រឿងពិសេស

ឱកាសដែលកាន់តែល្អប្រសើរជាងមុនសម្រាប់គ្រួសារក្រីក្រដែលគ្មានដីនៅក្នុងប្រទេសកម្ពុជា

26 មិថុនា 2015


Image

អត្ថបទថ្មីៗ
  • គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច (ឡាសេដ) ជួយផ្តល់ដីដល់ប្រជាពលរដ្ឋកម្ពុជាដែលក្រីក្រនិងគ្មានដី ដើម្បីប្រើប្រាស់សម្រាប់សង់លំនៅឋ្ឋាននិងធ្វើកសិកម្ម។
  • គម្រោងឡាសេដនេះ បានចាប់ផ្តើមកាលពីខែ ឧសភា ឆ្នាំ ២០០៨ និងបានបញ្ចប់នៅចុងខែ មីនា ឆ្នាំ ២០១៥។
  • ប្រជាពលរដ្ឋចំនួន ៤៦៤០ គ្រួសារ នៅក្នុងខេត្ត ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ និងកំពង់ឆ្នាំង បានទទួលផលពីគម្រោងនេះ។

ស្រ្តីមេម៉ាយ​ឈ្មោះ ប៉ាក់ ទូច ដែល​បានទទួល​ដីនិង​ការគាំទ្រ​ផ្នែកជីវភាព​រស់​នៅក្រោម​គម្រោង​ឡាសេដ ស្ថិត​នៅ​ឃុំ សំបុក ស្រុក ចេតបូរី ខេត្ត​ក្រចេះ បាន​និយាយថា “ខ្ញុំលែងទីទ័លក្រទៀតហើយ។”

អ្នកស្រី ប៉ាក់ គឺជា​គ្រួសារមួយក្នុង​ចំណោម​គ្រួសារ​ជាច្រើន​ដែលទីទ័លក្រនិង​គ្មាន​ដី​នៅ​ក្នុង​ឃុំនេះ។ គាត់​បាន​ធ្វើការ​ជាកម្មករ​ដើម្បី​ចិញ្ចឹម​កូន​របស់គាត់​ចំនួន ៥នាក់។ ជួនកាល គាត់​ដាច់ស្បៀង និង​បាន​ខ្ចី​ប្រាក់គេ​ជាញឹកញាប់​។ កូន​ប្រុស​របស់គាត់​ម្នាក់បាន​បោះបង់​ចោល​សាលា​ ដើម្បី​មកជួយ​គាត់​រកស៊ីចិញ្ចឹម​ជីវិត​។ ជាអកុសល កូន​ប្រុស​នោះ​បាន​ស្លាប់ នៅពេល​ដែល​រថយន្ត​​បាន​ក្រឡាប់​ខណៈដែល​វាកំពុង​តែ​លើ​កដំឡូងមី​ដាក់​លើ​រថយន្តនោះ​។

អ្នកស្រី​ ប៉ាក់ បាន​និយាយថា “ឥឡូវនេះ ខ្ញុំមានជីវភាព​ធូរធារជាងមុន ហើយ​ខ្ញុំមាន​អាហារហូបចុក​គ្រប់គ្រាន់​ហើយ​។ ខ្ញុំមានដី​សម្រាប់ដាំដំណាំ និង​ខ្ញុំមាន​មុខរបរ​តូចមួយ​។ ខ្ញុំរកចំណូល​បាន​រៀងរាល់ថ្ងៃ។ ខ្ញុំសប្បាយ​ចិត្ត​ខ្លាំង​ណាស់​ចាប់តាំងតែ​ពីខ្ញុំបាន​មករស់នៅ​ទីនេះ។ ពីមុន ខ្ញុំចេញទៅក្រៅ​ដើម្បី​ស៊ីឈ្នួលគេ។ ខ្ញុំគ្មាន​ពេល​គិត​អំពី​អនាគតទេ។ ខ្ញុំ គឺដូចជា “កង្កែប​ក្នុង​អណ្តូង" អញ្ចឹង ដែល​មិនអាច​លោត​ចេញ​ក្រៅបាន​"។

