សេចក្តីប្រកាសព័ត៌មាន

អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកទស្សនកិច្ចប្រទេសកម្ពុជា

6 កក្កដា 2016


ភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ‑ លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ក្នុងអំឡុងពេលដែលលោកស្រីមកទស្សនកិច្ចជាផ្លូវការលើកទី១នៅកម្ពុជា ថា កម្ពុជាមានឱកាសរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំនិងបន្តដោះស្រាយឲ្យប្រជាពលរដ្ឋចាកចេញពីភាពក្រីក្រ ព្រមទាំងបាននឹងកំពុងចែករំលែកនូវវិបុលភាពដល់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួន។ បញ្ហាគន្លឹះដែលត្រូវអនុវត្តបន្តគឺ បង្កើតឲ្យមានគោលនយោបាយសមស្រប ការបើកទូលាយ និងកម្មវិធីនិងការវិនិយោគដែលចាំបាច់ទាំងលើវិស័យសាធារណៈ និងទាំងវិស័យឯកជន ដើម្បីជំរុញឲ្យមានកំណើនលើគ្រប់វិស័យ។

លោកស្រី ក្វាក្វា បានមកទស្សនកិច្ចចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា បានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទំាងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សមាជិកអង្គការសង្គមស៊ីវិលកម្ពុជា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅក្នុងស្រុកជាច្រើនទៀតព្រមទាំងបានជួបពិភាក្សារកយុទ្ធសាស្ត្រលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺ ជនដែលងាយរងគ្រោះជាងគេបំផុត។ លោកស្រី ក៏បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យមិត្តភាពកម្ពុជា រុស្ស៊ី ផងដែរ ដើម្បីសួរសុខទុក្ខអ្នកជម្ងឺក្រីក្រជាច្រើនដែលកំពុងសម្រាកព្យាបាលជម្ងឺនៅទីនោះ ហើយដែលរាល់ការចំណាយទាំងអស់សម្រាប់ការព្យាបាលអ្នកជម្ងឺទាំងនោះ ត្រូវបានឧបត្ថម្ភដោយមូលនិធិសមធម៌សុខភាពដែលគាំទ្រដោយធនាគារពិភពលោកនិងដៃគូដទៃទៀតជាច្រើន។

លោកស្រី វិចតូរៀ ក្វាក្វា បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាបាននិយាយប្រាប់ពួកយើងថា ការទទួលបានផ្លូវដែលល្អប្រសើរជាងមុន ការគាំទ្រដល់អ្នកភូមិក្រីក្រដែលពឹងផ្អែកលើមុខរបរកសិកម្មនិងនេសាទសម្រាប់ចិញ្ចឹមជីវិត និងលទ្ធភាពទទួលបានការថែទាំសុខភាពដែលប្រសើរជាងមុន ទាំងអស់នេះគឺជាផ្នែកមួយនៃតម្រូវការជាអាទិភាពរបស់ពួកគាត់”។

ជាការឆ្លើយតបទៅនឹងបញ្ហានោះ កាលពីខែមិថុនា ក្នុងឆ្នាំនេះ កម្ពុជានិងធនាគារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងថ្មីចំនួនបួនដើម្បីកែលម្អផ្ទៃផ្លូវថ្នល់ ជួយគ្រប់គ្រងផ្នែកជលផលឲ្យបានប្រសើរជាងមុន លើកកម្ពស់ជីវភាពរស់នៅរបស់កសិករដែលពឹងផ្អែកលើកសិកម្មនៅក្នុងសហគមន៍ជនបទគោលដៅ និងបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាព។ គម្រោងទាំងបួននេះមានទឹកប្រាក់សរុបចំនួន ១៣០លានដុល្លារ ដែលគាំទ្រដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (ឬហៅកាត់ថា អាយឌីអេ) ជាស្ថាប័នមួយរបស់ធនាគារពិភពលោកដែលផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្របំផុត។​ ប្រជាពលរដ្ឋកម្ពុជា ក៏នឹងទទួលបានអត្ថប្រយោជន៍ក្នុងពេលឆាប់ៗនេះផងដែរពីឱកាសមានការងារធ្វើកាន់តែច្រើនឡើង នៅពេលដែលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាស្ថាប័នមួយរបស់ក្រុមធនាគារពិភពលោកដែលធ្វើការលើការអភិវឌ្ឍវិស័យឯកជន ពង្រីកនូវសកម្មភាពរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកពាណិជ្ជកម្មនិងភាពប្រកួតប្រជែង។

លោកស្រី វិចតូរៀ ក្វាក្វា បានមានប្រសាសន៍ថា “កម្ពុជាមានឱកាសសម្រាប់អភិវឌ្ឍន៏ដ៏ធំធេង។ តាមរយៈទំនាក់ទំនងរបស់យើងជាមួយនឹងកម្ពុជា រួមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ យើងខិតខំប្រឹងប្រែងចូលរួមចំណែកដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងប្រជាជនកម្ពុជាទាំងអស់”

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅទីក្រុងភ្នំពេញ
លោក ប៊ូ សារឿន
ទូរស័ព្ទ: + (855) 23-861-315
sbou@worldbank.org
នៅ​​ក្នុង នៅវ៉ាស៊ីនតោន
Diana Ya-Wai Chung
ទូរស័ព្ទ: +1 (202) 473-8357
dchung1@worldbank.org



Api
Api

Welcome