រឿងពិសេស

ផ្សារភ្ជាប់ជាមួយរដ្ឋបាលមូលដ្ឋាន ដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅកម្ពុជា

2 កុម្ភៈ 2015


World Bank Group


នៅដើមសតវត្សទី ២១ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅជាក់លាក់មួយ ដើម្បីសម្រេចឲ្យបាននូវការគ្របដណ្តប់អនាម័យទូ​ទាំង​ប្រ​ទេស​នៅឆ្នាំ ២០២៥។ ក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ការខិតខំប្រឹងប្រែងកាន់​តែ​មាន​ការ​កើន​ឡើង​ ដើម្បីសំរេចជោគជ័យនូវ​គោលដៅនេះ តាមរយៈ​ការ​ធ្វើ​ផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់  អនាម័យនៅជនបទ ដែលបានអនុម័ត ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅដើមឆ្នាំ ២០១៤។

លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថាប័នរបស់​រាជ​រដ្ឋាភិបាលទទួលខុសត្រូវលើកិច្ចការអនាម័យជនបទបានមានប្រសាសន៍ថា “ជាមួយនឹងកិច្ចសហការនិងការសម្របសម្រួលនាពេលបច្ចុប្បន្ន ជាមួយដៃគូអភិវឌ្ឍន៍នៃវិស័យនេះ ខ្ញុំមានជំនឿថា យើងនឹងអាចឈានដល់គោលដៅឆ្នាំ ២០២៥ នេះជាមិនខាន”។

កម្មវិធីទឹកស្អាតនិងអនាម័យ (WSP) នៃក្រុមប្រតិបត្តិការសកល វិស័យទឹក (Water Global Practice) របស់ធនាគារពិភពលោក កំពុងចូលរួមគាំទ្រ រាជ​រដ្ឋាភិបាលក្នុងការផ្តល់សេវាអនាម័យ​​ជូន​ប្រ​ជា​ជន​ជាទ្រង់ទ្រាយធំប្រកប​ដោយនិរន្តរភាព និងកំពុងផ្តល់យោបល់ដល់រដ្ឋាភិបាលថ្នាក់ជាតិអំពីផែនការអនុវត្តការផ្តល់សេវា​អនាម័យតាមបែបវិជ្ឈមការ ដើម្បី​ឲ្យ​​រដ្ឋ​បាលថ្នាក់ស្រុកនិងឃុំ ទទួលយកអណត្តិសម្រាប់អនុវត្តកម្មវិធីអនាម័យ នេះ។

សមត្ថភាពមន្រ្តីថ្នាក់ស្រុកនិងឃុំនៅមូលដ្ឋានគឺជាគន្លឹះនៃភាពជោគជ័យក្នុងការលើកកម្ពស់អនាម័យ ព្រោះ​​​អាច​​ធ្វើ​ ​ឱ្យអ្នកដែលនៅជិតបញ្ហានិងយល់ដឹងពីបរិបទមូលដ្ឋានជាងគេ អាចប្រមែប្រមូលប្រជាពលរដ្ឋ និងវិស័យឯកជននៅមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយនានា។ “រដ្ឋបាលមូលដ្ឋានកំពុងតែចូលរួមធនធាន ដែលរួមមានទាំងហិរញ្ញប្បទានផងក្នុងការផ្តល់សេវាអនាម័យជនបទ​“​ លោក ចាន់ វីរៈ អ្នកឯកទេសផ្នែកទឹកស្អាតនិងអនាម័យនៃកម្មវិធីទឹកស្អាតនិងអនាម័យរបស់ធនាគារពិភពលោក (WSP) បានពន្យល់ថា “បច្ចុប្បន្ន ឃុំខ្លះបានបែងចែកថវិការបស់ខ្លួនមួយផ្នែកសំរាប់ការងារអនាម័យ ដែលជាជំហានដ៏ធំមួយ ឆ្ពោះទៅកាន់ការសំរេចដោយជោគជ័យនូវការទទួលបានអនាម័យទូ​ទាំង​ប្រ​ទេស”។

ស្រុកនិងឃុំកំពុងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងដៃគូផ្សេងទៀត ក្នុងការផ្សារភ្ជាប់ស្ថាប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ (MFIs) ដើម្បីជួយផ្តល់ ប្រាក់កម្ចីខ្នាតតូចដល់គ្រួសារក្រីក្រដែលមានការខ្វះខាតប្រាក់កាស ក្នុងការទិញបង្គន់អនាម័យ។ គម្រោងហិរញ្ញប្បទានសាកល្បងដែលមានរយៈពេល ៩ ខែសម្រាប់ អនាម័យជនបទនៅខេត្តកណ្តាល អាចឲ្យុគ្រួសារចំនួន ១៩៩៤ អាចទិញបង្គន់អនាម័យដោយបង់រំលោះ ដែលនេះ ជា ភស្តុតាងថា ការទទួលបានហិរញ្ញប្បទានអាចពន្លឿនការទទួលបានបង្គន់អនាម័យប្រសើរជាងមុនសំរាប់គ្រួសារនានា ដោយរួមមានទាំងគ្រួសារក្រីក្រផងដែរ ។ ការទទួលបានប្រាក់កម្ចីរបស់គ្រួសារដែលខ្វះខាតថវិកាគឺមានសារៈសំខាន់សំរាប់ធានាថា ពួកគាត់មានឱកាសទិញបង្គន់អនាម័យ។ ​ទោះជាយ៉ាងណា គ្រួសារ ក្រីក្របំផុតដែល រកប្រាក់ចំណូលបានតិចជាង ១,២៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ នៅតែមិនអាចទទួលបានប្រាក់កម្ចីដដែល ដោយសារពួកគាត់ត្រូវបានសន្មត់ថា មិនមានលទ្ធភាពសង ត្រឡប់វិញបាន។

បន្ថែមលើការផ្តល់ហិរញ្ញប្បទាន គំនិតឆ្នៃប្រឌិតថ្មីៗក្នុងការបង្កើតគំរូ​បង្គន់​ ការផលិត និងការផ្គត់​ផ្គង់​ផលិត​ផល​​បង្គន់ ​​​បាន​​ជួយឱ្យ​​​ផលិត​ផល​បង្គន់មាន​​តម្លៃ​​​ទាប ដែល​បាន​​ជួយ​ប្រ​ជា​ជន​​​កាន់​តែ​មាន​លទ្ធ​ភាពទទួលបានអនាម័យគ្រប់ៗគ្នា។ គេបានឃើញកិច្ចការនេះរួចទៅហើយនៅប្រទេសកម្ពុជាតាមរយៈគម្រោង​បង្កើត​បង្គន់ងាយស្រួល (Easy Latrine) ដែលជាបង្គន់អនាម័យចាក់ទឹកមានតម្លៃថោកដែល​អាចឱ្យប្រជាពលរដ្ឋទិញបាន​ ហើយការអភិវឌ្ឍន៍និងការបង្កើតទីផ្សារថ្មីរបស់គម្រោងនេះទទួលបានការគាំទ្រពីធនាគារពិភពលោក។ ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ តាំងពីការចាប់ផ្តើមគម្រោងនេះមក បង្គន់អនាម័យប្រភេទនេះចំនួនប្រមាណ ១៧០០០០ ត្រូវបានលក់ចេញដោយសហគ្រិន​នៅថ្នាក់មូល​ដ្ឋាន ដែលការនេះបង្ហាញថា សហគ្រាសមូលដ្ឋានអាចរកប្រាក់ចំណេញបានពីការផលិតនិងការលក់បង្គន់អនាម័យដែលមានតម្លៃថោក និងអាចឱ្យប្រជាពលរដ្ឋមួយចំនួនធំដែលមានប្រាក់ចំណូលតិចតួចមានលទ្ធភាពទិញ។ នេះជាឧទាហរណ៍ មួយ​ដែល​បង្ហាញ​ថា​ការ​រាប់បញ្ចូលនូវបរិបទមូលដ្ឋាន តម្រូវការរបស់​អ្នកទិញ និងលទ្ធភាពទិញបានរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់ក្នុង​ការ​ជួយឱ្យប្រទេសនានា ដូចជាប្រទេសកម្ពុជាជាដើម សំរេចបានដោយជោគជ័យនូវគោលដៅនៃការទទួលបានអនាម័យទូ​ទាំង​ប្រ​ទេស​។


Image

ក្នុងពេលថ្មីៗនេះ អ្នកស្រី ម៉ៅ សុគន្ធា ដែលជា​ប្រជា​ជន​ ក្នុងភូមិថ្មី  ខេត្តកណ្តាលប្រទេសកម្ពុជា បានសង់បង្គន់អនាម័យចាក់ទឹកមួយនៅក្រៅផ្ទះ ដែលកូនប្រុសនិងកូនស្រីគាត់ជាអ្នកចេញលុយ តាមរយៈការបង់ប្រាក់រំលោះប្រចាំខែចំនួន ២៥ ដុល្លារអាមេរិក ក្នុង១ខែ។

Zita De Pooter/World Bank

" ជាមួយនឹងកិច្ចសហការនិងការសម្របសម្រួលនាពេលបច្ចុប្បន្ន ជាមួយដៃគូអភិវឌ្ឍន៍នៃវិស័យនេះ ខ្ញុំមានជំនឿថា យើងនឹងអាចឈានដល់គោលដៅឆ្នាំ ២០២៥ នេះជាមិនខាន "
Image

លោក ជ្រាយ ប៉ុម

ប្រធាននាយកដ្ឋានថែទាំសុខភាព ជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការសំរេចនូវការគ្របដណ្តប់អនាម័យទូទាំងប្រទេសនៅឆ្នាំ ២០២៥


លោកស្រី សាន សុផាន ដែលជាអ្នកសម្របសម្រួល អនាម័យឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកស្រី្តនិងកុមារ បាន សួរអ្នកចូលរួមក្នុងការប្រជុំផ្សព្វផ្សាយចំណេះដឹងអំពីអនាម័យថា៖ “តើអ្នកណាខ្លះមានបង្គន់អនាម័យនៅផ្ទះ?” មានតែអ្នកភូមិដែលអង្គុយមុខគាត់ប្រមាណមួយភាគបួនប៉ុណ្ណោះបានលើកដៃឡើង។

លោកស្រី សុផានកំពុងសម្របសម្រួលការប្រជុំស្តីពីការយល់ដឹងផ្នែកអនាម័យនៅភូមិថ្មី ដែលជាភូមិតូចមួយនៅជនបទមានប្រជាជនចំនួន ១៤៦ គ្រួសារ ក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ដែល​ជា​ប្រទេស​មានអត្រានៃការបន្ទោរបង់ពាសវាលពាសកាលខ្ពស់ជាងគេបំផុតនៅអាស៊ីបូព៌ា ក្នុងអត្រាចំនួន ៥១%។ ការប្រជុំនេះផ្តោតលើ ការ​ប៉ះ​ពាល់​​របស់​បង្គន់​អនាម័យលើ​សេចក្តីថ្លៃថ្នូរ ភាពងាយស្រួល និងសុវត្ថិភាព ក្នុងគោលដៅបង្កើនចំនួនគ្រួសារដែលប្រើប្រាស់បង្គន់អនាម័យនោះ។

ក្នុងចំណោមអ្នកចូលរួមការប្រជុំនោះ អ្នកស្រី​ សរ មិច មិនបានលើកដៃ ឡើយ។ គាត់គ្មានបង្គន់អនាម័យនៅផ្ទះទេ មានន័យថា គាត់ ស្វាមីគាត់ កូនគាត់ និងចៅទាំងបីរបស់គាត់ត្រូវដើរទៅ វាលស្រែជិតៗនោះ ដើម្បីបន្ទោរបង់។ អ្នកស្រី សរ មិចយល់ដឹងយ៉ាងច្បាស់ពីផលប៉ះពាល់អវិជ្ជមាននៃការបន្ទោរបង់ពាសវាលពាសកាល មកលើសុខភាពគ្រួសារគាត់ ព្រោះគាត់​ក៏​បានអនុវត្តសកម្មភាពអនាម័យផ្សេងទៀត ដូចជាការផឹកទឹកដំាពុះនិងការលាងសំអាតដៃជាដើម​ផង​ដែរ​។ គាត់ចង់បានបង្គន់អនាម័យមួយ តាំងពីគាត់បានចូលរួមប្រជុំស្រដៀងគ្នានេះកាលពីខែមុនម៉្លេះ គ្រាន់តែគាត់ និងគ្រួសារគ្មានលទ្ធភាពទិញតែប៉ុណ្ណោះ។

ប៉ុន្តែ នៅក្នុងកិច្ចប្រជុំលើកនេះ លោកស្រី សុផានដែលបានទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធីទឹកស្អាត និងអនាម័យរបស់ធនាគារពិភពលោក (WSP) បាន​សហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅមូលដ្ឋាន ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋក្នុងភូមិ ដែលមានបំណងចង់ទិញបង្គន់អនាម័យ។​ នៅក្នុង ប្រជុំលើកនេះ អ្នកស្រី សរ មិច ទទួលបានប្រាក់កម្ចីចំនួន ៥០ដុល្លារអាមេរិក ដែលអាចឱ្យគាត់ទិញចានបង្គន់អនាម័យចាក់ទឹកនិងទម្រផ្នែកក្រោម។ បង្គន់អនាម័យនេះនឹងជួយអ្នកស្រី សរ មិច និងក្រុមគ្រួសារ បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ជួយកាត់បន្ថយការគំរាមកំហែងផ្នែកសុខភាព ដូចជាជម្ងឺរាក ដែលបង្កឡើងពីការចម្លងមេរោគពីការបន្ទោរបង់ពាសវាលពាសកាល។ គាត់កំពុងមានគម្រោងសន្សំប្រាក់សំរាប់សាងសង់ជញ្ជាំងដែលជាប់ជុំវិញបង្គន់អនាម័យ ប៉ុន្តែឥឡូវនេះ គាត់និងក្រុមគ្រួសារយកភួយចាស់មករុំសិន ដើម្បីបិទបាំង។

នៅប្រទេសកម្ពុជា​ ​មានប្រជាជនជាង​ពាក់កណ្តាល​នៃចំនួនប្រជាជនសរុប ខ្វះ​លទ្ធភាពទទួល​បាន​អនាម័យល្អប្រសើរ។ នៅតំបន់ជនបទ ស្ថាន​ភាព​នេះរឹតតែអាក្រក់ថែមទៀត ដោយ ៨៦% នៃ ប្រជាជនក្រីក្រជាងគេនៅជនបទនៅតែបន្ទោរបង់ពាសវាលពាសកាលនៅឡើយ។ កង្វះខាតនៃការទទួលបានអនាម័យបានដាក់បន្ទុកផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋកម្ពុជានៅជនបទ ដែលមានតាំងពីអត្រាមរណភាពកុមារដោយសារជម្ងឺរាកក្នុងកំរឹតខ្ពស់ រហូតដល់ការរារាំងការរីកធំធាត់របស់កុមារ (បង្កឲ្យកុមារក្រិន) និងការអភិវឌ្ឍន៍របស់កុមារយឺតថែមទៀតផង

ទិន្នន័យថ្មី​បំផុត: 4 កុម្ភៈ 2015



Api
Api