នៅ​ឯទីតាំងថ្មី​របស់គាត់ អ្នកស្រី ប៉ាក់ ដាំបន្ថែ និង​ដំណាំផ្សេងៗទៀតជាច្រើន ព្រមទាំងមាន​ចិញ្ចឹមត្រី​ផងដែរកាលពីចាប់ផ្តើម។ ដោយ​បាន​ចំណូល​ពី​ដំណាំ និង​ត្រី គាត់​មាន​លទ្ធភាពអាច​បើក​ហាង​មួយលក់ទំនិញ​ជាច្រើនមុខ និង​ហាងជួសជុល​ម៉ូតូមួយ​សម្រាប់កូនប្រុសរបស់គាត់​។ ជាមធ្យម​ ពួកគាត់​អាចរកចំណូល​បាន​ ១២,៥០ ដុល្លារ ក្នុង​មួយថ្ងៃ។



" ចាប់តាំងពីគ្រួសាររបស់ពួកយើងបានមករស់នៅទីនេះ ពួកយើងមានអារម្មណ៍ថាដូចបានកើតម្តងទៀតអញ្ជឹង។ យើងមានដីសម្រាប់រស់នៅ និងដាំដំណាំ។ មិនចាំបាច់លក់កម្លាំងពលកម្មរបស់យើងដូចកាលពីមុនទៀតទេ ហើយកូនៗរបស់ពួកយើងអាចទៅរៀននៅសាលាក្បែរនេះបានទៀតផង។ "

កុយ ធឿន

កសិករ នៅខេត្តត្បូងឃ្មុំ


អង្គការមិនមែនរដ្ឋាភិបាល​ដែល​មិនរកប្រាក់​កម្រៃ ជួយ​ផ្សព្វផ្សាយ​បង្កើនការយល់ដឹង​

អ្នកស្រី រឿន សុភា បុគ្គលិកសម្របសម្រួលពង្រឹងសិទ្ធិអំណាចសហគមន៍របស់អង្គការជីវិត​ថ្លៃថ្នូរ ដែល​ជា​អង្គការ​មិន​រដ្ឋាភិបាលក្នុង​ស្រុកមួយ​មាន​ការិយាល័យតំណាង​ស្ថិត​នៅ​ក្នុង​ស្រុង​ឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ បាន​មាន​ប្រសាសន៍ថា ក្រុមការងាររបស់អ្នកស្រី បាន​ធ្វើការ​ងារ​យ៉ាងជិតស្និទ្ធិ​ជាមួយ​អាជ្ញាធរមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់​ដើម្បី​ធានាថា អ្នកភូមិទាំងអស់​បាន​ដឹង​អំពីគម្រោងនេះ។

ក្រៅពី​ការប្រើ​ប្រាស់ផូស្ទ័រ ចែកចាយ​ខិតប័ណ្ណ និង​ផ្សព្វផ្សាយ​តាម​មេក្រូនៅតាម​ទីសាធារណៈ ក្រុមការងារ​របស់អ្នក​ស្រី បាន​ចុះ​ទៅ​ដល់តាម​ផ្ទះនីមួយៗ​នៅ​គ្រប់​ភូមិគោលដៅទាំងអស់​ ដើម្បី​ផ្សព្វផ្សាយបង្កើនការយល់ដឹង​អំពី​គម្រោងនេះ ដើម្បី​ឲ្យ​​គ្រួសារ​ដែល​មាន​សិទ្ធិ​ទទួល​ អាច​ដាក់​ពាក្យ​ស្នើសុំ​ដីបាន។ ក្រុមការងារ​របស់អ្នកស្រី​ ក៏​បាន​ធានាផងដែរថា ដំណើរការ​ជ្រើ​សរើស​ ត្រូវ​បាន​ធ្វើឡើង​ប្រកបដោយ​តម្លាភាព។

អ្នកស្រី សុភា បាន​មានប្រសាសន៍ថា “អ្នក​ភូមិខ្លួនឯងផ្ទាល់​បាន​ចូលរួមនិង​បាន​វាយតម្លៃលើ​អ្នកដាក់​ពាក្យ​ស្នើសុំដី​ទាំងអស់។ យើង​បាន​បិតផ្សាយ​លទ្ធផល​ជាសាធារណៈ ដូច្នោះហើយទើប​ យើង​មិន​បាន​ទទួល​ពាក្យបណ្តឹង​ពី​អ្នកភូមិ​ ដែល​មិនត្រូវបានជ្រើសរើស។”

