ការអានសៀវភៅនៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើង

8 កញ្ញា 2016


Image

នៅកម្ពុជា ការវាយតម្លៃថ្នាក់ជាតិនៃអត្រាអក្ខរភាពបាននំាឱ្យមានភាពប្រសើរនៅទូទាំងប្រទេស។


ដោយសារធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទាននិងជំនាញចាប់តាំងពីឆ្នាំ ២០០៥ មក កម្ពុជាបានធ្វើការសិក្សាវាយតម្លៃថ្នាក់ជាតិជាច្រើនដងលើការអានសៀវភៅ។ ផ្អែកលើលទ្ធផលនៃការប្រឡង កម្ពុជាបានចាត់ទុកការបង្រៀនអានជាអាទិភាពថ្នាក់ជាតិមួយ ដែលឈានទៅដល់ការបណ្តុះបណ្តាលគ្រូបង្រៀនចំនួន ២៤៥៧៧នាក់ បោះពុម្ពសៀវភៅអានជាភាសាខ្មែរ បានចំនួនពីរក្បាល និងសិស្សថ្នាក់ទី៨ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស ចេះអាននិងយល់អត្ថបទ។

បញ្ហាប្រឈម

អក្ខរភាព សមត្ថភាពក្នុងការអាននិងសរសេរ ធ្វើឲ្យមនុស្សអាចទទួលបានព័ត៌មាន បង្កើនផលិតភាពរបស់ខ្លួន និងសម្រេចបាននូវសក្តានុពលទាំងស្រុងរបស់ខ្លួន។ យោងតាមឯកសារស្រាវជ្រាវ បានបង្ហាញថា អក្ខរភាពមូលដ្ឋាន គឺជាដែនកំណត់មួយដែលប្រទេសនានាត្រូវតែឆ្លងឲ្យផុតដើម្បីឈានទៅរកការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។

ការងើបចេញពីអស្ថេរភាពផ្នែកនយោយអស់រយៈពេលជាច្រើនឆ្នាំ កម្ពុជា ចាំបាច់ត្រូវតែកែលម្អធនធានផ្នែកភាសា ជាពិសេសសម្រាប់សិស្សថ្នាក់កម្រិតទាប។ រហូតដល់ឆ្នាំ ២០០៥ មានទិន្នន័យគោលធៀបតិចតួចទាក់ទងនឹងសមត្ថភាពក្នុងការអាន ដើម្បីជួយតម្រង់ទិសរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយកែលម្អអក្ខរភាព។ ភាសាជាតិ ដែលជាភាសាខ្មែរ ក៏ជាភាសាមួយក្នុងចំណោមភាសាដែលស្មុគ្រស្មាញជាងគេបំផុតជាច្រើននៅលើពិភពលោក ដែលវាបង្កការលំបាកដល់ការបង្រៀន ផងដែរ។

វិធីសាស្ត្រ

ដោយមានការគាំទ្រពីធនាគារពិភពលោក កម្ពុជាបានធ្វើការវាយតម្លៃថ្នាក់ជាតិលើកទីមួយរបស់ខ្លួនអំពីភាសាខ្មែរសម្រាប់សិស្សនៅក្នុងឆ្នាំ២០០៦ និងលើកទីពីរនៅឆ្នាំ២០០៩។ លទ្ធផលបានបង្ហាញថា ការអានមានកម្រិតខ្សោយណាស់។ បញ្ហានេះបាននាំឲ្យមានការគិតគូរឡើងវិញអំពីវិធីសាស្ត្រក្នុងការបង្រៀនអាន។ វិធីសាស្ត្របង្រៀនបានផ្លាស់ប្តូរពី “ការឲ្យចំណាំពាក្យនីមួយៗ” ទៅជាការផ្សំស្រៈនិងព្យញ្ជនៈវិញ។ ចាប់ពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១២ កម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើជំនាញផ្នែកអាននៅក្នុងសាលាសាកល្បងជាច្រើន។ សិស្សរាប់ពាន់នាក់និងគ្រួរបស់ពួកគេ ទទួលបានសៀវភៅភាសាខ្មែរសម្រាប់ផ្ទាល់ខ្លួន។ នេះគឺជាករណីពិសេសមួយ ដែលកុមារភាគច្រើនត្រូវចែកសៀវភៅគ្នាអាន។ សិស្សជាច្រើន ត្រូវបានលើកទឹកចិត្តឲ្យអានសៀវភៅនៅផ្ទះ និងភាពរីកចម្រើនលើការអានរបស់ពួកគេត្រូវបានវាស់វែងធៀបនឹងផែនការកំណត់ជាក់លាក់។ គ្រូបង្រៀននិងបុគ្គលិកអប់រំ​រាប់ពាន់នាក់ ក៏ត្រូវបានបណ្តុះបណ្តាលជំនាញផ្នែកបង្រៀនផងដែរ។

