់យុទ្ធសាស្រ្តនេះមានដូចជា ការពង្រឹងអភិបាលកិច្ច និងការពង្រឹងស្ថាប័ន នឹងផ្តោតលើគណនេយ្យភាព ការចូលរួម និងភាពតម្លាភាព។ អត្តរាគមន៍ផ្សេងៗក្រោមកម្មវិធី CPF នេះ ក៏នឹងជួយលើបញ្ហាយែនឌ័រ និងបរិយាបន្ន សម្របតាមនិងភាពធន់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការផ្ទេរទៅឌីជីថលផងដែរ។
កម្មវិធីលើផ្នែកចំណេះដឹង គឺជាផ្នែកសំខាន់មួយនៃការចូលរួមរបស់ធនាគារពិភពលោកនៅកម្ពុជា។ ការស្រាវជ្រាវរបស់ធនាគារពិភពលោក—លើវិស័យម៉ាក្រូសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អភិវឌ្ឍន៍ឌីជីថល យែនឌ័រ និងបរិយាបន្នសង្គម បរិយាបន្នហិរញ្ញវត្ថុ ភាពក្រីក្រនិងការទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភដែលមានគុណភាព ការអប់រំ ការពង្រឹងបណ្តាញអគ្គិសនី បរិស្ថានប្រកបដោយចីរភាព និងការគាំពារសង្គម និងការងារ—ជួយបង្កើនការយល់ដឹងអំពីបញ្ហាប្រឈមក្នុងកិច្ចអភិវឌ្ឍដែលកំពុងប្រឈមនៅកម្ពុជា និងជំរុញការពិភាក្សាអំពីគោលនយោបាយអភិវឌ្ឍន៍ជាមួយភាគីពាក់ព័ន្ធជាច្រើន។
ព័ត៌មាន និងអត្ថបទពីធនាគារពិភពលោកប្រចាំកម្ពុជា
មើលអត្ថបទបែបអត្ថាធិប្បាយទាំងអស់
Projects
Results
គម្រោង និងលទ្ធផល
សូមស្វែងយល់អំពីគម្រោងដែលជួយប្រទេស និងលទ្ធផលសំខាន់ៗដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកសារសិក្សាស្រាវជ្រាវ និងបោះពុម្ភ
ទាក់ទងមកយើងខ្ញុំ
គណៈគ្រប់គ្រងប្រចាំប្រទេស
ការិយាល័យ
អាគារ Exchange Square Building លេខ ១៩/២០ ផ្លូវ១០៦ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
ទូរស័ព្ទ +855 23 261300
ទូរសារ + 855 23 261301-2
អីម៉ែល៖ cambodia@worldbank.org