អង្គការ​វឌ្ឍនភាព ជាអង្គការមិនមែនរដ្ឋាភិបាល​ក្នុង​ស្រុកមួយទៀត ក៏​បាន​ដើរតួនាទី​ដូចគ្នានឹង​អង្គការជីវិតថ្លៃថ្នូរ​ដែរ។ លោក សេង វក មន្ត្រីសម្របសម្រួល​កម្មវិធីចូលរួមរបស់​ពលរដ្ឋ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ឃើញថា គម្រោង​នេះ បាន​ជ្រើសរើស​គ្រួសារ​ក្រីក្រពិតប្រាកដ។ យើង​មានមោទនភាពដែលបាន​រួមចំណែក​ក្នុង​ការ​អនុវត្ត​គម្រោងនេះ។”

ការផ្តល់​ដី​ឲ្យ​គ្រួសារ​ក្រីក្រ

ឡាសេដ គឺជាគម្រោង​សាកល្បងមួយ​ដែល​គាំទ្រដល់​កម្មវិធី​សម្បទាន​ដីសង្គមកិច្ចរបស់រដ្ឋាភិបាល និង​ត្រូវ​បាន​អនុវត្ត​នៅ​ថ្នាក់​សហគមន៍។

បណ្ឌិត សារ៉េត បូរ៉ាមី នាយកគម្រោងនៃ​កម្មវិធីឡាសេដ នៃ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍ថា “ឃុំបាន​រកដីដែល​នៅទំនេរ និង​បាន​ដាក់​បញ្ជូន​សំណើរបស់ខ្លួន​មក​ឲ្យ​ក្រសួង​ដើម្បី​សុំការ​គាំទ្រ។ អ្នកទទួលផលពី​គម្រោង​ឡាសេដ រួមមាន គ្រួសារ​ដែ​ល​ក្រី​ក្រនិងគ្មានដី ដោយ​ផ្តល់​អាទិភាព​ទៅលើ​គ្រួសារ​ដែលមាន​កូនច្រើន និងគ្រួសារ​ដែលមាន​ស្ត្រី​ជាមេគ្រួសារ។”

សម្រាប់ លោក​ យឿន ភឿន មេឃុំរស្មីសាម​គ្គី ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ គាត់​ជឿជាក់ថា គម្រោងនេះកំពុងតែ​ជួយ​ពួកគាត់​អនុវត្ត​នូវ​ផែនការ​កាត់​បន្ថយភាព​ក្រីក្រ​របស់ខ្លួន​។ គ្រួសារ​មួយចំនួនក្រីក្រណាស់ ហើយ​គ្មាន​ដី​នៅ​​ជាច្រើន​ឆ្នាំមកហើយ ក៏ប៉ុន្តែ គម្រោង​នេះ​បាន​ផ្តល់​ដី​ដល់​ពួកគាត់​និង​ផ្តល់​ការគាំទ្រផ្នែក​ជីវភាព​រស់នៅ​ទៀតផង។ ខ្ញុំ​នៅ​ចងចាំថា មាន​អ្នកភូមិក្រីក្រមួយចំនួន​បាន​ស្រក់ទឹកភ្នែក​ដោយ​សារ​តែ​សប្បាយ​ចិត្តពេក​​ នៅពេល​ដឹងថា​ពួកគាត់​ត្រូវ​បាន​ជ្រើ​សរើស​ដើម្បី​ទទួល​ដី​។”

គម្រោងនេះ ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទានតាមរយៈ​ឥណទាន​មួយនៃសមាគម​អភិវឌ្ឍន៍អន្តរជាតិរបស់​ក្រុមធនាគារពិភពលោក ដែល​ផ្តល់​នូវ​​ជំនួយ​ឥតសំណង​និង​ប្រាក់កម្ចី​ឥតការប្រាក់​ដល់​ប្រទេសទីទ័លក្រជាច្រើន និង​ GIZ គឺជាសហគ្រាសអន្តរជាតិមួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សហព័ន្ធអាល្លឺម៉ង់ ផ្តល់​នូវ​ជំនួយ​បច្ចេកទេស។

កម្មវិធីស្រដៀងគ្នា​មួយ​ ដែល​ផ្តល់ហិរញ្ញប្បទាន​ដោយ​មូលនិធិ​​អភិវឌ្ឍន៍សង្គមនៃ​ប្រទេសជប៉ុន ដែល​ចាត់ចែង​ដោយ​ក្រុមធនាគារពិភពលោក និង​អនុវត្ត​ដោយ​អង្គការមិន​មែនរដ្ឋាភិបាល​ចំនួនពីរគឺ អង្គការជីវិតថ្លៃថ្នូរ និងអង្គការហាប៊ីតាត កំពុងតែ​អនុវត្ត​ក្របខ័ណ្ឌ​គម្រោង​ឡាសេដនេះ ​នៅក្នុងខេត្ត​បីបន្ថែមទៀតគឺ​ (​ខេត្ត​កំពង់​ស្ពឺ កំពង់ឆ្នាំង និង​បាត់ដំបង) និង​អនុវត្ត​ដោយ​អង្គការ​វឌ្ឍនភាព​នៅក្នុង​តំបន់​គម្រោង​ឡាសេដ។ មូលនិធិអភិវឌ្ឍន៍សង្គមនៃប្រទេស​ជប៉ុន ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ដើម្បី​ផ្តល់​នូវ​ជំនួយ​ឧបត្ថម្ភ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋទី​ទ័ល​ក្រនិង​ងាយរងគ្រោះជាង​គេបំផុត។

លទ្ធផល​សម្រេចបាន​

  • ផ្ទៃដីទំហំ ១៤.១២០,៨៩ ហិចតា ត្រូវ​បាន​ធ្វើ​អនុប្រយោគពី​ដី​សាធារណៈរបស់​រដ្ឋ​ទៅ​ជា​ដីឯកជន​របស់រដ្ឋ និង​បន្ទាប់មក​ បាន​ប្រគល់​ទៅ​ឲ្យ​គ្រួសារ​ដែល​គ្មាន​ដី​និង​ខ្វះដី​។
  • ប្រជាពលរដ្ឋចំនួន ៣.១៤៨ គ្រួសារ​ បាន​​មកតាំងទីលំនៅ​នៅ​ក្នុង​តំបន់​គម្រោង​ឡាសេដ។ ក្រៅពីនេះ សាលារៀន​ចំនួន៧ ប៉ុស្តិ៍សុខភាព​ចំនួនបី ផ្លូវដី​ប្រវែង ១៩៨,២១គីឡូម៉ែត្រ អណ្តូងចំនួន ២២៣ និង​បង្គន់អនាម័យ​ចំនួន ២.៦៨៦ ​ត្រូវ​បាន​សាងសង់​។
  • តាមរយៈ​គម្រោង​ស្រដៀង​គ្នា​ដែលគាំទ្រ​ដោយ​មូលនិធិ​អភិវឌ្ឍន៍សង្គមនៃប្រទេសជប៉ុន ប្រជាពលរដ្ឋ​ចំនួន ១.២៣៩គ្រួសារបន្ថែមទៀត បាន​ទទួល​ដី​ពីគម្រោងនេះ​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ និង​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ចំនួន ២៥៦គ្រួសារ​ទៀត ទទួលបាន​ដី​​នៅក្នុង​ខេត្ត​បាត់​ដំបង​។ ក្រៅពីនេះ សាលារៀនចំនួនពីរ ប៉ុស្តិ៍​សុខភាព​ចំនួនពីរ ផ្លូវ​ដីចំនួន ៦៣,៣៥​គីឡូម៉ែត្រ​ ស្ពានចំនួនមួយ និង​លូ​កាត់​ផ្លូវ​រំដោះទឹក​ច្រើនជាង​​៣០កន្លែង ត្រូវ​បាន​សាងសង់​​នៅ​ក្នុង​តំបន់​គម្រោង​ដែលពាក់ព័ន្ធទាំងនេះ។​ 


Api
Api