លទ្ធផល

គម្រោងគាំទ្រវិស័យអប់រំកម្ពុជា របស់សមាគមអភវិឌ្ឍន៍អន្តរជាតិ (IDA) និងកម្មវិធីភាពជាដៃគូសកលសម្រាប់ពង្រីកវិស័យអប់រំ និងគម្រោងគាំទ្រវិស័យអប់រំជំហ៊ានទី២ ដែលគ្រប់គ្រងដោយធនាគារពិភពលោក បានជួយគាំទ្រក្នុងការធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងលើផ្នែកសំខាន់ៗជាច្រើន៖

  • ការកសាងសមត្ថភាពក្រុមការងារនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ដែលបានឈានទៅដល់ការធ្វើការវាយតម្លៃថ្នាក់ជាតិលើកទីមួយលើផ្នែកភាសាខ្មែរនិងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី ៣ នៅឆ្នាំ២០០៦
  • លទ្ធផលនៃការធ្វើតេស្តលើទិន្នន័យគោលធៀបដែលគាំទ្រដោយធនាគារពិភពលោកលើសិស្សចំនួន ២.៤០០នាក់ នៅក្នុងសាលាសាកល្បងចំនួន ៤០ នៅឆ្នាំ២០១០ បាននាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ការបង្រៀនមុខវិជ្ជាអំណាន នឹងក្លាយជាអាទិភាពថ្នាក់ជាតិមួយ
  • ជាផ្នែកមួយនៃការសាកល្បង គ្រូបង្រៀនចំនួន ២៤.៥៧៧នាក់ និងបុគ្គលិកផ្នែកអប់រំនៅថ្នាក់ខេត្តនិងស្រុកចំនួន ៣.០៩៧នាក់ ត្រូវបានបណ្តុះបណ្តាលជំនាញបង្រៀនផ្នែកអំណាន នៅឆ្នាំ ២០១២។
  • ការងាររបស់ធនាគារពិភពលោកក្នុងការជួយរៀបចំធ្វើការវាយតម្លៃថ្នាក់ជាតិ តាមរយៈគម្រោងគាំទ្រវិស័យអប់រំកម្ពុជា (CESSP 2005-2011) និងការគាំទ្រជាប្រចាំដល់ក្រុមការងារវាយតម្លៃថ្នាក់ជាតិនៅក្នុងឆ្នាំបន្តបន្ទាប់ បានចូលរួមចំណែកក្នុងការបង្កើតការិយាល័យវាយតម្លៃជាតិមួយ នៅក្នុងនាយកដ្ឋានធានាគុណភាពអប់រំដែលទើបបង្កើតថ្មី និង
  • តាមការវិភាគនៅក្នុងការវាយតម្លៃថ្នាក់ជាតិលើសិស្សថ្នាក់ទី ៨ (ឆ្នាំ២០១៤) បានបង្ហាញថា សិស្សស្ទើរតែទាំងអស់ដែលរៀនថ្នាក់ទី ៨ ចេះអានអត្ថបទ និងចេះឆ្លើយសំណួរអំពីអត្ថបទនោះ។

កាចូលរួមចំណែករបស់ក្រុមធនាគារពិភពលោក

នៅឆ្នាំ២០០៥ សមាគមអភិវឌ្ឍន៍អន្តរជាតិ ជាស្ថាប័នមួយរបស់ក្រុមធនាគារពិភពលោក ដែលជួយដល់ប្រទេសក្រីក្របំផុតជាច្រើននៅលើពិភពលោក បានផ្តល់ហិរញ្ញប្បទានចំនួន ២៨លានដុល្លារ សម្រាប់កសាងសមត្ថភាពរបស់ក្រុមវាយតម្លៃថ្នាក់ជាតិកម្ពុជា។ ការគាំទ្រនេះ បាននាំឲ្យកម្ពុជាធ្វើការវាយតម្លៃថ្នាក់ជាតិលើកទីមួយលើភាសាខ្មែរនិងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី៣ នៅឆ្នាំ ២០០៦ និង ឆ្នាំ២០០៩។

ដៃគូ

កម្ពុជាទទួលបានថវិកាចំនួន ៩៥,៩លានដុល្លារពីមូលនិធិមរតកដោយអង្គការភាពជាដៃគូសម្រាប់ការអប់រំសកល (ឆ្នាំ២០០៧ ‑ ២០១៦)។ មូលនិធិនេះ ត្រូវបានគ្រប់គ្រងដោយធនាគារពិភពលោក ។ ភាពជាដៃគូនេះ បានចូលរួមចំណែកដល់ការវាយតម្លៃលើមុខវិជ្ជាអំណានសម្រាប់ថ្នាក់ដំបូង និងការអន្តរាគមលើមុខវិជ្ជាអំណានសម្រាប់ថ្នាក់ដំបូង នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះ បានគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជ្រាបការវាយតម្លៃចូលទៅក្នុងប្រព័ន្ធវាយតម្លៃថ្នាក់ជាតិ។

ដំណើរឆ្ពោះទៅមុខ

ទោះបីជានាពេលថ្មីៗ កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានការកើនឡើងទាំងផលិតផលសរុបក្នុងស្រុកនិងថវិកាចរន្តសរុបរបស់រដ្ឋាភិបាលសម្រាប់ការអប់រំក្តី ក៏វិស័យអប់រំនៅតែខ្វះធនធានមូល

ដ្ឋាន និងគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ដែរ។ ដើម្បីធ្វើដំណើរឆ្ពោះទៅមុខជាបន្តទៀត ធនាគារពិភពលោក មានគោលបំណងគាំទ្រ៖

  • ការអនុវត្តទាំងស្រុងនៃផែនការត្រួតពិនិត្យនិងវាយតម្លៃផ្អែកលើលទ្ធផល ដែលនឹងលើកទឹកចិត្តដល់សាលា គ្រូបង្រៀន សិស្ស ឪពុកម្តាយ និងសហគមន៍ ដើម្បីឲ្យមានគណនេយ្យភាពចំពោះលទ្ធផលរបស់ខ្លួន។
  • ការណែនាំឲ្យស្គាល់កម្មវិធីវាយតម្លៃសិស្សអន្តរជាតិសម្រាប់ការអភិវឌ្ឍ។ នេះគឺជាអ្វីដែលយន្តការស្ទាបស្ទង់ដែលពាក់ព័ន្ធនឹងបរិបទនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាប ត្រូវបានគេយកមកប្រើប្រាស់ដើម្បីវាស់ស្ទង់សមត្ថភាពសិស្សដែលមានអាយុ ១៥ឆ្នាំ លើមុខវិជ្ជាគណិតវិទ្យា អំណាន និងសំណេរ និង
  • ការអនុវត្តគម្រោងមួយដែលមានរយៈពេល៥ឆ្នាំ គាំទ្រមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ជំនាញផ្នែកអំណានសម្រាប់សិស្សថ្នាក់ទាប។

អ្នកទទួលផល


" ខ្ញុំចូលចិត្តអានសៀវភៅណាស់ ពីព្រោះវាជួយខ្ញុំឲ្យដឹងរឿងរ៉ាវកាន់តែច្រើន។ (កម្មវិធីនេះ)បានជួយខ្ញុំឲ្យស្រឡាញ់ការអានសៀវភៅ ទស្សនាវដ្តី និងកាសែត។ ខ្ញុំចង់ក្លាយជាមេធាវី ក្រោយពេលខ្ញុំរៀនចប់ ហើយខ្ញុំដឹងថា មេធាវីត្រូវការអានសៀវភៅច្រើន។ "
Image

នៅ រតនា

អាយុ ១១ឆ្នាំ ជាសិស្សដែលបានចូលរួមក្នុងកម្មវិធីសាកល្បងផ្នែកអំណាននៅឆ្នាំ២០១០ ពេលដែលនាងរៀននៅថ្នាក់ទី១។

" ខ្ញុំបានមើលឃើញពីសារៈប្រយោជន៍ដែលសៀវភៅអត្ថបទបានជួយដល់សិស្សក្នុងការអាននិងយល់បានកាន់តែលឿន។ មានពីរបីដំណាក់កាលដែលពួកគេត្រូវរៀន មុននឹងចាប់ផ្តើមរៀនមុខវិជ្ជាអំណានដែលមានលក្ខណៈទូលំទូលាយ។ ទីមួយ ពួកគេត្រូវតែរៀនប្រកប រៀនវាក្យស័ព្ទ និងសទិសន័យ។ ការចេះអាន (ដោយគ្មានការលំបាក) វាទាក់ទាញសិស្សឲ្យចង់អាន។ ខ្ញុំជឿថា ការអានមានសារៈសំខាន់ណាស់សម្រាប់សិស្ស។ ការអាននិងការយល់មានគោលបំណងចង់បានសិស្សល្អ ដែលមានឱកាសកាន់តែប្រសើរជាងមុនក្នុងការរៀនបានពូកែជាងគេលើគ្រប់មុខវិជ្ជា។ "
Image

ឃុន ចាន់រ៉ុង

អាយុ ៣៦ឆ្នាំ ជាគ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលជំនាញអំពីរបៀបបង្រៀនសៀវភៅភាសាខ្មែរថ្មី។
ការអានសៀវភៅនៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើង